ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ថ្មី​ទឹកដី​ខេត្ដកំពត ពោរពេញ​ដោយ​ដើម​ចាក

7 ឆ្នាំ មុន

ខេត្ដកំពត ៖ រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ​ទើបតែ​បង្កើត​ឡើង​ប្លែក​ពី​រមណីយដ្ឋាន​ធម្មជាតិ​នានា នៅ​លើ​ទឹកដី​ខេត្តកំពត គឺ​ពោរពេញ​ដោយ​ដើម​ចាក ។ រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​ថ្មី​នោះ​បង្កើត​ឡើង​ដោយ​ព្រះ​រតនរង្សី​គឹ​ម

ខេត្ដកំពត ៖ រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ​ទើបតែ​បង្កើត​ឡើង​ប្លែក​ពី​រមណីយដ្ឋាន​ធម្មជាតិ​នានា នៅ​លើ​ទឹកដី​ខេត្តកំពត គឺ​ពោរពេញ​ដោយ​ដើម​ចាក ។ រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​ថ្មី​នោះ​បង្កើត​ឡើង​ដោយ​ព្រះ​រតនរង្សី​គឹ​ម សំបូរ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​វិន័យធរ​ខេត្ត និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្នំ​ប្រាំពីរ ។ រមណី​ដ្ឋា​ន​ធម្មជាតិ​នោះ​ស្ថិត​ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត ជាប់​របង​វត្ត​ស្នំ​ប្រាំពីរ ។

ព្រះ​រតនរង្សី គឹ​ម សំបូរ កាលពី​ពេល ថ្មី​ៗ​កម្ល​ង​មក​មាន​សង្ឃដីកា​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​ថា ការ​បង្កើត​រមណី​ដ្ឋា​ន​ធម្មជាតិ​នេះ​ព្រះ​អង្គ​មាន​គោលបំណង​ច្រើន គឺ​លើក​ស្ទួយ​វប្បធម៌​ជាតិ​ផង និង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​លើ​វិ​ស​យ័​ទេសចរណ៍​របស់​ជាតិ​យើង​ផង ។ ម្យ៉ាងវិញទៀត​ព្រះ​អង្គ​យល់​ឃើញ​ថា ដី​ដែល​នៅ​ទំនេរ​ជាង​មួយ​ហិ​កតា​នេះ​ជា​ដី​កម្ម​សិ​ទ្ឋិ​របស់​វត្ត​៣០% ហើយ​ក្រៅពី​នោះ​ជា​ដី​ប្រជាពលរដ្ឋ​ដែល​ដុះ​សុទ្ធតែ​ដើម​ចាក​ណែនណាន់​។ មុន​ពេល​ព្រះ​អង្គ​កែ​ច្នៃ​បង្កើត​ជា​តំបន់​រមណីយ​ដ្ឋាន ព្រះ​អង្គ​បាន​និមន្ត​ទៅ​ធ្វើបុណ្យ​នៅ​ខេត្តកោះកុង ហើយ​បាន​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​ក្នុង​ព្រៃកោងកាង គ្មាន​ដើម​ចាក​មួយ​ដើម​សោះ ។

ក្រោយ​ពី​ឃើញ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​នៅ​ខេត្តកោះកុង ដែល​គេ​រៀបចំ​ឡើង​លំអ​ដោយ​រុក្ខជាតិ​កោង​កាង​សុទ្ធ​ដូច្នេះ ព្រះ​អង្គ​មានគំនិត​កែ​ច្នៃ​រមណីយដ្ឋាន​ធម្មជាតិ​ដែល​លំដោយ​ព្រៃ​ចាក ។

ការ​បង្កើត​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​កណ្តាល​ព្រៃ​ចាក​នេះ លើ​ផ្ទៃដី​ទំហំ​១​ហិ​កតា​កន្លះ ដោយ​ដី​វត្ត​៣០%​ក្រៅពី​នោះ​ជា​ដី​អ្នកស្រុក​បាន​លក់​ឲ្យ​ព្រះ​តេជគុណ​គឹ​ម សំបូរ ទាំងអស់​សរុប​ទៅ​បាន​មួយ​ហិ​កតា​កន្លះ ។

ព្រះ​តេជគុណ​គឹ​ម សំបូរ បញ្ជាក់​ថា ជា​គំនិត​ផ្តួចផ្តើម​ផ្ទាល់​របស់​ព្រះ​មែន ប៉ុន្តែ​ព្រះ​អង្គ​មិនមែន​ជា​អ្នកកាន់កាប់ និង​គ្រប់​គ្រង់​តំបន់​រមណីយដ្ឋាន​នេះ​ផ្ទាល់​ទេ គឺ​មាន​អ្នក​ទទួល​គ្រប់គ្រង និង​មើល​ការ​ខុស​ត្រូវ​គឺ​លោក​លី រតនា ជា​សិស្ស​គុណ​របស់​ព្រះ​អង្គ​មាន​ទីលំនៅ​ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ។

លោក​លី រតនា ឲ្យ​ដឹង​ថា​ពី​ដំបូង​តំបន់​នោះ​ព្រះ​គ្រូ​ចៅអធិការ​ផ្តួចផ្តើម​ធ្វើ​សម្រាប់​ពុទ្ធបរិស័ទ ពី​ឆ្ងាយ​មក​ធ្វើបុណ្យ​នៅ​វត្ត​ស្នំ​ប្រាំពី​សម្រាក ដោយ​ធ្វើ​នៅ​ជាប់​ខាងក្រៅ​របង​វត្ត ។ ក្រោយមក​ព្រះ​អង្គ​មើលឃើញ​ដី​ព្រៃ​ចាក់​នៅ​ទំនេរ​ចោល​ឥតប្រយោជន៍ ក៏​មានគំនិត​ច្នៃ ឲ្យ​ក្លាយទៅជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ដោយ​ដាក់​ឈ្មោះ​ថា «​រមណីយដ្ឋាន​ធម្មជាតិ​សំបូរ​ព្រៃ​ចាក​» ។​រមណីយដ្ឋាន​នេះ​បាន​សង់​ខ្យូ​ស​ចំនួន​២៩​សម្រាប់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ដ​យក​ខ្យល់អាកាស​និង​គយគន់​មើល​ព្រៃ​ចាក​យ៉ាង​ត្រជាក់ ។ ការ​កសាង​រមណី​ដ្ឋា​ន​នេះ​ចាប់ផ្តើម​ពី​ខែមករា​ឆ្នាំ​២០១៦ ។

រមណីយដ្ឋាន​ធម្មជាតិ​សំបូរ​ព្រៃ​ចាក​កំពុង​មានការ​ចាប់អារម្មណ៍​ពី​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ដ​មិន​ដាច់​ដោយ​មាន​អ្នក​ចាំ​បម្រើភ្ញៀវ​បាន​ល្អ មាន​ម្ហូបអាហារ និង​មាន​ភេសជ្ជៈ​ច្រើន​មុខ ។ មិនតែប៉ុណ្ណោះ​មាន​ទូក​កា​យ៉ាក់​សម្រាប់​ភ្ញៀវ​អុំ​កម្សាន្ដ ។ ទីតាំង​ផ្លូវ​ចូល​វត្ត​ស្នំ​ប្រាំពីរ ឬ​រមណីយដ្ឋាន​ចម្ងាយ​៣០០​ម៉ែត្រ​ពី​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​ទឹកឈូ ៕