ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ​សឹងស្រក់ទឹកភ្នែក​! បុរសពិការជើង​កំសត់​ម្នាក់ ទទួលបាន​ម៉ូតូអគ្គិសនីពីអភិបាល​ខេត្តប៉ៃលិន ​

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​៖ ទឹកចិត្តដ៏សប្បុរសរបស់អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ កើតឡើង ក្រោយពីលោកជំទាវ បា​នប្រទះ​​ឃើញដោយចៃដន្យតាម​ផ្លូវ ដែល​បុរសពិការឯកោម្នាក់ បាន​ប្រើដៃរុញរទេះជនពិការរបស់ខ្លួន…

ខេត្តប៉ៃលិន​៖ ទឹកចិត្តដ៏សប្បុរសរបស់អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ កើតឡើង ក្រោយពីលោកជំទាវ បា​នប្រទះ​​ឃើញដោយចៃដន្យតាម​ផ្លូវ ដែល​បុរសពិការឯកោម្នាក់ បាន​ប្រើដៃរុញរទេះជនពិការរបស់ខ្លួន ឡើងទួល និង​ចុះចំណោតជារៀងរាល់ថ្ងៃ ដើម្បីរើសអេតចាយ ដូចជា សំបកដបជ័រ សំបកកំប៉ុងស្រាបៀរ ជាដើម ដែលគេបោះចោលនៅតាមចិញ្ចើមផ្លូវ យកទៅលក់ បានថវិកាបនិ្តចបន្តួច សម្រាប់ទិញម្ហូបអាហារផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណ:រស់យ៉ាងត្រដាបត្រដួស គួរឱ្យអាណិតពន់ពេក។

​នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្រេចចិត្តទិញម៉ូតូអគ្គិសនីថ្មីសន្លាង ១គ្រឿង យកទៅប្រគល់ជូនបុរសពិការនោះ​តែម្តង។

ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីលោកជំទាវ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានធ្វើដំណើរ​ទៅពិនិត្យមើលសកម្មភាពផ្សេងៗ នៅតាមបន្ទាត់ព្រំដែន លុះក្រឡេក​ឃើញបុរសម្នាក់ ឈ្មោះ ទូច វណ្ណា ពិការជើងទាំងសងខាង កំពុងយកដៃ រុញរទេះយ៉ាងយឺតៗ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ដើម្បីរើសអេតចាយយកទៅលក់ បានប្រាក់ទិញម្ហូបអាហារ គឺលោកជំទាវអភិបាលខេត្ត ក៏បានឈប់​ឡាន ចុះទៅ​សួរសុខទុក្ខពីជីវភាពប្រចាំថ្ងៃរបស់​បុរសពិការនោះ​។

ប្រភពបន្តទៀតថា លុះបុរសពិការខាងលើ រៀបរាប់ពីបញ្ហាប្រឈម ក្នុងការប្រើដៃរុញរទេះរើស​អេត​ចាយឡើងចុះទួល មានការលំបាកខ្លាំង លោកជំទាវ បាន ស្រីមុំ ក្រៅពីជូនថវិកាមួយចំនួន ដល់បុរសពិការនោះ លោកជំទាវ ក៏បាន​សម្រេចចិត្តទិញម៉ូតូអគ្គិសនី ១គ្រឿង ដែលមានការចូល​រួម​ឧបត្ថម្ភពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តប៉ៃលិន​ផងដែរ។

ប្រភពបញ្ជាក់ថា គ្រាន់តែក្រឡេកឃើញម៉ូតូអគ្គិសនីដ៏ថ្មីសន្លាង ១គ្រឿងនេះ យកទៅដល់ក្បែរខ្លួ​នភ្លាម  បុរសពិការខាងលើ ត្រេកអរពន់ពេកស្ទើរស្រក់ទឹកភ្នែក ហើយក៏លើកដៃសំពះថ្លែង​អំណរគុណ​ដល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ទាំងអួលដើមក​ ហើយក៏ជូនពរឱ្យ​លោកជំទាវ និងក្រុមការងារ មានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ក្នុងការបំពេញភារកិច្ច​ការងារឱ្យទទួលជោ គជ័យផងដែរ។

សូមបញ្ជាក់ថា ​បុរសពិការខាងលើ បានសុំដីផ្ទះគេស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយគាត់បានទទួលរងគ្រោះថ្នាក់ពិការជើង ព្រោះតែ​ធ្លាក់ពីលើរថយន្ត ពេលខ្លួនស៊ីឈ្នួលជាកម្មករបេះផ្លែមៀនប៉ៃលិន ហៅ តាង៉ែន ឱ្យថៅកែម្នាក់ កាលពីយូរឆ្នាំមកហើយ។ លុះប្រ​ពន្ធកូនឃើញពីសភាពពិការបែបនេះ លំបាករស់នៅជាមួយ ក៏នាំគ្នារត់ចោល ទុកឱ្យគាត់រស់នៅតែល តោលម្នាក់ឯង។ ប្រពន្ធរបស់​បុរសពិការជើងនេះ បាន​ទៅយកប្តីថ្មី នៅខេត្តផ្សេង ធ្វើឱ្យគាត់ឈឺចាប់ខ្លោចផ្សា​ក្នុងចិត្តក្រៃលែង ហើយបុរសខាងលើ ធ្លាប់ឱ្យភ្នាក់ងារសារព័ត៌មានដឹងថា រូបគាត់ពិតជានឹករលឹកដល់ប្រពន្ធកូនខ្លាំងណាស់ ចង់ជួបមុខ​ពួកគេ ជាលើកចុងក្រោយ បើទោះបីជាមិនបានរួមរស់នៅជាមួយរហូតដល់​អស់ជីវិតរៀងខ្លួន​ក៏ដោយ។ តែរហូតមកដល់ពេលនេះ បុរសពិការជើងទាំងសង្ខាង មិនដែលបាន​ឃើញមុខ​ប្រពន្ធ ឬកូនស្រីទោលរបស់ខ្លួនម្តងណា​នោះឡើយ៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ