រាជធានីភ្នំពេញ ៖ លោក កឹម សុខា ហាក់ជាអ្នកនយោបាយមួយរូបដែលរងការចោទប្រកាន់ពីការបែកធ្លាយសារសំឡងច្រើនជាងគេ ។ ទោះបីគ្មានការស្រាវជ្រាវដោយឯករាជ្យបញ្ជាក់ឲ្យច្បាស់លាស់ថាសំឡេងដែលបែកធ្លាយទាំងនោះ ពិតជាសំឡេងរបស់លោកក្តី ឬមិនពិតក្តី និងថា អ្នកណាធ្វើឲ្យបើកធ្លាយក្តី ។

មានពេលខ្លះ លោកកឹម សុខា ក៏បានបដិសេធថា សម្តីរបស់លោកត្រូវបានគេយកទៅកាត់តខុសខ្លឹមសារដើមក្តី តែការបែកធ្លាយសារសំឡេងភាគច្រើនធ្វើឲ្យលោកខាត់បង់ប៉ះពាល់កិត្តិយស និងបានឃុំខ្លួននៅក្នុងទីស្នាក់ការគណបក្សជាដើម ។ គ្រាន់តែលោកបានក្លាយជាអនុប្រធានអតីតគណបក្សសង្គ្រោះជាតិមិនបានប៉ុន្មានខែផង នៅអំឡុងឆ្នាំ២០១៣ មានការផ្ទុះបាតុកម្មដ៏សកម្មមួយប្រឆាំងនឹងលោក បន្ទាប់ពីមានការបែកធ្លាយខ្សែអាត់សំឡេងលោកបាននិយាយថា គុកទួលស្លែងជាគុកសិប្បនិម្មិត ។

កាលនោះក្រុមបាតុករ បានទាមទារឲ្យលោកសុំទោសជនរងគ្រោះ ក្នុងរបបខ្មែរក្រហមជាសាធារណៈ ។ ប៉ុន្ដែលោកបានបដិសេធថា មិនបាននិយាយដូចការចោទនោះឡើយ ។ លុះមកដល់ឆ្នាំ២០១៦ លោក កឹម សុខា ចោទប្រកាន់ថា មានស្នេហាលួចលាក់ជាមួយនារីធ្វើការនៅហាងកាត់សក់មួយឈ្មោះ កញ្ញា ខុម ចាន់តារាទី ។ សារសំឡេងដែលគេចោទថា ជាសំឡេងលោក និងនាងខុម ចាន់តារាទី ជាច្រើនឈុតដូចរឿងភាគត្រូវបានធ្លាយចេញមកបន្តបន្ទាប់ ។ ដោយសារករណីនេះ លោក កឹម សុខា ត្រូវបង្ខំចិត្តបង្ខាំងខ្លួនឯងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិអស់ជាច្រើនខែ ។

តុលាការកោះហៅលោកទៅបំភ្លឺជាច្រើនលើក នៅក្នុងសំណុំរឿងនេះ ប៉ុន្តែលោកបដិសេធមិនព្រមទៅបំភ្លឺតាមការកោះហៅនោះទេ ។ ក្រោយការចាប់ខ្លួនលោក កឹម សុខា ពីបទចោទអំពើក្បត់ជាតិតាំងពីដើមខែកញ្ញា ឆ្នាំ២០១៧មក នៅពេលថ្មីៗនេះលោកត្រូវបានរងគ្រោះពីការបែកធ្លាយសារសំឡេងសារជាថ្មីទៀត ។
សម្តីរបស់លោកមានប្រសាសន៍នៅក្នុងតុលាការពីការបញ្ចប់សម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី ត្រូវបានធ្លាយជាសាធារណៈ ។ ហើយចុងក្រោយនេះ ការលើកឡើងរបស់លោកពីអតីតសហការីខ្លួន គឺលោក ប៉ុល ហំ និងលោក យ៉ែម បុញ្ញាឬទ្ធិ ក៏ត្រូវគេលួចមកផ្សាយដោយមិនដឹងខ្លួនដែរ ។
លោក លោក កឹម សុខា បានចូលធ្វើនយោបាយតាំងពីឆ្នាំ១៩៩២ មក ។ ពីដំបូង លោកចូលរួមជាមួយគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់លោកតា សឺន សាន ។
លោក កឹម សុខា មានឈ្មោះបោះសំឡេងនៅកម្ពុជាចាប់ពីលោកបានបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅឆ្នាំ២០០២មក ៕
ចែករំលែកព័តមាននេះ