ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ​ម្នាក់ ប្តឹង​អតីត​ប្តី និង​អ្នក​ជិតខាង​៣​នាក់ ទៅ​តុលាការខេត្ត​ប៉ៃលិន

1 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២២​នេះ អយ្យការ​អម​សាលាដំបូង ខេត្ត​ប៉ៃលិន បាន​កោះហៅ​បុរស​ម្នាក់ ជា​អតីត​ប្តី​ ស្ត្រី​មេម៉ាយ​ម្នាក់…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២២​នេះ អយ្យការ​អម​សាលាដំបូង ខេត្ត​ប៉ៃលិន បាន​កោះហៅ​បុរស​ម្នាក់ ជា​អតីត​ប្តី​ ស្ត្រី​មេម៉ាយ​ម្នាក់ រួម​ជាមួយនឹង​ស្ត្រី​អ្នក​ភូមិ​ ចំនួន​០៣​នាក់ផ្សេង​ទៀត ទៅ​កាន់​សាលាដំបូង​ខេត្ត​ប៉ៃលិន បន្ទាប់​ពី​ស្ត្រី​រូប​នោះ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត​ប៉ៃលិន ដោយ​ចោទប្រកាន់ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ធ្វើ​ឲ្យខូចខាត​ដោយ​ចេតនា ជេរ​ប្រមាថ​ដោយ​ចេតនា និង​ហិង្សា​ដោយ​ចេតនា ខណៈ​បុរស​ជា​ប្តី ព្រមទាំង​អ្នក​ជិតខាង​ក្នុងភូមិ ​បាន​ឆ្លើយ​បំភ្លឺ​ថា មិន​ដូច​អ្វី​ដែល​គាត់​ប្តឹង​ចោទប្រកាន់​នៅ​ក្នុង​ពាក្យបណ្តឹង​នោះ​ទេ លុះ​បន្ទាប់​ពី​ខាង​តុលាការ​សួរនាំ​ម្នាក់​ម្តង​ៗ រហូត​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ក៏​អនុញ្ញាត​ឲ្យត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ​។

បើ​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ឈ្មោះ ទូច សុខ​ឃឿ​ន អាយុ​៥៦​ឆ្នាំ ជា​កសិករ រស់នៅ​ក្នុងភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឲ្យដឹង​ថា ៖ គាត់​សុំ​ប្តឹង​រួមមាន ៖
ទី​១. ឈ្មោះ នួន គឹ​ម​ឈាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ អតីត​ប្តី ពី​បទ «​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​» ប្រព្រឹត្ត​នៅ​ភូមិ​ខាងលើ កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២២។
ទី​២. ឈ្មោះ សុខ ចាន់​ឌី ភេទ​ស្រី អាយុ​២៤​ឆ្នាំ
ទី​៣. ឈ្មោះ សុខ ចាន់​ធី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ
និង​ទី​៤. ឈ្មោះ សុខ ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណ​: និង​ហិង្សា​ដោយ​ចេតនា​ ប្រព្រឹត្ត​នៅ​ភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ។

ប្រភព​បន្ត​ទៀត​ថា កាលពី​ពេល​ថ្មី​ៗនេះ មាន​បុរស​ម្នាក់ ត្រូវជា​អតីត​ប្តី​របស់​គាត់ បាន​យក​កាំបិត​ខ្វែវ ទៅ​កាប់​បំផ្លាញ ដំណាំ​ដើម​ទាប និង​ដើម​ខ្នុរ អស់​ជា​ច្រើន​ដើម លុះ​ក្រោយ​ពី​មានការ​ឈ្លោះប្រកែក​គ្នា ​ដោយសារ​រឿង​កាប់​ដើមឈើ​នេះ ស្រាប់តែ​មាន​អ្នក​ជិតខាង​ទាំង​បី​នាក់​ខាងលើ បាន​ចូល​ទៅ​កាត់​ត្រួយ​ស្អំ​ នៅ​ក្នុង​ដី​របស់​គាត់​ដែរ ហើយ​ក៏​ជួយ​ខាង​បុរស​ជា​អតីត​ប្តី ដោយ​ជេរ​ប្រមាថ​មើល ងាយ​ទៅ​លើ​គាត់ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​ការ​រស់នៅ​របស់​គាត់ ទើប​សម្រេច​ចិត្ត​ដាក់​ពាក្យបណ្តឹង​តែ​ម្តង ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក នួន គឹ​ម​ឈាន អតីត​ប្តី​របស់​ស្ត្រី​មេម៉ាយ​ខាងលើ បានឱ្យ​ដឹង​ថា ៖ គាត់​មិន​បាន​កាប់​ដើមឈើ​ហូប​ផ្លែ​នៅ​លើ​ដី​របស់​ស្ត្រី​មេម៉ាយ​ ជា​អតីត​ប្រពន្ធ​ខ្លួន​ឡើយ គឺ​កាត់​នៅ​លើ​ដី​របស់​ខ្លួន ដែល​ត្រូវ​បាន​ចៅសង្កាត់​អូរ​តា​វ៉ៅ បែងចែក​ជូន បន្ទាប់​ពី​លែងលះ​គ្នា ​រួច​មក​ប៉ុណ្ណោះ​ ។

លោក​បន្ត​ទៀត​ថា ចំពោះ​ស្ត្រី​០៣នាក់ នៅ​ក្នុងភូមិ​ខាងលើ​នេះ ក៏​មិន​បាន​ទៅ​កាត់​ត្រួយ​ស្អំ នៅ​លើ​ដី​របស់​នាង​ដែរ គឺ​សុំ​កាត់​ត្រួយ​ស្អំ​នៅ​លើ​ដី​របស់​លោក​ដដែល ដោយ​សុំ​ការ​អនុញ្ញាត​ត្រឹមត្រូវ ​។

ពាក់ព័ន្ធ​នឹង​បណ្តឹងនេះ លោក និង​អ្នក​ជិតខាង​ទាំងអស់​ខាងលើ ក៏​បាន​ចូល​ទៅ​បំភ្លឺ ​នៅ​ក្នុង​សាលាដំបូង​ខេត្ត​ប៉ៃលិន រួចរាល់​អស់ហើយ​ដែរ ដោយ​អ្វី​ៗ ​នៅ​ក្នុង​ពាក្យបណ្តឹង​សុទ្ធតែ​ជា​ការ​មួលបង្កាច់​របស់​ស្ត្រី​ខាងលើ​នោះ​ប៉ុណ្ណោះ ហើយ​លោក ​នឹង​សម្រេចចិត្ត​ថា នៅ​ថ្ងៃ​ខាង​មុខ នឹង​ឈប់​រស់នៅ​ក្បែរ​ស្ត្រី​រូប​នេះ​ទៀត ព្រោះ​មិនបាន​ទទួល​ក្តី​សុខ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ​។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​លែងលះ​គ្នា អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក គឺ​ដោយសារ​តែ​ស្ត្រី​ខាងលើ តែងតែ​យក​លុយកាក់ ​ដែល​ខ្លួន​រកបាន​ទៅ​លេងល្បែង​កាស៊ីណូ ហើយ​ក៏​បង្ខំ​ឲ្យ​លោក​ទៅ​ចងការ​ប្រាក់ពីមីក្រូហិរញ្ញវត្ថុ ដើម្បី​យក​ប្រាក់​ឲ្យ​គាត់​ទៅ​លេងល្បែង លុះ​ទ្រាំ​មិន​បាន​ក៏​ស្តីបន្ទោស ទើប​ស្ត្រី​រូប​នេះ​ខឹង​សុំ​លែងលះ បែងចែក​ដី​គ្នា ដោយ​គាត់​សុខចិត្ត​ទៅ​រស់នៅ​ក្នុង​ខ្ទម​តូច​ជាប់​គ្នា​ខាងកើត​ស្ត្រី​រូប​នេះ ​។ រីឯ​ស្ត្រី​ ជា​អតីត​ប្រពន្ធ​ ឲ្យ​រស់នៅ​លើ​ផ្ទះថ្ម​ធំ ខណៈ​បាន​គ្នា​​ជាង​៣០​ឆ្នាំ​មក​ហើយ និង​បង្កើត​បានកូន​ស្ត្រី​ម្នាក់ កំពុង​រស់នៅ​ខេត្ត​ផ្សេង ​។

លោក​ពិតជា​សុំ​ខ្លាច​ស្ត្រី​ខាងលើ​មែន សូ​ម្បី​តែ​មេ​ភូមិ ឬ​អ្នក​ជិតខាង​ជុំវិញ​ភូមិ​ ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ស្ត្រី​រូប​នេះ​ដែរ ព្រោះ​តែងតែ​ជេរ​បញ្ឆិតបញ្ឆៀង ​ដាក់​គេឯង​គ្រប់​ៗ​គ្នា ​។

ចំណែក​លោក ម៉ែ​ន ឆ​ន មេ​ភូមិ​អូរ​ខ្ទីង បានឱ្យ​ដឹង​ដែរ​ថា ៖ ប្តី​ប្រពន្ធ​១គូនេះ បាន​ចែកផ្លូវ គ្នា​ជាង​១​ឆ្នាំ ដោយ​មាន​លិខិត​លែងលះ​ចេញពី​ខាង​សង្កាត់​អូរ​តា​វ៉ៅ មិន​បាន​ឡើង​ទៅ​ដល់​តុលាការ​នោះទេ ព្រោះ​អត់​មាន​សំបុត្រ​អាពាហ៍ពិពាហ៍​ ។

លោក​បន្ត​ទៀត​ថា រឿងហេតុ​កើតឡើង គឺ​ដោយសារ​ស្ត្រី​ជាប្រពន្ធ​ទាំងអស់ ព្រោះ​ប្តី​ស្លូតបូត ​មិន​ចេះ​មាត់ក​​នោះ​ទេ ខណៈ​ប្តី ​ខិតខំ​ប្រឹងប្រែង​រក​លុយកាក់​ ឥត​ឈប់​ឈរ រហូត​ដល់​ទិញ​ដីចម្ការ ​បាន​ជាង​២០​ហិ​កតា ត្រូវ​ប្រពន្ធ​បង្ខំ​ឲ្យ​លក់​អស់ រួច​យក​ថវិកា​ទៅ​លេងល្បែង​កាស៊ីណូ​ ចាញ់​អស់​គ្មាន​សល់ ហើយ​ក៏​ចេះ​តែ​ឈ្លោះ​គ្នា ​ឥត​ឈប់​ឈរ​រហូត​ដល់​ចំណុច​ចុង​ក្រោយ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ