ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ទូលថ្វាយព្រះមហាក្សត្រ និងសម្ដេចម៉ែ ពីការផ្លាស់ប្តូរថ្ងៃកំណើត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែមិថុនា​នេះ បាន​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែមិថុនា​នេះ បាន​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ នរោត្តម មុនិនាថ​សីហ​នុ អំពី​ផ្លាស់​ប្តូរ​ថ្ងៃកំណើត​របស់​សម្តេច​ពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​១៩៥១ ទៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​១៩៥២ ។

តាម​រយៈ​លិខិត នៅ​ថ្ងៃ​ទី​២២ មិថុនា សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា «​ទូលព្រះបង្គំជាខ្ញុំ​សូម​ព្រះ​បរម​រាជានុញ្ញាត​ក្រាប​បង្គំ​ទូល​ថ្វាយ អង្គ​សម្តេចម៉ែ សូម​ប្រោស​ព្រះរាជ​មេត្តា​ទ្រង់​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​បំផុត​អំពី​ការ​កែតម្រូវ​ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​របស់​ទូលព្រះបង្គំជាខ្ញុំ​ពី​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​១៩៥១ ទៅ​ជា​ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​ពិតប្រាកដ​វិញ គឺ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​១៩៥២ ត្រូវ​នឹង​ថ្ងៃ​អង្គារ ១៥​កើត ខែ​ស្រាពណ៍ ឆ្នាំរោង ចត្វា​ស័ក ពុទ្ធសករាជ​២៤៩៦ តាម​ដីកា​សម្រេច​លេខ ៧៣៨ “​ក​” ដ​.​ម ចុះ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​» ។

សម្ដេច​តេ​ជោ បាន​រៀបរាប់​ថា តប​តាម​សេចក្ដី​អំពាវនាវ​របស់​ព្រះ​វររាជ​បិតា​ជាតិ សម្ដេចព្រះ​មហា​វីរក្សត្រ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ នា​អំឡុង​ឆ្នាំ​១៩៧០ ទូលព្រះបង្គំជាខ្ញុំ​បាន​ចូល​ព្រៃម៉ាគី ដើម្បី​តស៊ូ​ប្រឆាំង​នឹង​ក្រុម​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ និង​ការ​ឈ្លានពាន​របស់​បរទេស ។

ក្នុង​សម័យកាល​សង្គ្រាម​នោះ​ទូលព្រះបង្គំជាខ្ញុំ​បាន​កំណត់​យក​ថ្ងៃ​ដែល​ទូលព្រះបង្គំជាខ្ញុំ​ចូល​តស៊ូ​ធ្វើ​ជា​ថ្ងៃកំណើត​តែ​ម្ដង គឺ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​១៩៥១ និង​បាន​ប្រើប្រាស់​នា​ពេល​កន្លង​មក ។ សម្ដេច​បញ្ជាក់​បន្ថែម​ថា ការ​កែតម្រូវ​នេះ​មាន​ភាព​ចាំបាច់ ដើម្បី​កំណត់​យក ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​របស់​ទូលព្រះបង្គំជាខ្ញុំ​ឱ្យ​បាន​ត្រឹមត្រូវ តាម​ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​ពិត គឺ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​១៩៥២ ត្រូវ​នឹង​ថ្ងៃ​អង្គារ​១៥​កើត ខែ​ស្រាពណ៍ ឆ្នាំរោង ចត្វា​ស័ក ពុទ្ធសករាជ ២៤៩៦ និង​ដើម្បី​ជៀសវាង​នូវ​ការ​ភាន់ច្រឡំ​ពី​សំណាក់​ឥស្សរ​ជនជាតិ និង​អន្តរជាតិ​ប្រជាពលរដ្ឋ ព្រមទាំង​មហាជន​ទូទៅ​ដែល​បាន​ផ្ញើ​សារលិខិត​ជូនពរ​ថ្ងៃ​ចម្រើន​ជន្មាយុ​របស់​ទូលព្រះបង្គំជាខ្ញុំ​ដល់​ទៅ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ។

ទាក់ទិន​នឹង​ការ​កែតម្រូវ​ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ផ្ញើ​សារលិខិត​ជូនដំណឹង​ដល់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា , សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ជនរួមជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ