ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​ឡេះ តើក យកមុខ​របរ​សំណង់​ធ្វើ​ឆ្នាំងបាយ​ជំនួស​ប្រដាល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​កត់​សម្គាល់ថា កីឡាករ​ជើង​ខ្លាំង ឡេះ តើក ស្ទើរតែ​បាត់​មុខ​ឈឹង​តែ​ម្ដង​ពី​សង្វៀន​ប្រដាល់ ពេល​លោក​ឡើង​ប្រដាល់​ម្ដង​ៗ​ក៏​ហាក់​ធ្លាក់ដៃ​ធ្វើ​ឱ្យ​មានការ​រិះគន់​ពី​សំណាក់

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​កត់​សម្គាល់ថា កីឡាករ​ជើង​ខ្លាំង ឡេះ តើក ស្ទើរតែ​បាត់​មុខ​ឈឹង​តែ​ម្ដង​ពី​សង្វៀន​ប្រដាល់ ពេល​លោក​ឡើង​ប្រដាល់​ម្ដង​ៗ​ក៏​ហាក់​ធ្លាក់ដៃ​ធ្វើ​ឱ្យ​មានការ​រិះគន់​ពី​សំណាក់​អ្នកគាំទ្រ​ទៀត​ផង ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​កីឡាករ​រូប​នេះ​អះអាង​ថា លែង​ចង់​ឡើង​ប្រដាល់​ទៀត​ហើយ ដោយសារ​តែ​ឡើង​រេញ​ម្ដង​ៗ​ឈឺខ្លួន​ច្រើន​ថ្ងៃ​មិន​អាច​ធ្វើ​សំណង់​បានជាប់លាប់ ដោយ​លោក​បាន​ចាត់​ទុក​មុខរបរ​សំណង់​ថា​ជា​ឆ្នាំងបាយ​សំខាន់​ទើប​លោក​ខ្លាចពិបាក​រក​កន្លែង​ធ្វើ ។ 

កីឡាករ ឡេះ តើក និយាយ​ថា ដោយសារ​តែ​ការ​ប្រដាល់​យូរ​ៗ​ទើប​មានការ​ផ្គូផ្គង​ម្ដង បាន​ធ្វើ​ឱ្យ​លោក​ងាក​ទៅ​ចាប់អារម្មណ៍​សំណង់​ធ្វើ​ជា​ជំនាញ​ឆ្នាំងបាយ​វិញ ។ លោក​ថា អាជីព​សំណង់​ដ្បិតថា​ហត់ តែ​មិន​ឈឺខ្លួន ឬ​ត្រូវ​ដេក​ថ្ងូរ​ដូច​ពេល​ឡើង​វាយ​នោះ​ទេ ហើយ​បើ​និយាយ​ពី​ប្រាក់​ចំណូល​វិញ ក៏​ជាប់លាប់​ផង​ដែរ គឺ​មិន​ខ្វល់​រឿង​ដាច់​បាយ​កណ្ដាល​ទីនោះ​ទេ ។ លោក​ថា លោក​រៀន​បាន​តិច ដូច្នេះ​ក្រៅពី​ការ​ប្រដាល់ គឺ​មាន​តែ​ធ្វើ​សំណង់​ប៉ុណ្ណោះ ទើប​អាច​រក្សាស្ថានភាព​រស់នៅ​ដោយ​ជួល​ផ្ទះ​គេ​នៅ​ភ្នំពេញ​បាន​។ ចំពោះ​រឿង​ប្រដាល់​លុះត្រាតែ​មានការ​ផ្គូផ្គង​ទើប​សម្រេចចិត្ត​ឡើង តែ​ក៏​មិនសូវ​ចង់​ឡើង​ប៉ុន្មាន​ដែរ ដោយសារ​តែ​មុន​ពេល​ឡើង​យ៉ាង​ហោច​ក៏​ត្រូវ​ផ្អាក​ធ្វើ​សំណង់​ដាច់​លុយ​អស់​មួយ​អាទិត្យ​ដើម្បី​ហ្វឹកហាត់ ហើយ​ក្រោយ​ចុះ​ពី​រេញ​ក៏​ត្រូវ​សម្រាក​មើលខ្លួន​យ៉ាង​ហោច​មួយ​អាទិត្យ​ទៀត ទម្រាំ​តែ​អាច​ទទួល​ធ្វើ​សំណង់​ទៀត​បាន ។ លោក​បង្ហាញ​ភាព​ស្ទាក់ស្ទើរ ក្នុង​ការ​ឡើង​សង្វៀន​បន្ទាប់​ពី​អាជីព​ប្រដាល់​លែង​ជា​ជម្រើស​ទី​១​របស់​លោក​ដោយ​បង្ហាញ​ថា ជីវិត​ក្រៅ​កីឡា​របស់​អ្នក​ប្រដាល់​ល្បី​ៗ គឺ​សុទ្ធតែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ។

លោក​និយាយ​ថា អត់​ដឹង​ពេល​ណា​បាន​ឡើង​បង្ហាញមុខ​លើ​សង្វៀន​ទៀត​នោះ​ទេ ដោយសារ​តែ​រាល់ថ្ងៃ​ឱ្យ​តែ​ខានធ្វើ​សំណង់ គឺ​មក​វិញ​ពិបាក​រក​កន្លែង​ធ្វើ ហើយ​បើ​ចេះ​តែ​សុំ​ឈប់​ច្រើន ក៏​កន្លែង​សំណង់​ផ្សេង​ៗ​មិន​ចង់​ទទួល​ដែរ ។  លោក​ថា សំណង់​គឺជា​ប្រភព​បង់ថ្លៃ​ផ្ទះ​ជួល និង​តម្រូវការ​លើ​កូន​ប្រពន្ធ​របស់​ខ្លួន ប៉ុន្តែ​មិន​មាន​ន័យ​ថា លោក​ចង់​លា​ចេញពី​ការ​ប្រដាល់​នោះ​ទេ គឺ​គ្រាន់តែ​លោក​យល់​ថា​ស្ថានភាព​រស់នៅ​របស់​លោក​នៅ​ក្នុង​ពេល​នេះ​មាន​ភាព​ស្មុគស្មាញ​ពិបាក​មាន​ពេល​ហ្វឹកហាត់ និង​ឡើង​រេញ​បាន​ច្រើន​ដូច​អំឡុង​ពេល​មុន​ប៉ុណ្ណោះ ។ លោក​ថា ការងារ​សំណង់​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​បាន​២​ម៉ឺន​រៀល​ដែរ ហើយ​បើ​ធ្វើ​ជាមួយ​មេ​ល្អ​ៗ គឺ​បាន​២.៥០០០​ទៅ​២.៨០០០​រៀល ដែល​បាន​ច្រើន​គួរសម​នៅ​ពេល​យើង​ធ្វើ​ជាប់លាប់​មេ​មិនសូវ​កាត់​លុយ ។ លោក​ថា ការ​ប្រដាល់​លោក​នៅ​តែ​ស្រឡាញ់​តែបើ​ឱ្យ​ឡើង​ប្រដាល់​ហើយ​ត្រូវ​ខ្លី​លុយ​គេ​ដើម្បី​បំប៉ន​ខ្លួន​ហ្វឹកហាត់ លោក​ថា ជា​រឿង​ពិបាក​រស់​ណាស់​។  លោក​ថា ខ្លួន​ត្រូវ​រក​ប្រាក់​ឱ្យ​បាន​រាល់ថ្ងៃ​ក្នុង​ពេល​តម្រូវការ​លើ​ម្ហូបអាហារ ថ្លៃ​ផ្ទះ​ជួល និង​ការ​ចំណាយ​លើ​ភរិយា ដែល​មិន​អាច​ចេះ​តែ​ពី​បំពេញ​បំណង​ចង់​ប្រដាល់ ហើយ​ឱ្យ​ប្រពន្ធ​កូន​ដាច់​បាយ​នោះ​ទេ ។ លោក​ថា ក្នុង​ពេល​ប្រឡូក​ប្រដាល់​ជា​ប្រចាំ​ពេល​ខ្លះ​ប្រឈម​នឹង​ការ​ខ្វះខាត​ច្រើន ដោយ​សារ​តែ​ប្រដាល់​ដ្បិតថា បាន​លុយ​៣០​ម៉ឺន ទៅ​៤០​ម៉ឺន ប៉ុន្តែ​ហុច​លិច​ហុច​កើត​គឺ​សល់​ដល់​ផ្ទះ​តែ​ប្រមាណ​២០​ម៉ឺន​រៀល​ក្នុង​មួយ​លើក ហើយ​មិន​ដែល​រួច​ផុត​ពី​ការ​ឈឺខ្លួន​នោះ​ទៅ​ទៀត ។ ក្រៅពី​អាជីព​សំណង់ លោក​ត្រូវ​ឆ្លៀត​ជួយ​កិច្ចការ​ផ្ទះ​ទៀត​ទើប​លោក​បញ្ជាក់​ថា វា​ពិបាក​បើ​លោក​ចប់​ម៉ោង​សំណង់​ហើយ​ទៅ​ហ្វឹកហាត់​ដើម្បី​ឡើង​រេញ ។

កីឡាករ ឡេះ តើក អាច​នឹង​ត្រូវ​បាត់​មុខ​ពី​ការ​ប្រដាល់​ដោយ​យោង​តាម​ហេតុផល​ជាប់រវល់​ធ្វើ​សំណង់ ហើយ​មិន​មាន​ពេល​បង្កើន​សមត្ថភាព​ក្នុង​ការ​ហ្វឹកហាត់​នា​ពេល​នេះ ។ លោក​ថា ពិបាក​ណាស់​ដែល​លោក​ឡើង​ប្រដាល់​ហើយ​ពេល​បរាជ័យ ក៏​ត្រូវ​អ្នក​ទស្សនា​រិះគន់ ។ លោក​ថា អ្នកគាំទ្រ​មិនដឹង​ពី​ស្ថានភាព​លំបាក​របស់​កីឡាករ​ម្នាក់​ៗ​នោះ​ទេ ដោយ​ដឹង​តែ​ពី​ថា ប្រកួត​មិនកើត ឡើង​រេញ​មិន​ហាត់ វ៉ៃ​លក់ខ្លួន ឬ​ប្រកួត​ដូរ​បាយ​ប៉ុណ្ណោះ អ៊ីចឹង​ហើយ​ទើប​លោក​នឿយណាយ​នឹង​ការ​ប្រដាល់ ហើយ​សឹងតែ​បាត់​មុខ​ទាំង​ស្រុង​នៅ​ក្នុង​ពេល​នេះ ។ ទោះបី​យ៉ាងណា​លោក​អះអាង​ថា នឹង​ឡើង​ប្រដាល់​យូរ​ៗ​ម្ដង​ដែរ ដើម្បី​រំលឹក​ក្បាច់គុន​ផង និង​ដើម្បី​កុំឱ្យ​មហាជន​ភ្លេចមុខ​ផង ។ លោក​មិន​មាន​គម្រោង​ថា លាឈប់​ពី​ការ​ប្រដាល់​នោះ​ទេ បើ​ទោះជា​ស្ថានភាព​ក្នុង​ការ​ឡើង​រេញ បាន​ផ្ដល់​សម្ពាធ​ឱ្យ​លោក​កាន់តែ​ច្រើន​ទៅ​ៗ ។ លោក​និយាយ​ថា លោក​មិន​ចង់​ឮ​ពាក្យ​ឡើង​ប្រដាល់​ដូរ​បាយ​នោះ​ទេ ទើប​លោក​សម្រេចចិត្ត​មិន​ទទួល​ឡើង​រេញ ក្នុង​ពេល​លោក​ក៏​មិន​មាន​ពេល​ហ្វឹកហាត់​គ្រប់គ្រាន់​ក្នុង​ការ​បំប៉ន​សមត្ថភាព ។ លោក​ទទូច​កុំឱ្យ​មហាជន​រិះគន់​អ្នក​ប្រដាល់​ធា្ល​ក់ដៃ ដោយសារ​តែ​ភាព​ជាក់ស្ដែង គឺ​អ្នក​ប្រដាល់​ដែល​ខ្វះ​សមត្ថ​ភាពរឹងមាំ គឺ​សុទ្ធតែ​លំបាក​ដូច​ជា​លោក​ជាដើម ៕