ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលដល់​រដូវភ្លៀង! របរ​លក់​ផ្កា និងកូនឈើ​ចល័តតាមរ៉ឺម៉កម៉ូតូ លក់មិនសូវដាច់!

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ ​ប្រជាពលរដ្ឋប្រមាណ ៣គ្រួសារ បាននាំគ្នាបើកបរម៉ូតូរ៉ឺម៉កដឹកផ្កា និងកូនឈើ​គ្រប់ប្រភេទ ចេញពីខេត្តកណ្តាល ធ្វើដំណើរលក់ដូរតាមដងផ្លូវ រហូតមកដល់ខេត្តប៉ៃលិន ដើម្បីបានថវិកា សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ…

ខេត្តប៉ៃលិន៖ ​ប្រជាពលរដ្ឋប្រមាណ ៣គ្រួសារ បាននាំគ្នាបើកបរម៉ូតូរ៉ឺម៉កដឹកផ្កា និងកូនឈើ​គ្រប់ប្រភេទ ចេញពីខេត្តកណ្តាល ធ្វើដំណើរលក់ដូរតាមដងផ្លូវ រហូតមកដល់ខេត្តប៉ៃលិន ដើម្បីបានថវិកា សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដោយនាំគ្នាឈប់សម្រាក នៅក្នុងបរិវេណ​វត្តពោធិ៍មារាម ហៅវត្តប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តែពួកគេមានការត្អូញត្អែរពីការលក់ដូរ នាពេលនេះ មិនសូវមានអតិថិជនទិញយកទៅដាំ ពោល គឺក្នុង១ថ្ងៃ ការរកចំណូលស្ទើរតែមិនរួចថ្លៃសាំងនោះឡើយ។

​បុរស​ឈ្មោះ ដា អាយុ ២៩ឆ្នាំ និង​ឈ្មោះ ភី អាយុ ៣២ឆ្នាំ រស់នៅខេត្តកណ្តាល បានឱ្យភ្នាក់ងារ​យើងដឹងថា ​ ពួកគេមានគ្នា ៣នាក់ ដោយបើកបរម៉ូតូរ៉ឺម៉ក ម្នាក់ ១គ្រឿង ចេញពី​ស្រុកកំណើត​អស់រយ:ពេលជាច្រើនថ្ងៃមកហើយ ខណ:ម្នាក់ៗ ដឹកផ្កាចម្រុះ ដូចជា ដើមឆ័ត្រម៉ាឡេ ផ្កាកូលាប ដើមឫស្សីតាំង និងកូនឈើហូបផ្លែដូចជា ដូងក្រអូប ក្រូចឆ្មា ក្រូចពោធិ៍សាត់ ក្រូចខ្លុង ដើមទឹក​ដោះគោ ដើមខ្នុរ ដើមស្វាយ ដោយលក់ដូរជាហូរហែ ក្នុង ១ដើម ចាប់ពីតម្លៃ ១៣០០០រៀល​ឡើងលើ។

ប្រភពបន្តទៀតថា ការលក់ដូរនេះ ក្នុង ១ថ្ងៃ អាចមានប្រជាពលរដ្ឋតាមភូមិ ទិញយកទៅដាំតិចតួច​បំផុត លុះដល់ពេលល្ងាច នាំគ្នាសរុបថវិកាបានប្រហែល ៤០០០០រៀល ទៅ ៥០០០០រៀល ក្នុង ១ថ្ងៃប៉ុណ្ណោះ លុះក្រោយពីផាត់ថ្លៃសាំងរួច នៅសល់តិចតួច ដើម្បីទុកផ្ញើឱ្យក្រុមគ្រួសារ ទិញម្ហូប​អាហារ។ ម្យ៉ាងវិញទៀត ការប្រកបមុខរបរមួយនេះ ហាក់ដូចជា មានការលំបាក ដោយបើកបរ​ម៉ូតូចេញពីភូមិមួយទៅភូមិមួយស្ទើរតែរកថវិកាចាក់សាំង មិនបាននោះឡើយ ព្រោះប្រជាពលរដ្ឋ​នៅតាមតំបន់នីមួយៗមិនសូវទិញយកទៅ ដាំនោះទេ។

ប្រភពដដែល បញ្ជាក់ទៀតថា ការលក់ដូរនេះ ចាប់តាំងពីព្រឹក រហូតដល់ថ្ងៃត្រង់ ទើបពួកគេនាំគ្នា​ឈប់សម្រាក នៅតាមម្លប់ដើមឈើ រួចដាំបាយធ្វើម្ហូបខ្លួនឯង លុះក្រោយពីហូបជួបជុំគ្នារួច ទើបលាងចានឆ្នាំង បន្តលក់ដូរនៅតាមភូមិ ដោយពួកគេមិនហ៊ានទិញបាយ ឬចូលហូបតាម​ភោជនីយដ្ឋាននោះឡើយ ព្រោះខិតខំប្រឹងប្រែងសន្សំថវិកា។ ជួនកាលពួកគេ ក៏ស្នាក់នៅតាម​ដីឡូតិ៍ ដែលទំនេរ តែមិនធ្លាប់មានបញ្ហាអ្វីកើតឡើងនោះឡើយ ដោយមានសុវត្ថិភាពជា​រៀងរហូត​មកដែរ។ ដូច្នេះ ពួកគេក៏អំពាវនាវ​ទទូចសុំឱ្យ​អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ នៅតាមភូមិ នាំគ្នា​ជួយ​ទិញផ្កា និងកូនឈើរបស់ពួកគេ ដើម្បីឱ្យពួកគេអាចរកថវិកា សម្រាប់​ជីវភាពប្រចាំថ្ងៃ៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ