រឿងកូនប្រុសនិងកូនប្រសាស្រីលែងលះគ្នា បែរជាស្ត្រីចំណាស់ជាម្តាយម្ចាស់ផ្ទះរងទុក្ខធំ
ខេត្តព្រៃវែង ៖ ស្ត្រីវ័យចំណាស់ម្នាក់បានអះអាងថា រូបគាត់បច្ចុប្បន្ននេះកំពុងតែព្រួយបារម្ភពីរឿងអត់ទីជម្រក
ខេត្តព្រៃវែង ៖ ស្ត្រីវ័យចំណាស់ម្នាក់បានអះអាងថា រូបគាត់បច្ចុប្បន្ននេះកំពុងតែព្រួយបារម្ភពីរឿងអត់ទីជម្រក
ខេត្តព្រៃវែង ៖ ស្ត្រីវ័យចំណាស់ម្នាក់បានអះអាងថា រូបគាត់បច្ចុប្បន្ននេះកំពុងតែព្រួយបារម្ភពីរឿងអត់ទីជម្រក ដោយសារតែដីនិងផ្ទះដែលគាត់កំពុងរស់នៅត្រូវបានតុលាការកាត់ពុះចែកជា២ ប្រគល់ទៅឲ្យកូនប្រសានិងកូនបង្កើតអស់ ពេលពួកគេលែងលះគ្នា ដែលទាំងដីនិងផ្ទះនេះគឺគាត់មានចំណែកម្នាក់ដែរមិនមែនជារបស់កូនទាំងអស់ទេ ។
ស្រី្តចំណាស់រូបនេះឈ្មោះ សរ សារឿន ហៅ កុយ សារឿន អាយុ៥៣ឆ្នាំ រស់នៅភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ។ គាត់រៀបរាប់ថា នៅឆ្នាំ២០០៥ក្រោយពីកូនប្រុសគាត់ឈ្មោះ មុត សារ៉ា បានរៀបការជាមួយប្រពន្ធឈ្មោះ ចាន់ លីដា ក៏មករស់នៅជាមួយគាត់បាន៦ឆ្នាំ ហើយពួកគេទាំង២នាក់បានទិញដីពីដន្លងរបស់គាត់ឈ្មោះ សម ស៊ុំ ជាឪពុករបស់កូនស្រី ចាន់ លីដា ទំហំ២១ម៉ែត្រគុណនឹង១៩ម៉ែត្រ ក្នុងតម្លៃមាស៤ជី ។ ប៉ុន្តែពេលនោះដោយកូនទាំង២មានមាសតែ១ជី គាត់ជាម្តាយក៏ថែមមាសឱ្យ៣ជីទៀតគឺទិញចូលគ្នា ហើយនៅឆ្នាំ២០០៩ពួកគាត់ក៏បានចូលលុយគ្នាទិញដីខាងក្រោយទៀតទំហំ៤៨ម៉ែត្រគុណ១៨ម៉ែត្រ ក្នុងតម្លៃ១.០០០ដុល្លារ ដោយកូនមានលុយ៥១៥ដុល្លារ ឯគាត់ចូលលុយ៤៨៥ដុល្លារ ។
ស្ត្រីចំណាស់ជាម្តាយរៀបរាប់ទៀតថា នៅឆ្នាំ២០១១ គាត់បានរុះផ្ទះក្បឿងរបស់គាត់ដែលធ្វើអស់ជាង៣តម្លឹងមាស យកមកធ្វើផ្ទះថ្មីនៅលើដីដែលទិញចូលគ្នានេះ ដោយគាត់បានថែមលុយចំនួន១១លាន៩សែនរៀលទៀត ចំណែកកូនបានចូលលុយចំនួន៦លាន២៥ម៉ឺនរៀលនិងមាស២ជី ធ្វើផ្ទះថ្មីបាន១ខ្នងរស់នៅជុំគ្នា ។ ប៉ុន្តែក្រោយពីធ្វើផ្ទះថ្មីបានហើយ ការរស់នៅរបស់កូនៗតែងតែមានភាពរកាំរកូស ចេះតែឈ្លោះគ្នា ហើយរាល់ពេលឈ្លោះគ្នាកូនប្រសាស្រីតែងតែទាមទារយកលុយរបស់ខ្លួនដែលចូលទិញដីនិងធ្វើផ្ទះវិញ ។ ដោយទ្រាំមិនបាន គាត់ក៏សងលុយឱ្យទៅកូនទាំង២វិញនៅឆ្នាំ២០១៤ចំនួន៦លាន២៥ម៉ឺនរៀល ដោយមានសរសេរជាលាយល័ក្ខណ៍អក្សរ និងមានមេភូមិ អនុភូមិ និងសាក្សីប៉ុន្មាននាក់ទៀតដឹងឮផងដែរ ។
ក្រោយមកទៀត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ គាត់បានសងមាសទៅកូនទាំង២នាក់ចំនួន៧ជីកន្លះទៀត ដោយមានសរសេរជាលាយល័ក្ខណ៍អក្សរនិងសាក្សីដឹងឮដូចលើកមុនដែរ ហើយទទួលស្គាល់ថា កូនទាំង២នាក់លែងពាក់ព័ន្ធនឹងដីព្រមទាំងផ្ទះទៀតហើយ ។
ស្រី្តចំណាស់ដដែលបញ្ជាក់ថា ប៉ុន្តែរឿងដែលគួរឱ្យហួសចិត្តនោះ គឺក្រោយពីគាត់ទូទាត់សងលុយដាច់ស្រេចគ្នាហើយ ស្រាប់តែកូនប្រសាស្រីរបស់គាត់ចុះចេញពីផ្ទះទៅបាត់ ហើយ២ថ្ងៃក្រោយមក ស្រាប់តែកូនប្រសាស្រីដាក់ពាក្យប្តឹងទៅតុលាការ ដោយប្តឹងសុំលែងលះកូនប្រុសរបស់គាត់ ហើយទាមទារចែកដី និងផ្ទះជា២ចំណែកស្មើគ្នា ដោយអះអាងថា ជាទ្រព្យសម្បត្តិរកបានក្នុងពេលយកគ្នាជាប្តីប្រពន្ធទៅវិញ ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែគាត់មានលិខិតសងប្រាក់ដែលកូនទាំង២នាក់បានផ្តិតមេដៃទទួលយក និងមានសាក្សី ព្រមទាំងមេភូមិដឹងឮទៀតនោះ ទើបសាលាដំបូងខេត្តកាត់ក្តី ប្រគល់ផ្ទះនិងដីមកឲ្យគាត់ជាម្តាយទាំងអស់ ។ ដោយឡែកកូនទាំង២នាក់សម្រេចឱ្យលែងលះគ្នា រីឯចៅស្រីទាំង២នាក់ប្រគល់ឲ្យម្តាយ ចំណែកឪពុកត្រូវបង់អាហារកិច្ចចិញ្ចឹមកូនក្នុង១ខែ៣០ដុល្លារ ។
ប៉ុន្តែកូនប្រសាស្រីមិនព្រមទទួលយកតាមសេចក្តីសម្រេចនេះទេ ហើយបានដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ទៀត និងក៏មិនដឹងថាគេសំអាងលើមូលដ្ឋានអ្វីទេ ស្រាប់តែនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ សាលាឧទ្ធរណ៍កាត់ឱ្យចែកដីនិងផ្ទះជា២ចំណែកប្រគល់ទៅឱ្យកូនទាំង២ ចំណែកគាត់ជាម្តាយនិងជាម្ចាស់ទ្រព្យបែរជាមិនបានអ្វីសោះ ។ ហេតុនេះហើយទើបគាត់មិនសុខចិត្ត ក៏ប្តឹងទៅតុលាការកំពូលទៀត តែតុលាការកំពូលបែរតម្កល់សាលដីកាសាលាឧទ្ធរណ៍ដដែល ធ្វើឱ្យគាត់ជាម្ចាស់ទ្រព្យមានការខកចិត្តជាខ្លាំង ។ បច្ចុប្បន្ននេះ គាត់កំពុងមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះឮថាកូនប្រសាស្រីគេបានដាក់ពាក្យសុំអនុវត្តសាលដីកាហើយ បើគេអនុវត្តមែននោះតើឲ្យគាត់ទៅរស់នៅកន្លែងណា ។ សូមស្ថាប័នពាក់ពន្ធ័ទាំងអស់ ជួយគាត់ផង គាត់ចាស់ហើយថែមទាំងមានជំងឺទៀត មិនអាចទៅធ្វើអ្វីកើតឡើយ ។
ចំពោះករណីនេះ កូនប្រុសរបស់ស្រី្តចំណាស់ឈ្មោះ មុត សារ៉ា អះអាងថា ទោះបីតុលាការកាត់ចែកដីនិងផ្ទះឲ្យរូបគេ១ចំណែកក៏ដោយ តែរូបគេមិនទទួលយកទេ ព្រោះដីនិងផ្ទះនោះមិនមែនជាទ្រព្យរបស់ខ្លួនឡើយ គឺជាទ្រព្យរបស់ម្តាយ ចំណែកកាតព្វកិច្ចចិញ្ចឹមកូនរូបគេសុខចិត្តទទួលយក ។ ចំណែកកូនប្រសាស្រីឈ្មោះ ចាន់ លីដា អ្នកយកព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺបានទេ រហូតមកដល់ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ។
ដោយឡែកខាងអាជ្ញាធរមូលដ្ឋានវិញ ទាំងលោកមេភូមិ និងមេឃុំ បានលើកឡើងថា តុលាការកាត់សេចក្តីបែបនេះ គឺមិនយុត្តិធម៌ទេ ទាំងដីទាំងផ្ទះមិនមែនជាទ្រព្យរបស់កូននោះទេ គឺកូនបានទទួលយកលុយសងពីម្តាយវិញអស់ហើយ ដោយមានទាំងលិខិតទទួលលុយនិងមាស ព្រមទាំងមានសាក្សីនិងអាជ្ញាធរដឹងឮថែមទៀតផង ហេតុអ្វីមិនមើលភ័ស្តុតាងទាំងនេះ ៕
ចែករំលែកព័តមាននេះ