ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ប្រុង​ប្រយ័ត្ន ការ​ពុល​ចំណីអាហារ !

8 ឆ្នាំ មុន

ការ​ពុល​ចំណីអាហារ​តែងតែ​កើត​ឡើងជា​ប្រចាំ​ថ្ងៃ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ និង​សុខភាព​របស់​យើង រហូត​ដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង ។ ការ​ពុល​ចំណីអាហារ គឺជា​

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត តាន់ បូ​រ៉ានី ឯកទេស​សណ្តំ​ប្រ​ពោន​កម្ម​សង្គ្រោះ​បន្ទាន់​បាន​លើក​ឡើង​ថា ការ​ពុល​ចំណីអាហារ​តែងតែ​កើត​ឡើងជា​ប្រចាំ​ថ្ងៃ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ និង​សុខភាព​របស់​យើង រហូត​ដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង ។ ការ​ពុល​ចំណីអាហារ គឺជា​ការ​បរិភោគ​អាហារ​ដែល​មាន​មេរោគ សារធាតុពុល ឬ​សារធាតុ​គីមី ។

១) តើ​កត្តា​អ្វីខ្លះ​ដែល​បណ្តា​ឱ្យ​មានការ​ពុល​ចំណីអាហារ?
-​ការ​ពុល​ចំណីអាហារ​មាន​កត្តា​ចំបង​ជា​ច្រើន​ដែល​ចូលរួម​ដូច​ជា ៖ 
– ការ​បរិភោគ​អាហារ​ដែល​គ្មាន​អនាម័យ ចម្អិន​មិន​បាន​ឆ្អិន​ល្អ និង​មាន​មេរោគ (​បាក់តេរី វីរុស អាមីប បា​រ៉ា​សីត​…) ដូច​ជា ៖ salmonella, staphylococcus, clostridium perfingens, bacillus cereus, clostridium botulinum….

– មិន​បាន​លាង​សំអាត​បន្លែ ផ្លែ​ឈើ សម្ភារ​ចំអិន​អាហារ​ឱ្យ​បាន​ស្អាត​។ 
– ការ​បរិភោគ​ចំណីអាហារ​ដែល​មាន​សារធាតុ​គីមី និង​សារធាតុពុល​។ 
– ការ​បរិភោគ​អាហារ​ដែល​ហួស​ថែ្ង​កំណត់ និង​រក្សា​គុណភាព​មិន​បាន​ត្រឹមត្រូវ
– មិន​បាន​លាង​សំអាត​ដៃ​មុន​ពេល​ញ៉ាំ​ចំណីអាហារ

២) រោគ​សញ្ញា​នៃ​ការ​ពុល​ចំណីអាហារ រោគ​សញ្ញា​ដែល​កើត​ឡើងជា​ញឹកញាប់​រួម​មាន ៖
– ក្អួតចង្អោរ គ្រុនក្តៅ ឈឺក្បាល រាគ​រូស ឈឺ​ពេញ​ពោះ វិលមុខ អស់កំលាំង​ខ្លាំង
– រោគ​សញ្ញា​នៃ​ការ​បាត់បង់​សារធាតុ​ទឹក (​ស្ងួត​មាត់ ស្រេកទឹក​) ដែល​ប​ណា្ត​លម​ក​ពី​ការ​ក្អួត និង​រាគ​រូស​ខ្លាំង​។

* រោគ​សញ្ញា​ធ្ងន់ធ្ងរ​រួម​មាន ៖ 
– សម្ពាធ​ឈាម​ធ្លាក់​ចុះ ជីពចរ​ដើរ​ញាប់ ឬ​ខ្សោយ
– រាគ​រូស និង​ក្អួត​ច្រើន​ដង​រយៈពេល​យូរ
– ពិបាក​និយាយ សន្លឹម ឬ​បាត់បង់​ស្មារតី 
– ក្តៅខ្លួន​ខ្លាំង​លើស​ពី ៣៨ អង្សារ​សេ និង​រងារ​ញាក់​។

៣) តើ​មនុស្ស​ប្រភេទ​ណាខ្លះ​ដែល​ងាយ​ប្រឈម និង​មាន​គ្រោះថ្នាក់​បំផុត​ក្នុង​ការ​ពុល​ចំណីអាហារ0x017d7
– កុមារ​ដែល​មាន​អាយុ​តិច​ជាង ៥ ឆ្នាំ
– ស្ត្រី​មាន​ផ្ទៃពោះ 
– មនុស្ស​ចាស់​ដែល​មាន​អាយុ​លើស​ពី​៧០​ឆ្នាំ
– មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ

៤) តើ​អ្វី​ទៅ​ជា​ផលវិបាក​នៃ​ការ​ពុល​ចំណីអាហារ ? ផលវិបាក​របស់​វា​រួម​មាន ៖
– ខ្សោយក្រលៀន និង​កោសិកា​ថ្លើម
– ការ​ស្លេកស្លាំង​ដោយ​ការ​បែក​គ្រាប់​ឈាម ខ្សោយក្រលៀន និង​កំណក​ឈាម​ថយ​ចុះ (Hemolytic-uremic syndrome)
– ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ឱ្យ​មានការ​សម្រាល​មុន​កំណត់ ការ​រលូត និង​ការ​លូតលាស់​ទារក​ខុសធម្មតា ។

៥) វិធី​ការពារ ៖ យើង​អាច​បង្ការ​ការ​ពុល​ចំណីអាហារ​នេះ​បាន​ដោយ ៖
– លាង​សំអាត​បន្លែ ផ្លែ​ឈើ សាច់ និង​សម្ភារ​ប្រើ​សម្រាប់​ចំអិនម្ហូប​ឱ្យ​បាន​ស្អាត​។
– ប្រើប្រាស់​ទឹក​ស្អាត និង​ម្ហូបអាហារ​ដែល​ស្អាត និង​ឆ្អិន​ជា​និច្ច​។
– ត្រូវ​រក្សា​ទុក បន្លែ ផ្លែ​ឈើ សាច់ នៅ​ក្នុង​សីតុណ្ហភាព​តូច​ជាង ៥ អង្សារ​សេ ហើយ​បើ​នៅ​ក្នុង​ប្រព័ន្ធ​កំ​ដៅ​ត្រូវ​លើស​ពី ៦០ អង្សារ​សេ​។
– ចំអិន​អាហារ​ឱ្យ​បាន​ឆ្អិន​ល្អ ជា​ពិសេស សាច់ សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ 
– ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន ឲ្យ​ដាច់​ដោយឡែក​ពី​គ្នា
– ហាម​ប្រើប្រាស់​សារធាតុ​គីមី​ក្នុង​ការ​ចំអិន​អាហា ។
– កុំ​ប្រើប្រាស់​ចំណីអាហារ​ដែល​ហួស​កាលកំណត់​ប្រើប្រាស់​។
– ត្រូវ​លាងដៃ​នឹង​សាប៊ូ​មុន​ពេល និង​អំឡុង​ពេល​រៀបចំ​ម្ហូបអាហារ មុន​បរិភោគ និង​ក្រោយ​ពេល​បន្ទោ​របង់​រួច​។

៦) តើ​យើង​ត្រូវធ្វើ​ដូច​ម្តេច​នៅ​ពេល​ពុល​ចំណីអាហារ?
រាល់​ការ​ពុល​ចំណីអាហារ​ត្រូវ​តែ​ទទួល​ការ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ និង​តាមដាន​ដោយ​យកចិត្តទុកដាក់ និង​ទាន់​ពេលវេលា ដើម្បី​ទប់ស្កាត់​ផលវិបាក​ផ្សេង​ៗ​ដែល​កើតឡើង​។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ប្រសិនបើ​លោក​អ្នកមាន​រោគ​សញ្ញា​ដូច​ខាងលើ សូម​មក​ពិគ្រោះ និង​ទទួល​ការ​ព្យាបាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ចៀសវាង​ការ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ៕