ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ឯកឧត្តម Pablo Kang លើក​ឡើង​ថា គ្រាប់ស្វាយចន្ទី​ខ្មែរ​ឆ្ងាញ់​ជាងគេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា និង​អូស្ត្រាលី គឺជា​ដៃគូ​យូរអង្វែង​ដែល​មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​អស់​រយៈពេល ៧០ ឆ្នាំ​មក​ហើយ ។ ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ពង្រឹង​ជា​បន្តបន្ទាប់ និង​យ៉ាង​សកម្ម​ទាំង​ក្នុង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​ទ្វេភាគី…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា និង​អូស្ត្រាលី គឺជា​ដៃគូ​យូរអង្វែង​ដែល​មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​អស់​រយៈពេល ៧០ ឆ្នាំ​មក​ហើយ ។ ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ពង្រឹង​ជា​បន្តបន្ទាប់ និង​យ៉ាង​សកម្ម​ទាំង​ក្នុង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​ទ្វេភាគី និង​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​រវាង​នគរបាល​សហព័ន្ធ​អូស្ត្រាលី និង​នគរបាល​ជាតិ​កម្ពុជា​ផង​ដែរ ។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​ជាង​មុន ខណៈ​ដែល​យើង និង​ពិភពលោក​បាន​នឹង​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ។

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ឯកឧត្តម Pablo Kang ។ រូបភាព៖ ស្រី គំនិត

កាលពី​ស​ប្តា​ហ៍​មុន ឯកអគ្គរាជទូត​អូស្ត្រាលី ឯកឧត្តម Pablo Kang បាន​អនុញ្ញាត​ផ្តល់​បទ​សម្ភាសន៍​ផ្តាច់មុខ​ដល់​សារព័ត៌មាន «​កោះសន្តិភាព​» ជុំវិញ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្ត្រាលី ការ​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដល់​កម្ពុជា ផែនការ​នៃ​ការ​នាំ​ចូល​ផ​លិ​ផល​កសិកម្ម​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អូស្ត្រាលី និង​សក្តានុពល​នៃ​វិស័យ​អប់រំ​របស់​អូស្ត្រាលី​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​មាតាបិតា​ខ្មែរ​ដែល​បា​នប​ញ្ជួ​ន​កូន​ៗ​ទៅ​សិក្សា​នៅ​អូស្ត្រាលី​ជាដើម ។ អ្វី​ដែល​ពិសេស​នោះ ឯកឧត្តម Pablo Kang បាន​ពោល​សរសើរ​ថា ឯកឧត្តម​មិន​ដែល​ពិសា​គ្រាប់ស្វាយចន្ទី​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ក្នុង​ពិភពលោក​ឆ្ងាញ់​ដូចដែល​ស្វាយចន្ទី​នៅ​កម្ពុជា​នោះ​ទេ​ ។

ខាងក្រោម​នេះ​ជា​បទ​សម្ភាសន៍​ផ្តាច់មុខ​របស់​ឯកឧត្តម Pablo Kang ជាមួយ​ក្រុមការងារ​នៃ​សារព័ត៌មាន «​កោះសន្តិភាព​» នៅ​គេហដ្ឋាន​របស់​ឯកឧត្តម​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២ ខែមិថុនា ឆ្នាំ​២០២២ កន្លង​ទៅ ។

កញ្ញា ហ៊ី ថាវី ជា MC and សារព័ត៌មាននៅកោះសន្តិភាព ។ រូបភាព៖ ស្រី គំនិត

សំណួរ ៖ ប្រាកដ​ណាស់​យើង​មើលឃើញ​ថា មាន​យុវជន​កម្ពុជា​បាន​ទៅ​បន្ត​ការ​សិក្សា​ច្រើន​នៅ​ទីនោះ តើ​ឯកឧត្តម ឯកអគ្គរាជទូត Pablo Kang ជួយ​បកស្រាយ​បាន​ទេ ថា​តើ​មាន​សក្តានុពល​អ្វីខ្លះ​ពិសេស​ដែល​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​ឪពុក​ម្តាយ​កម្ពុជា​បញ្ជូន​កូន​ៗ​ទៅ​បន្ត​ការ​សិក្សា​នៅ​អូស្ត្រាលី ? តើ​បច្ចុប្បន្ន​មាន​និស្សិត​ខ្មែរ​កំពុង​បន្ត​ការ​សិក្សា​នៅ​អូស្ត្រាលី មាន​ចំនួន​ប៉ុន្មាន (​ទាំង​ការ​សិក្សា​បង់ថ្លៃ និង​តាម​រយៈ​អាហារ​រូបករណ៍​) និង​សិក្សា​លើ​មុខ​ជំនាញ​អ្វីខ្លះ ?

រូបភាព៖ ស្រី គំនិត

ឯកឧត្តម Pablo Kang ៖ អរគុណ ថា​វី ! សួស្តី​អ្នក​ទាំងអស់​គ្នា ។ ប្រាកដ​ណាស់ មាន​និស្សិត​កម្ពុជា​ជា​ច្រើន​ជ្រើសរើស​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ឬ​ត្រូវ​បាន​ឪពុក​ម្តាយ​ជ្រើសរើស​បញ្ជូន​ពួក​គេ​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ។ តាម​ពិត​ទៅ បើ​យើង​ក្រឡេក​មើល​ចំនួន​និស្សិត​កម្ពុជា​សរុប​ដែល​ជ្រើសរើស​ទៅ​សិក្សា​ថ្នាក់​សកល​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​ដែល​និយាយ​ភាសា​អង់គ្លេស ប្រហែលជា ៦០% នៃ​និស្សិត​ទាំងអស់​ដែល​ជ្រើសរើស​ទៅ​ក្រៅប្រទេស គឺ​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ។ វា​ជា​ចំនួន​ច្រើន​គួរសម ។ យើង​មិន​ទាន់​មាន​តួលេខ​ពេញលេញ​សម្រាប់​ឆ្នាំ ២០២២ ទេ ប៉ុន្តែ​គិត​ត្រឹម​ឆ្នាំ​មុន យើង​មាន​និស្សិត​កម្ពុជា​ចំនួន ២៧០០ នាក់​បាន​ចុះ​ឈ្មោះ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​នៅ​អូស្ត្រាលី ។ ភាគច្រើន​ជា​និស្សិត​ដែល​បង់ថ្លៃ​សិក្សា​ខ្លួនឯង ប៉ុន្តែ​ក៏​មាន​និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍​ផង​ដែរ ដែល​បាន​ចុះ​ឈ្មោះ​ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ​អូស្ត្រាលី​នេះ ។ កាលពី​ពី​រស​ប្តា​ហ៍​មុន ខ្ញុំ​បាន​ជូន​ដំណើរ​និស្សិត​ ដែល​ទទួល​បាន​អាហារូបករណ៍​អូស្ត្រាលី ចំនួន ៨០ នាក់ ទៅ​បន្ត​ការ​សិក្សា​ទាំង​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​អូស្ត្រាលី ។ ពួក​គេ​រៀបចំ​នឹង​ចាកចេញ​ទៅ​ហើយ ។ ជា​ការ​ពិត​ណាស់​ជំងឺ​កូ​វី​ដ​-១៩ បាន​ពន្យារពេល​មិន​ឱ្យ​ពួក​គេ​អាច​ធ្វើ​ដំណើរ​បាន ព្រោះ​ព្រំដែន​ត្រូវ​បាន​បិទ ប៉ុន្តែ​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​មុន អូស្ត្រាលី​បាន​បើក​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ ដើម្បី​ទទួល​និស្សិត​អន្តរជាតិ ។ កូ​វី​ដ​ធ្វើ​ឱ្យ​មានការ​កកស្ទះ ប៉ុន្តែ​និស្សិត​ចំនួន ៨០ នាក់ អាច​ចាកចេញ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​បាន​ហើយ នា​ពេល​ថ្មី​ៗ​នេះ ។

ហេតុ​អ្វី​បានជា​ឪពុក​ម្ដាយ​កម្ពុជា​ជ្រើសរើស​បញ្ជូន​កូន​ទៅ​អូស្ត្រាលី ? វា​មាន​កត្តា​ច្រើន ។ ខ្ញុំ​គិត​ថា អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ កេរ្តិ៍ឈ្មោះ​របស់​យើង​ក្នុង​ការ​ផ្តល់​ការ​អប់រំ​ឧត្តម​សិក្សា​ដែល​មានគុណ​ភាព​ខ្ពស់ បើ​កញ្ញា​មើល​តារាង​ចំណាត់ថ្នាក់​នៃ​សាកលវិទ្យាល័យ​ពិភពលោក​មួយ​ចំនួន ដូច​ជា​ចំណាត់ថ្នាក់ QS World University ដែល​ទើប​ចេញ​ថ្មី​ៗ​នេះ សាកលវិទ្យាល័យ​អូស្ត្រាលី​ចំនួន​ប្រាំពីរ​ជាប់​នៅ​ក្នុង​កំពូល​សកល​វិទ្យាល័យ​ទាំង ១០០ នៅ​លើ​ពិភពលោក ។ វា​ជា​ចំនួន​ច្រើន​ណាស់​បើ​គិត​ជា​ភាគរយ ព្រោះ​ចំនួន​ប្រជាជន និង​ចំនួន​សាកលវិទ្យាល័យ​របស់​យើង​មាន​មិន​ច្រើន​ទេ ។ សាកលវិទ្យាល័យ​ទាំងនោះ​ជា​សាកលវិទ្យាល័យ​កំពូល​ៗ ប៉ុន្តែ​ជា​ការ​ពិត​ណាស់​មាន​សាកលវិទ្យាល័យ​អូស្ត្រាលី​ជា​ច្រើន​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​ទៅ​តាម​មុខ​វិជ្ជា​សិក្សា​ជាក់លាក់ ។ ដូច្នេះ​ខ្ញុំ​គិត​ថា ការ​អប់រំ​ដែល​មានគុណ​ភាព​ខ្ពស់ គឺជា​កត្តា​ចំបង ហើយ​វា​មិនមែន​ត្រឹមតែ​មាន​អាគារ​ល្អ ការ​បង្រៀន​ត្រឹមត្រូវ មានការ​ស្រាវជ្រាវ តែ​ប៉ុណ្ណឹង​ទេ គឺ​មាន​ទាំង​វិធី​ដែល​សាកលវិទ្យាល័យ​បង្រៀន​សិស្ស​ផង​ដែរ ។ សាកលវិទ្យាល័យ​យើង​ផ្តល់​នូវ​បរិយាកាស​សកម្ម បើក​ទូលាយ​ឱ្យ​មានការ​សួរ​សំណួរ​ជា​ច្រើន អំពី​បច្ចេកទេស​ថ្មី មិនមែន​ចេះ​តែ​ទទួលយក​អ្វី​ដែល​មាននៅ​ក្នុង​សៀវភៅ​សិក្សា​នោះ​ទេ ហើយ​ត្រូវ​រៀន និង​សម្រប​ខ្លួន​ឱ្យ​មាន​ភាព​បត់បែន ហ៊ាន​និយាយ សំឡឹង​មើល​គំនិត និង​មតិ​ថ្មី ព្រមទាំង​ប្រភព​ព័ត៌មាន​ថ្មី​ផង​ដែរ ។ ខ្ញុំ​គិត​ថា នេះ​ជា​ការ​សំខាន់​ណាស់ ។ ហេតុផល​ផ្សេង​ទៀត ខ្ញុំ​គិត​ថា មក​ពី​យើង​នៅ​ជិត​គ្នា អូស្ត្រាលី​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កម្ពុជា​ទេ ។ ម៉ោង​ពេល​ក្នុង​ប្រទេស​របស់​យើង​ទាំង​ពីរ មិនសូវ​ជា​ខុស​គ្នា​ទេ ។ ខ្ញុំ​គិត​ថា នេះ​ជា​ការ​សំខាន់​ណាស់​សម្រាប់​ឪពុក​ម្ដាយ​ដែល​ចង់​រក្សា​ទំនាក់ទំនង​ជាមួយ​កូន​ៗ​របស់​ពួក​គេ តាម​អ៊ីនធឺណិត ឬ​តាម​ទូរស័ព្ទ ឬ​ក៏​ទៅ​លេង​ផ្ទាល់ ។ ប្រទេស​អូស្ត្រាលី​នៅ​មិន​ឆ្ងាយ​ពី​នេះ​ទេ ដូច្នេះ​ខ្ញុំ​គិត​ថា នេះ​ជា​កត្តា​ជំរុញ​ទឹកចិត្ត​ដ៏​ធំ ។

ដូច​គ្នា​នេះ​ផង​ដែរ ខ្ញុំ​គិត​ថា ប្រជាជន​កម្ពុជា​ជា​ច្រើន​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី ។ ឪពុក​ម្តាយ​មួយ​ចំនួន​ក៏​ធ្លាប់​បាន​ទៅ​សិក្សា នៅ​ប្រទេស​អូស្ត្រាលី​ពី​មុន​មក​ដែរ ហើយ​ក៏​បានដឹង​ថា មាន​ជនជាតិ​អូស្ត្រាលី​ជា​ច្រើន​នាក់​ដែល​មាន​ដើម​កំណើត​ខ្មែរ ។ ហើយ​ក៏​មាន​ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​សម្រេច​ធ្វើការ​តាំងទី​លំនៅ​ក្នុង​ប្រទេស​អូស្ត្រាលី ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ។ ប្រទេស​អូស្ត្រាលី​មាន​បរិយាកាស​ចម្រុះ​វប្បធម៌ ។ ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន និង​សិស្ស​និ​សិ​ត្ស ចម្រុះ​ជាតិ​សាសន៍​ច្រើន ។ យើង​មាន​និស្សិត​មក​ពី​គ្រប់​ជាតិ​សាសន៍ ហើយ​ជា​ការ​ពិត​ណាស់ ជនជាតិ​អូស្ត្រាលី​ខ្លួនឯង​ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ផង​ដែរ គឺ​យើង​បើកចំហ ស្វាគមន៍ និង​រួសរាយ​រាក់ទាក់​ចំពោះ​គ្រប់​គ្នា ។ ខ្ញុំ​គិត​ថា ទាំងនេះ​ជា​ហេតុផល​ចម្បង ។ ឯការ​ចំណាយ​ក៏​ជា​កត្តា​មួយ​ដែរ ថ្លៃ​សិក្សា​របស់​យើង​មាន​ប្រសិទ្ធភាព​ខ្ពស់ បើ​និយាយ​ពី​ការ​ចំណាយ​លើ​ការ​អប់រំ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដែល​ជឿនលឿន និង​និយាយ​ភាសា​អង់គ្លេស​ដូច​យើង ។ បើ​និយាយ​ថា និស្សិត​កម្ពុជា​កំពុង​សិក្សា​មុខ​វិជ្ជា​អ្វី​នោះ វា​អាស្រ័យ​លើ​ពួក​គេ​ទាំងស្រុង ។ ពួក​គេ​ជា​អ្នក​ជ្រើស​រើសមុខ​វិជ្ជា​ដែល​ពួក​គេ​ចង់​សិក្សា ដោយ​ធ្វើការ​រួម​គ្នា​ជាមួយ​សាកលវិទ្យាល័យ​ដែល​ពួក​គេ​ទៅ​សិក្សា ។ គឺ​មាន​គ្រប់មុខ​វិជ្ជា​ទាំងអស់ ដូច​ជា ច្បាប់ គោលនយោបាយ​សាធារណៈ សេដ្ឋកិច្ច គណនេយ្យ ពាណិជ្ជកម្ម សុខភាព​សាធារណៈ វិទ្យាសាស្ត្រ​បសុពេទ្យ វិទ្យាសាស្ត្រ​បរិស្ថាន ចិត្ត​វិទ្យា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង ។​ល​។ និស្សិត​កម្ពុជា​នៅ​ប្រទេស​អូស្ត្រាលី សិក្សា​សឹងតែ​លើ​គ្រប់មុខ​វិជ្ជា​ទាំងអស់ ។

រូបភាព៖ ស្រី គំនិត

សំណួរ ៖ ជុំវិញ​កំណើន​និស្សិត​ខ្មែរ​ទៅ​បន្ត​ការ​សិក្សា​នៅ​អូស្ត្រាលី​បន្ត​កើនឡើង និង​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី​ក៏​ច្រើន​ផង​ដែរ ។ តើ​ឯកឧត្តម ឯកអគ្គរដ្ឋទូត អាច​ជម្រាប​ជូន​បាន​ទេ​ថា តើ​មាន​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី ? នៅ​ទីក្រុង​ណា​ច្រើន​ជាងគេ ? ហើយ​តើ​អូស្ត្រាលី​មាន​គម្រោង​នៃ​ការ​ផ្តល់​សេវា​ហោះហើរ​ផ្ទាល់ (direct flight) រវាង​អូស្ត្រាលី និង​កម្ពុជា​ទេ ? បើ​មាន​តើ​នឹង​ចាប់ផ្តើម​ពី​រដ្ឋ​ណា​មុនគេ​របស់​អូស្ត្រាលី​មក​ភ្នំពេញ ?

ឯកឧត្តម Pablo Kang ៖ វា​ពិតជា​ល្អ​ណាស់ ប្រសិនបើ​យើង​មាន​ជើងហោះហើរ​ត្រង់ ហើយ​ខ្ញុំ​ដឹង​ថា រដ្ឋលេខាធិការ​ក្រសួង​អាកាសចរណ៍​ស៊ី​វិល​ក៏​តែងតែ​សួរ​អំពី​រឿង​នេះ ពេល​ដែល​ខ្ញុំ​ជួប​ពិភាក្សា​ជាមួយ​គាត់ ហើយ​ខ្ញុំ​តែងតែ​ឆ្លើយ​សាមញ្ញ ធម្មតា​ទៅ​វិញ​ថា វា​គឺជា​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ។ វា​ជា​ជើងហោះហើរ​ពាណិជ្ជកម្ម​ដែល​នឹង​ភ្ជាប់​ទៅ​កាន់​ប្រទេស​អូស្ត្រាលី និង​កម្ពុជា​ដោយ​ផ្ទាល់ ដូច្នេះ​ហើយ​ចាំបាច់​ត្រូវ​មានការ​ជំរុញ​ផ្នែក​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ ដើម្បី​ដំណើរការ​ជើងហោះហើរ​ត្រង់នេះ មាន​ន័យ​ថា ត្រូវ​តែ​មាន​តម្រូវការ​គ្រប់គ្រាន់​ជាក់លាក់​សិន ។ ពេល​នេះ ប្រសិនបើ​យើង​ធ្វើ​ដំណើរ​រវាង​អូស្ត្រាលី និង​កម្ពុជា យើង​ត្រូវ​ឆ្លងកាត់​ប្រទេស​ទី​បី​សិន ដែល​ភាគច្រើន គឺ​ប្រទេស​សិង្ហ​បុរី ។ ដូច្នេះ​យើង​មាន​ក្រុមហ៊ុន Singapore Airlines, Qantas, Jetstar ដែល​មាន​ជើងហោះហើរ​ត​ភ្ជាប់​តាម​ប្រទេស​សិង្ហ​បុរី ។ ម៉ា​ឡេ​ស៊ី និង​ថៃ ក៏​ជា​ជម្រើស​មួយទៀត​ដែរ ហើយ​ជើងហោះហើរ​ត​ភ្ជាប់​នេះ ហាក់ដូចជា​ដំណើរការ​ល្អ​ណាស់​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ ។

ប្រសិនបើ​យើង​ចង់​មាន​ជើងហោះហើរ​ត្រង់​មិន​ឈប់​រវាង​អូស្ត្រាលី និង​កម្ពុជា អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​យើង​មាន​មនុស្ស​គ្រប់គ្រាន់​ធ្វើ​ដំណើរ​តាម​យន្តហោះ ។ ទើប​យើង​អាច​លក់​សំបុត្រ​បាន​គ្រប់គ្រាន់ ដើម្បី​រក​ប្រាក់​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ីចឹង​វា​ត្រលប់​មក​ដល់​រឿង​ដែល​ថា ត្រូវ​មាន​តម្រូវការ​ហោះហើរ​សិន ។ ជា​ការ​ពិត​ណាស់ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វា​ស្ទើរតែ​មិន​មាន​ជើងហោះហើរ​ទាល់តែ​សោះ​រវាង​ប្រទេស​អូស្ត្រាលី និង​កម្ពុជា ដោយសារ​ជំងឺ​កូ​វី​ដ ព្រោះ​ព្រំដែន​ត្រូវ​បាន​បិទ ហើយ​តាម​ពិត​ទៅ សូ​ម្បី​តែ​ជើងហោះហើរ​រវាង​សិង្ហ​បុរី និង​អូស្ត្រាលី ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​ធ្វើ​ដំណើរ ។ តែ​ពេល​នេះ ព្រំដែន​បាន​បើក​វិញ​ហើយ សេដ្ឋកិច្ច​របស់​យើង​ក៏​កំពុង​ចាប់ផ្តើម​ងើបឡើង​វិញ ហើយ​សង្ឃឹមថា តម្រូវការ​ហោះហើរ​នឹង​មាន​វិញ ។ ថា​មិន​ត្រូវ​ទៅ​ថ្ងៃ​មុខ សេដ្ឋកិច្ច​កម្ពុជា​អាច​បន្ត​កើនឡើង ឬ​អាច​ត្រលប់​ទៅ​អត្រាកំណើន​មុន​ពេល​មានការ​ការ​រាតត្បាត​នេះ ដែល​មាន​ប្រហែល ៦ ទៅ ៧ ភាគរយ ក្នុង​មួយ​ឆ្នាំ ។ ហើយ​វា​នៅ​តែ​បន្ត​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ពី​និស្សិត ធុរកិច្ច ភ្ញៀវ​ទេសចរ ធ្វើ​ដំណើរ​រវាង​អូស្ត្រាលី និង​កម្ពុជា ប្រហែលជា​ថ្ងៃ​ណាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ ឬ​ក្រុមហ៊ុន​អាកាសចរណ៍​ណាមួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ នឹង​សម្រេចចិត្ត​ស្វែងរក​ជម្រើស​នៃ​ការ​បើក​ជើងហោះហើរ​ត្រង់ ។ ប៉ុន្តែ​ដូចដែល​ខ្ញុំ​បាន​និយាយ​មុន​នេះ គឺថា ត្រូវ​តែ​មានការ​ជំរុញ​ផ្នែក​ហិរញ្ញវត្ថុ​សម​ស្រប ត្រូវ​ធ្វើការ​ស្រាវជ្រាវ​លើ​តម្រូវការ​ចាំបាច់ មុន​ពេល​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​ធ្វើការ​សម្រេចចិត្ត ។

បើ​និយាយ​ពី​ចំនួន​ជនជាតិ​អូស្ត្រាលី​ដែល​មាន​ដើម​កំណើត​ខ្មែរ គឺ​មាន​ប្រហែល ៦៦ ០០០ នាក់ ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន បើ​គិត​ជា​ភាគរយ ព្រោះថា​ចំនួន​ប្រជាជន​សរុប​របស់​យើង​មាន​ចំនួន​ប្រហែល ២៥ លាន​នាក់​ប៉ុណ្ណោះ ។ ជា​ការ​ពិត​ណាស់​ជនជាតិ​អូស្ត្រាលី​ទាំងនេះ​ជា​ច្រើន​នាក់ ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​កម្ពុជា បាន​មក​នៅ​ទី​នេះ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ និង​រហូត​ដល់​ទសវត្សរ៍​ឆ្នាំ ១៩៨០ ជា​ជនភៀសខ្លួន​ដែល​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា ភៀសខ្លួន​ពី​ការ​ភ័យ​ខ្លាច​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ក្នុង​សម័យ​ខ្មែរក្រហម និង​ពី​សង្គ្រាមស៊ីវិល​ដែល​អូស​បន្លាយ​ជា​បន្តបន្ទាប់​មក ។ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​មក យើង​ក៏​បានឃើញ​ការ​ធ្វើ​ចំណាកស្រុក​សេដ្ឋកិច្ច​ជា​ច្រើន​ផង​ដែរ ព្រមទាំង​ការ​មក​នៅ​ជួបជុំ​គ្រួសារ និង​ការ​ចំណាកស្រុក​ដែល​មាន​ជំនាញ ។ ដូច្នេះ​ជនជាតិ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ចំនួន ៦៦ ០០០ នាក់ នេះ គឺជា​ចំនួន​ដ៏​ច្រើន​គួរសម ។ ជា​ចំនួន​មួយ​ប្រហែល​នឹង​ចំនួន​ប្រជាជន​ក្នុង​ខេត្តកំពង់ធំ វា​ជា​ចំនួន​ច្រើន​ណាស់ ។ ដើម​ឡើយ ភាគច្រើន​នៃ​ប្រជាជន​ទាំងនោះ​បាន​តាំងទី​លំនៅ​នៅ​ទីក្រុង Melbourne ក្នុង​រដ្ឋ Victoria ដូច​ជា នៅ Springvale ក្នុង​ក្រុង Melbourne ជា​កន្លែង​ដែល​ពូក​គេ​បាន​ចាប់ផ្តើម​ទៅ​រស់នៅ ។ វា​ជា​ផ្ទះ​របស់​ប្រជាជន​កម្ពុជា​ជា​ច្រើន​ដែល​បាន​មក​អូស្ត្រាលី​ជា​លើក​ដំបូង និង​កន្លែង​ខ្លះ​ទៀត​ដូច​ជា Cabramatta នៅ​ភាគ​ខាងលិច ទីក្រុង​ស៊ី​ដ​នី តែ​ក៏​មាន​ប្រជាជន​កម្ពុជា​រស់នៅ​ក្នុង​ទីក្រុង Brisbane និង Adelaide និង​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ហើយ​បាន​រួមចំណែក​យ៉ាង​ធំធេង​ដល់​ចំនួន​ប្រជាជន​ពហុ​វប្បធម៌​របស់​ប្រទេស​នេះ​ដែរ ។

រូបភាព៖ ស្រី គំនិត

សំណួរ​៖ ដោយសារ​តែ​ចំនួន​ពលរដ្ឋ​ខ្មែរ មែនទែន​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី គឺ​មាន​ចំនួន​ច្រើន អ៊ីចឹង​តើ​អូស្ត្រាលី​មាន​គម្រោង​នាំ​ចូល​ផលិតផល​កសិកម្ម ដូច​ជា ទុរេន ឬ​ស្វាយ​ជាដើម​ទៅ​ប្រ​ទស​អូស្ត្រាលី​ដែរ ឬទេ ?

ឯកឧត្តម Pablo Kang ៖ ខ្ញុំ​គិត​ថា នៅ​ពេល​នេះ​នៅ​មាន​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ការ​ធ្វើការ​នាំ​ចេញ​ទំនិញ​ទាំងនេះ ដែល​ខ្ញុំ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ខ្ញុំ​ដឹង មាន​ដូច​ជា លទ្ធភាព​នៃ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ដើម្បី​ដំណើរការ​ដើម្បី​បាន​បរិមាណ​ច្រើន និង​សមត្ថភាព​ក្នុង​ការ​បំពេញតម្រូវការ​ដើម្បី​បំពេញ​តាម​ពិធីសារ​សុវត្ថិភាព ។ ខ្ញុំ​គិត​ថា ទាំងនេះ​ជា​ឧបសគ្គ​រារាំង​ដល់​ការ​នាំ​ចេញ ដែល​រារាំង​ដល់​ការ​នាំ​ចេញ​ផ្លែ​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ ដូច​ជា ផ្លែស្វាយ និង​ទុរេន ជាដើម ទៅ​អូស្ត្រាលី ក្នុង​ពេល​បច្ចុប្បន្ន ។ ប៉ុន្តែ​តាម​រយៈ​កម្មវិធី​អភិវឌ្ឍ​របស់​យើង យើង​បាន​កំពុង​តែ​ធ្វើ​ការងារ​ដើម្បី​ពង្រឹង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​សក្តានុពល​នាំ​ចេញ​របស់​កម្ពុជា ដូច​ជា​កាលពី​ឆ្នាំ​មុន ខ្ញុំ និង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បើក​ដំណើរការ​ការ​សិក្សា​មួយ​ដែល​យើង​បាន​ធ្វើ​អំពី​សក្តានុពល​របស់​ដំណាំ និង​ផ្លែ​ឈើ ពិសេស​ចំនួន ១០ មុខ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​នាំ​ចេញ និង​អ្វី​ដែល​ជា​តម្រូវការ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​ដែល​ជាទី​ផ្សារ​នាំ​ចេញ​សំខាន់​ៗ រួម​មាន​ទាំង​នៅ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​ហ្ស​ឡង់ ។ ហើយ​ដំណាំ​ទាំងនោះ​រួម​មាន ដូច​ជា ម្ទេស ល្ង មៀន ចេក​ក្រៀម និង​ដំណាំ​ផ្សេង​ៗ ដែល​យើង​គិត​ថា​អាច​នាំ​ចេញ​បាន​ក្នុង​បរិមាណ​គ្រប់គ្រាន់ ជាមួយនឹង​សមត្ថភាព​ត្រឹមត្រូវ​។ និយាយ​អ៊ីចឹង អូស្ត្រាលី​ក៏​បាន​ទិញ​កសិផល​ជា​ច្រើន​ពី​កម្ពុជា​រួច​ហើយ ដូច​ជា អង្ករ​ដែល​ខ្ញុំ​បាន​និយាយ​មុន​នេះ និង​ទំនិញ​ផ្សេង​ទៀត ដូច​ជា ម្សៅ​ម្រុំ ម្រេច​ប្រភេទ​ផ្សេង​ៗ ហើយ​និង​គ្រាប់ស្វាយចន្ទី ។ ខ្ញុំ​មិន​ដែល​ញ៉ាំ​គ្រាប់ស្វាយចន្ទី​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ក្នុង​ពិភពលោក​ឆ្ងាញ់​ដូចដែល​ខ្ញុំ​បាន​ញ៉ាំ​នៅ​កម្ពុជា​ទេ ៕ (នៅមានត)