ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាក់គុកអតីត​ឧកញ៉ា សង ថន និង​អតីត​អភិបាលរង​ខេត្តម្នាក់ ចំនួន៧ឆ្នាំ​ពាក់​ព័ន្ធ​ដី​រដ្ឋ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្ទ​ន្ទា​ទោស​លើ​សំណុំរឿង​អតីត​អ្នកមាន​ស្តុក​ស្តំ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្ទ​ន្ទា​ទោស​លើ​សំណុំរឿង​អតីត​អ្នកមាន​ស្តុក​ស្តំ​ម្នាក់ (​ឧកញ៉ា សង ថង​) និង​អតីត​អភិបាលរង​ខេត្តបាត់ដំបង​ម្នាក់​ដាក់​ពន្ធនាគារ​កំណត់​៧​ឆ្នាំ​ម្នាក់ ដោយ​ជាប់ចោទ​ចំនួន​៤​បទល្មើស​ពាក់​ព័ន្ធ​ការ​ទិញ​លក់ និង​កាន់កាប់​ដីធ្លី​របស់​រដ្ឋ​ប្រមាណ​៥០០០​ហិ​កតា នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ។

រូបឧកញ៉ា សង ថង

សាលក្រម​បាន​បើកផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។ ក្រោយ​ប្រកាស​សាលក្រម​ជនជាប់ចោទ​ទាំង​២​នាក់​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ដឹក​យក​ទៅ​ឃុំខ្លួន​វិញ ដើម្បី​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​នោះ ។

សាលក្រមបានបង្គាប់ឲ្យជនជាប់ចោទ ស៊ូ អារ៉ាហ្វាត់ ទូរទាត់សងប្រាក់ចំនួន ២៥ ០០០ដុលារ អាមេរិក ទុកជាសម្បត្តិរដ្ឋ ។

គួរ​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​អតីត​ឧកញ៉ា សង ថន និង លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អតីត​អភិបាលរង​ខេត្តបាត់ដំបង​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​រលួយ​ទិញ​.​លក់​ដីធ្លី​សាធារណៈ​របស់​រដ្ឋ​ប្រមាណ​៥០០០​ហិ​កតា នៅ​ស្រុក​គាស់​ក្រឡ​ខេត្តបាត់ដំបង ។ សវនាការ​បាន​ធ្វើ​ឡើងជា​សាធារណៈ និង​ចំពោះ​មុខ​ជនជាប់ចោទ ដែល​មាន​លោក ពេជ្រ វិជ្ជាធរ​អនុប្រធាន​សាលាដំបូង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ។

រូបឧកញ៉ា សង ថង

សវនាការ​បាន​បញ្ចប់​ការ​សាកសួរ​ដេញដោល​នៅ​ព្រឹក​ថ្ងៃ​ដដែល ទើប​ប្រធាន​ក្រុមប្រឹក្សា​បាន​លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២​នេះ ។ ជនជាប់ចោទ​ម្នាក់​ឈ្មោះ ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង​ជាប់ចោទ​ពី​បទ ១.​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ២.​គៃបំបាត់​ដោយ​ទុច្ចរិត និង​៣.​ស៊ីសំណូក ។ និង​ម្នាក់​ឈ្មោះ សង ថន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ អតីត​ឧកញ៉ា ជាប់ចោទ​ពី​បទ ១.​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ២.​ផ្តើមគំនិត​ក្នុង​បទ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ៣.​គៃបំបាត់​ដោយ​ទុច្ចរិត និង​៤.​សូកប៉ាន់ ។

អតីតអភិបាលរងខេត្តបាត់ដំបង

សូម​រម្លឹក​ទៀត​ថា ៖ លោក គុ​ជ គឹ​ម​ឡុ​ង កាល​នៅ​ជា​ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ (​បច្ចុប្បន្ន​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តព្រៃវែង​) បាន​ផ្តល់​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​នៃ អយ្យការ​អម​សាលាដំបូង​រាជា​នី​ភ្នំពេញ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​២​នាក់ ពាក់​ព័ន្ធ​សំណុំរឿង​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​បើ​ការ​ស៊ើបសួរ​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ ។

ជន​ដែល​ត្រូវ​មាន​១.​ឧកញ៉ា សង ថន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ផ្តើមគំនិត​ក្នុង​ការ​បំផ្លាញ​ដោយ​ចេតនា កេង​បំបាត់​ដោយ​ទុច្ចរិត និង​បទ សូកប៉ាន់ ។ ២.​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំផ្លាញ​ដោយ​ចេតនា កេង​បំបាត់​ដោយ​ទុច្ចរិត និង​ស៊ីសំណូក ។
ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ និង​បាន​ស្ថិត​នៅ​ដៃ​លោក អ៊ឹម វណ្ណៈ ដែល​កាន់​សំណុំរឿង​នេះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា លោក​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន​តែ​ម្តង​ទៅ ។

អតីតៈអភិបាលរងខេត្តបាត់ដំបង

សូម​បញ្ជាក់​ទៀត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ បាន​បញ្ជូន​ឧកញ៉ា សង ថន និង​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ដែល​ជា​អភិបាលរង​ខេត្តបាត់ដំបង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់​ព័ន្ធ​នឹង​សំណុំ​វិវាទ​ដីធ្លី ប្រមាណ​ជាង​៥​ពាន់​ហិ​កតា នៅ​ស្រុក​គាស់​ក្រឡ ។

សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ ដែល​ការ​សាកសួរ​លើ​ជនសង្ស័យ តំណាង​អយ្យការ​បាន​ប្រើ​ពេលវេលា​ពេញ​មួយ​ថ្ងៃ ទើបបាន​បញ្ចប់ ប៉ុន្តែ​ចប់​ហើយ​ក៏​មិន​ទាន់​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ជា​ផ្លូវការ​ដែរ ដោយពេល​វេលា​ផុត​ម៉ោង​រដ្ឋបាល តំណាង​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ នឹង​តម្រូវ​ឲ្យ​នាំ​មក​សាកសួរ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា នេះ​ទៀត ។

លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុក​រលួយ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក កាលពី​ព្រលប់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នាំ​មក​កាន់​ស្នាក់​ការ​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ។

លោក​ទេស​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា គាត់ (​ស៊ូ អា​រ៉ា​ហ្វា​ត់​) ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​នេះ​តែ​ម្តង ។ ដែល​នេះ​ជា​រឿង​តែ​មួយ​ពាក់ព័ន្ធ​ករណី​ឧកញ៉ា សង ថន ត្រូវ​អង្គភាព ACU ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នេះ​ដែរ ។

លោក​ទេស​រដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ទៀត​ថា ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​ឧកញ៉ា​រូប​នោះ​មាន​ដី​ប្រមាណ​៥​ពាន់​ហិ​កតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់​ក្រឡ ទាំងមូល ។
បើ​តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល នៃ​គណៈ​អភិបាល ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ