ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ទៅ​មើល​មិត្ត​ភ​ក្កិ​រថយន្ត​បុក​ស្លា.ប់​ពេក ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ដឹង​ថា​មិត្តភក្តិ​ត្រូវ​រថយន្ត​បុក​ស្លា.ប់ បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​គ្រឿង​ទៅ​មើល​មិត្ត​ភ​ក្កិ ខណៈ​ជិត​ដល់​កន្លែង​កើតហេតុ​ហើយ ស្រាប់តែ …

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ដឹង​ថា​មិត្តភក្តិ​ត្រូវ​រថយន្ត​បុក​ស្លាប់ បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​គ្រឿង​ទៅ​មើល​មិត្ត​ភ​ក្កិ ខណៈ​ជិត​ដល់​កន្លែង​កើតហេតុ​ហើយ ស្រាប់តែ​ត្រូវ​រថយន្ត​ដឹក​កុងតឺន័រ ក្រុមហ៊ុន ហុង ឡេ​ង​ហ៊ួ​រ​កៀរ​ហើយ​កិន​ស្លាប់​ម្នាក់ និង​បាក់ជើង​ស្តាំ​ម្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ មុខកា​រ៉ា​ស់​សាំង សម ប្រាថ្នា ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មិន ចិន្តា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ចំណែក​ជន​រង​គ្រោះ​ដែល​របួសធ្ងន់​បាក់ជើង​ខាងស្តាំ​ឈ្មោះ យ៉ុ​ង វី​រះ អាយុ​២៧​ឆ្នាំ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​គេ​ឃើញ​បុរស​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1F-9988 ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ស្របគ្នា​ជាមួយ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2C-0246 ជា​រថយន្ត​ដឹក​កុងតឺន័រ​របស់​ក្រុមហ៊ុន ហុង ឡេ​ង​ហ៊ួ​រ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​ច្រកចូល​ផែស្ងួត​របស់​រថយន្ត​បង្ក ស្រាប់តែ​រថយន្ត​ដឹក​កុងតឺន័រ​បត់​ស្តាំ​ដោយ​មិន​មើល​ថា​មាន​ម៉ូតូ​នៅ​ក្បែរ​បណ្តាល​ឲ្យ​កៀរ​និង​កិន​ម៉ូតូ​រង​គ្រោះ​ធ្វើ​ឲ្យ​ឲ្យ​ស្លាប់​ម្នាក់ រីឯ​បុរស​ម្នាក់​ទៀត​រង​របួស​បាក់ជើង​ខាងស្តាំ ត្រូវ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល ។ ដោយឡែក​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​កិន​ជាប់​នៅ​ក្រោម​រថយន្ត​អូស​បែក​ផ្កាភ្លើង​ជាង​១​គីឡូម៉ែត្រ​ចូល​ដល់​ក្នុង​ផែ​ក្រុមហ៊ុន​តែ​ម្តង ។

បើ​តាម​ប្រភព​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​គឺ​ជិះ​ម៉ូតូ​ប្រញាប់ប្រញាល់​ទៅ​មើល​មិត្តភក្តិ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត TUNDRA បុក​ស្លាប់​មុន​ករណី​នេះ​កន្លះ​ម៉ោង​ប៉ុណ្ណោះ ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ជិត​ដល់​ហើយ​នៅ​សល់​តែ​ចម្ងាយ​ជាង​២០០​ម៉ែត្រ​ប៉ុណ្ណោះ​ដល់​កន្លែង​ដែល​មិត្ត​ភ​ក្កិ​ត្រូវ​រថយន្ត​កិន​ស្លាប់​ហើយ បែរជា​ត្រូវ​រថយន្ត​កិន​ខ្លួនឯង​ស្លាប់​ដែរ ។

ក្រោយ​ពេល​កើតហេតុ​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់ញ្ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ។ រីឯ​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​មក​វាស់វែង​ស្ទួ​ច​នាំ​យក​រថយន្ត​បង្ក​និង​ម៉ូតូ​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ជូន​ជន​រង​គ្រោះ​នៅ​ពេល​ក្រោយ ៕