ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានរាយការណ៍ថា សាកសពបុរសម្នាក់ហើយស្អុយរលួយ ហើយត្រូវអ្នកភូមិប្រទះឃើញនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា នៅលើដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។ សាកសពបុរសនោះគ្មានអាវទេ តែស្លៀកខោខូវប៊យជើងវែងពណ៌ខ្មៅ។ ស្ត្រីម្នាក់បានប្រទះឃើញសាកសពនេះ នៅពេលដែលគាត់ដឹកគោទៅឲ្យស៊ីស្មៅនៅដីចម្ការខាងក្រោយភូមិ ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់អាជ្ញាធរដែនដី និងសមត្ថកិច្ចឲ្យចុះត្រួតពិនិត្យតែម្ដងទៅ។
មន្ត្រីមូលដ្ឋានបាននិយាយថា គេមិនទាន់ស្គាល់អត្តសញ្ញាណសាកសពនោះនៅឡើយទេ សូម្បីតែភិនភាគក៏មិនមានអ្នកធ្លាប់ឃើញដែរ ព្រោះសាកសពមានសភាពហើមរលួយមើលលែងស្គាល់ទៅហើយ។ មន្ត្រីដដែលបន្តថា សមត្ថកិច្ចជំនាញ រួមទាំងអាជ្ញាធរដែនដីផង បានចុះទៅពិនិត្យសាកសពនោះ តែមិនទាន់ហ៊ានសន្និដ្ឋានបាននៅឡើយទេ។ ប៉ុន្តែមន្ត្រីជំនាញគ្រាន់តែសង្ស័យថា សាកសពបុរសនេះ អាចជាជនអនាថា ហើយបុរសនេះទំនងស្លាប់ដោយសារខ្យល់គរ ដែលបណ្ដាលមកពីដាច់អាហារ។
ទោះជាបែបណា នេះគ្រាន់តែជាការសន្និដ្ឋានបឋមប៉ុណ្ណោះ ហើយសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្តទៀត ក្រែងបានស្គាល់អត្តសញ្ញាណ និងមូលហេតុ នៃការស្លាប់របស់បុរសនេះ។ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍ថា អាជ្ញាធរបានសម្រេចបូជាសាកសពនោះហើយ មិនអាចទុកយូរបានទេ៕
ចែករំលែកព័តមាននេះ