រាជធានីភ្នំពេញ ៖ ផ្ទៃបឹងតាមោក ដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ កំពុងរួញចូលបន្តិចម្ដងៗ ដោយសារតែសកម្មភាពចាក់ដីលុបបឹង ក្រោមរូបភាពនៃការអភិវឌ្ឍ ។ ដោយមើលឃើញការចាក់ដីលុបបឹងបែបនេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានចោទជាសំណួរថា តើអ្នកមានស្រុកខ្មែរ ពេលណាទើបលែងចង់មានបាន ដោយសារលុបបឹង ?
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់លោកបណ្ឌិត សុខ ទូច បានឲ្យដឹងយ៉ាងដូច្នេះថា «ព្រឹកនេះ ខ្ញុំធ្វើដំណើរមកកន្លែងធ្វើការ ឃើញគេចាក់ដីលុបបឹងតាមោក ខ្ញុំទប់អារម្មណ៍មិនបាន ប្រើភាសាមិនពិរោះស្ដាប់ ។ តើអ្នកមានស្រុកខ្មែរ ពេលណាទើបលែងចង់មានបាន ដោយសារ លុបបឹង ?» ។
លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ដូនតាសម័យយអង្គរ លោកបានជីកស្រះ ជីកបារាយណ៍ ជីកកសិន្ធ ដើម្បីរក្សាទឹកទុក សម្រាប់ធ្វើកសិកម្ម ឬទប់ទឹកជំនន់ ចុះហេតុអ្វីអ្នកមានសម័យថ្មី លុបបឹងដើម្បីតែផលប្រយោជន៍ដុល្លារតែមួយគត់ ហើយអ្នកនិយាយថា ធ្វើដើម្បីបុព្វហេតុដូនតារបស់ខ្មែរ ។
បន្ថែមលើនេះ លោកបណ្ឌិតសភាចារ្យ បានចោទជាសំណួរថា តើអ្នកមិនមើលរាល់ប្រាសាទរបស់ខ្មែរណា ដែលមិនមានកសិន្ធ តើទីតាំងដែលខ្មែររស់នៅពីដើមកន្លែងណាមួយ ដែលមិនមានប្រព័ន្ធទឹក និងស្រះដើម្បីរក្សាទឹក ? ៕










ចែករំលែកព័តមាននេះ