ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រូវ​ហ៊ាន​រាយការណ៍ ចំពោះ​ជន​ណា​ទន្ទ្រាន​យក​ដី​តំបន់​បី

3 ឆ្នាំ មុន
  • កំពង់ធំ

ប្រជាពលរដ្ឋ​ត្រូវ​ហ៊ាន​រាយការណ៍​មក​សមត្ថកិច្ច ចំពោះ​ជន​ណា​ហ៊ាន​ទន្ទ្រាន​យក​ដី​តំបន់​បី ដែល​ត្រូវ​បាន​កាត់​ឆ្វៀល​រួច​ហើយ នេះ​បើ​តាម​លោក

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​ត្រូវ​ហ៊ាន​រាយការណ៍​មក​សមត្ថកិច្ច ចំពោះ​ជន​ណា​ហ៊ាន​ទន្ទ្រាន​យក​ដី​តំបន់​បី ដែល​ត្រូវ​បាន​កាត់​ឆ្វៀល​រួច​ហើយ នេះ​បើ​តាម​លោក សុខ ហៃ អភិបាលរង​ខេត្តកំពង់ធំ ដែល​​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២២ នៅ​ក្នុងអំឡុងពេល​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ចុះ​ជួប​ប្រជាពលរដ្ឋ ស្ថិត​នៅ​ទីតាំង​ដី​តំបន់​ខ្ទម​រាយ ក្នុងភូមិ​ខ្សាច់​ជី​រស់ ឃុំ​កំពង់​គោ (​នៅ​ខាងជើង​ស្ទឹង​) ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុង​ពេល​នោះ លោក និង​ក្រុមការងារ បាន​ចុះ​ពិនិត្យ និង​បោះបង្គោល​ទីតាំង​ដី​តំបន់​៣ ដែល​សម្តេច​តេ​ជោ ប្រកាស​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​តាម​លិខិត​លេខ ៣៩៣ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២២ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​រួច​ហើយ​នោះ ចំពោះ​ជន​ណា​ដែល​ហ៊ាន​មក​ទន្ទ្រាន​ដី​តំបន់​បី ក្រៅពី​បាន​ប្រកាស​ឆ្វៀល​ឲ្យ​នេះ ពលរដ្ឋ​ត្រូវ​ប្តឹង​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដើម្បី​មាន​វិធានការ​ចំពោះ​អ្នក​ប្រព្រឹត្តិ​បទល្មើស​។

ហើយ​ក្រោយ​ពី​ការ​កាត់​ឆ្វៀល​រួច ប្រជាពលរដ្ឋ​មាន​សិទ្ធិ​អាស្រ័យ​ផល និង​ធ្វើការ​ទិញ​លក់​បាន​ដោយ​ស្របច្បាប់ ចំពោះ​អ្នក​ដែល​មាន​ព្រំ​ដី​ជាប់​ជាមួយនឹង​ដី​របស់​រដ្ឋ ត្រូវ​រួម​គ្នា​ដាំ​ដើមឈើ​ឡើង​វិញ ហាម​កា​.​ប់​ភ្ជួរ​រាស់​ពង្រីក​បន្ថែម​ទៀត​ជា​ដាច់ខាត និង​ចូលរួម​ការពារ​មិន​ឲ្យ​អ្នក​ណា​ផ្សេង​មក​អាស្រ័យ​ផល​ឡើយ ។

ចំពោះ​ការ​ដាំ​បង្គោល​បោះបង្គោល​ព្រំ ត្រូវ​បោះ​ឲ្យ​បាន​ជាប់ ហើយ​ក៏​មិនមែន​បង្គោល​ចេះ​ដើរ​នោះ​ដែរ ក្រុមការងារ​នឹង​ធ្វើការ​ត្រួតពិនិត្យ​មើល​បង្គោលព្រំ​រៀង​រាល់​ប្រាំមួយ​ខែ​ម្តង ដោយ​មាន​និយាម​ការណ៍​កំណត់​ច្បាស់លាស់ ប្រសិនបើ​ក្រុមការងារ​ពិនិត្យ​រក​ឃើញ​ថា បងប្អូន​ណា​មានការ​បង្ខិត​បង្គោលព្រំ បងប្អូន​នោះ​នឹង​ត្រូវ​ទ​ទួ​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ។

ចុង​ក្រោយ លោក​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​បោះបង្គោល​ព្រំ​ឲ្យ​បាន​ឆាប់ និង​រួម​គ្នា​ថែរក្សា​ការពារ​ដាំ​ដើមឈើ​ឡើង​វិញ សម្រាប់​កូនចៅ​របស់​យើង​ជំនាន់​ក្រោយ ។

គួរ​បញ្ជាក់​ថា ដី​តំបន់​បី នៅ​ស្រុក​កំពង់ស្វាយ ដែល​ត្រូវ​កាត់​ឆ្វៀល​ជូន​ប្រជា​ព​រដ្ឋ​មាន​ចំនួន​៤,០៧៣ ហិច​តា ស្មើនឹង​៩៤០​ក្បាលដី នៅ​ក្នុង​ប្រជា​ពរ​រដ្ឋ​ចំនួន​៨៦០​គ្រួសារ ដោយឡែក​ឃុំ​កំពង់​គោ មាន​ចំនួន​២,៨២៧​ហិ​កតា ។

ពិធី​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​ការ​សប្បាយ​រីករាយ​ពី​ពលរដ្ឋ ប្រជាពលរដ្ឋ​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ការ​សម្រេច​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​លោក​បានដឹង​ពី​សុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ