រាជធានីភ្នំពេញ ៖ វិស័យចិញ្ចឹមសត្វកម្ពុជា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា មាន សកម្មភាពនៃការលូចនាំចូលជ្រូកដោយខុសច្បាប់ពីប្រទេសជិតខាងជាបន្តបន្ទាប់ ជាក់ស្តែងនៅខេត្តព្រៃវែងកន្លងមកថ្មីៗនេះ ។
សកម្មភាពនៃការលូចនាំជ្រូកចូលយកមកផ្គត់ផ្គង់នៅក្នុងស្រុកទាំងនោះបាន និងកំពុងធ្វើឱ្យកសិករ និងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកផ្សេងទៀតរងផលប៉ះពាល់ ពោល គឺពិបាកក្នុងលក់ចេញទៅលើទីផ្សារ ខណៈថ្លៃដើមចំណាយខ្ពស់ ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មើលឃើញថា សព្វថ្ងៃនេះ កសិករក៏ដូចជាកសិដ្ឋានចិញ្ចឹមជ្រូកនៅក្នុងស្រុកមានការកកស្ទះ ហើយថ្លៃដើមផលិតនៃការ ចិញ្ចឹមជ្រូកពីមួយថ្ងៃទៅមួយថ្ងៃវានូវតែឡើងថ្លៃ រីឯជ្រូកសាច់មិនបានឡើងថ្លៃនោះទេ តែបែរជាចង់ចុះថ្លៃវិញទៀត ។ ចំណុចទាំងនេះក្នុងនាមខ្ញុំជាប្រធានសមាគមមានការបារម្ភណាស់ ខ្លាចតែវិស័យចិញ្ចឹមសត្វរបស់យើងដួលរំលំទៅវិញ ។
លោកលើកឡើងទៀតថា «សព្វថ្ងៃនេះជ្រូករស់នៅវៀតណាម គេលក់ថោកដោយសារ កកស្ទះនាំចេញមកខាងក្រៅមិនបាន ហើយជំងឺជ្រូកកំពុងរាតត្បាតនៅប្រទេសវៀតណាមថែមទៀត មិនដឹងថា នាំចេញទៅណា អ៊ីចឹងវាបានចូកមកប្រទេសកម្ពុជាហើយ ធ្វើឱ្យកម្ពុជា រងផលប៉ះពាល់ពីប្រទេសជិតខាង» ។
លោក ស្រ៊ុន ពៅ បានចាត់ទុកថា សកម្មភាពលូចនាំចូលជ្រូកដោយខុសច្បាប់ពី ប្រទេសជិតខាង កម្ពុជានៅពេលកន្លងមកបានធ្វើឱ្យវិស័យចិញ្ចឹមជ្រូកនៅកម្ពុជារងផលប៉ះ ពាល់ ហើយធ្វើឱ្យជ្រូកនៅតាមក្រុមហ៊ុន ឬកសិកដ្ឋានខ្លះក្នុងមួយក្បាលឡើងទម្ងន់ដល់ ប្រមាណ ១៣០ គីឡូក្រាមក៏មាន ។ កាលណាមានការលូចនាំចូលជ្រូកដោយខុសច្បាប់ វាធ្វើឱ្យអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុកលក់មិនចេញ ហើយកសិករខ្លះគាត់ឈប់ចិញ្ចឹម និងម្យ៉ាង ទៀតចំណីជ្រូកនៅតែមានតម្លៃថ្លៃនៅលើទីផ្សារ ។
ពាក់ព័ន្ធសកម្មភាពលូចនាំជ្រូកចូលដោយខុសច្បាប់នេះ បើយោងតាម លោក ហ៊ុន សារ៉ាត់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា បាន ចុះបង្ក្រាបរថយន្តដឹកជ្រូកគ្មានច្បាប់មួយគ្រឿងកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២២ ដោយ មានកិច្ចសហការពីអយ្យការអមសាលាដំបូងខេត្តព្រៃវែង និងការចូលរួមយ៉ាងសស្រាក់ស ស្រាំពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអ្នកសារព័ត៌មានផង អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ស្ទាក់តាមចាប់ និងរឹបអូសបានរថយន្តមួយគ្រឿង ដឹកជ្រូកចំនួន ៨០ ក្បាល ដោយគ្មានច្បាប់ចូលពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង ។
ជំនួសមុខឱ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុក លោក ស្រ៊ុន ពៅ បានសំណូមពរទៅដល់ស្ថាប័ន ពាក់ព័ន្ធនៅតាមច្រកព្រំដែនជាមួយកម្ពុជា សូមជួយទប់ស្កាត់ទាំងអស់គ្នា ដើម្បីឱ្យវិស័យ ចិញ្ចឹមសត្វនៅស្រុកមានការរីកចម្រើន ។
លើសពីនេះលោកក៏បានសំណូមពរទៅដល់កសិករ ចិញ្ចឹមជ្រូកទាំងអស់ កុំលះបង់ ឬឈប់ចិញ្ចឹមជ្រូក ។ អ្វីដែលយើងធ្លាប់ចិញ្ចឹមហើយ យើងត្រូវ តែចិញ្ចឹមបន្តទៀត ដើម្បីឆ្លើយតបទៅនិងតម្រូវការអ្នកបរិភោគសាច់ជ្រូក ហើយរួបរួមគ្នា ដើម្បី ផ្គត់ផ្គង់សាច់ជ្រូកលើទីផ្សារក្នុងស្រុកឱ្យបាន ១០០ ភាគរយនាពេលខាងមុខនេះ ៕
ចែករំលែកព័តមាននេះ