រាជធានីភ្នំពេញ ៖ ក្រោយរកឃើញលើកុមារតាមបណ្ដាខេត្តមួយចំនួនកំពុងមានបញ្ហាជំងឺពងបែក ដៃ ជើង ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវការពារការចម្លងនៃជំងឺពងបែក ដៃ ជើង និងក្នុងមាត់ ។

ជាមួយគ្នានោះដែរ ក្រសួងព្រមានថា កុំមើលងាយជំងឺនេះព្រោះវាអាចបង្កជាផលលំបាកធ្ងន់ធ្ងរប៉ះពាល់អាយុជីវិតក្មេងៗបាន ។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ជំងឺពងបែកនៅដៃ ជើង និងក្នុងមាត់ គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុសច្រើនកើតមានចំពោះទារក និងកុមារ ភាគច្រើនលើកុមារដែលមានអាយុតិចជាង១០ឆ្នាំ ជាពិសេសកុមារអាយុក្រោម៥ឆ្នាំ ។

ក្រសួងបន្ដថា ជំងឺនេះកើតមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២ ហើយក៏ជាជំងឺដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោកផងដែរ ។ ជំងឺពងបែកនៅដៃ ជើង និងក្នុងមាត់ខុសពីជំងឺជើង និងមាត់ ដែលកើតឡើងចំពោះសត្វគោ ។ ជំងឺពងបែកនៅដៃ ជើង និងក្នុងមាត់មិនឆ្លង ឬចម្លងមកពីសត្វចិញ្ចឹម សត្វពាហនៈដទៃឡើយ ។
ក្រសួងបន្ថែមថា ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ បង្កដោយអង់តេរ៉ូវីរុស (Enterovirus) ដែលភាគច្រើនដោយវីរុសកុកសាគី (Coxsacdevirus) ហើយជាទូទៅបណ្តាលឲ្យមានជំងឺស្រាល ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ក៏អាចបង្កឡើងដោយ Enterovirus 71 (EV-71) ដែលមួយចំនួនអាចបង្កឲ្យមានជាផលវិបាកធ្ងន់ធ្ងរ និងឈានដល់ស្លា.ប់។

ក្រសួងថា ជំងឺនេះជាទូទៅចាប់ផ្តើមឡើងដោយមានក្ដៅខ្លួន ការហូបចុកថយចុះអស់កំលាំង និងឈឺបំពង់ក ។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុងកំឡុងពេល១ ទៅ២ថ្ងៃ ដោយមានស្នាមចំនុចក្រហមអុចៗ និងខ្លះមានពងបែក នៅលើបាតដៃ បាតជើង ក្នុងមាត់ និងពេលខ្លះលើកំប៉ះគូទ ឬអវៈយវៈភេទ ។ ជួនកាលអ្នកជំងឺមានតែកន្ទួល ឬដំបៅក្នុងមាត់ ។
ក្រសួងក៏បានលើកឡើងថា ក្នុងករណីធ្ងន់ធ្ងរអ្នកជំងឺមានរោគសញ្ញាប្រព័ន្ធប្រសាទ និងផ្លូវដង្ហើមជាមួយគ្នា និងវិវត្តទៅរកការស្លា.ប់យ៉ាងឆាប់រហ័ស បើគ្មានការព្យាបាលសមស្របទាន់ពេលវេលា ។
តើជំងឺពងបែកនៅដៃជើង និងក្នុងមាត់អាចការពារបានដោយរបៀបណា? ជំងឺពងបែកនៅដៃជើង និងមាត់ជាជំងឺឆ្លងដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមការប៉ះពាល់ផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃដែលចេញពីពងបែក និងលាមកអ្នកជំងឺ ។ អ្នកជំងឺអាចចំលងខ្លាំងបំផុតក្នុងសប្តាហស៍ទី១ ។ ជំងឺពងបែក ដៃជើង និងមាត់ មិនឆ្លងទៅ ឬឆ្លងមកពីសត្វឡើយ ។
ក្រសួងសុខាភិបាលសូមរំលឹក និងអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នានូវវិធានការខាងក្រោម ៖ អនាម័យល្អ លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ពិសេសក្រោយពីប៉ះពាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម រួមមានទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃ ដែលចេញពីពងបែក និងលាមកអ្នកជំងឺ ៕

ចែករំលែកព័តមាននេះ