រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានប្រកាសថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនាម្សិលមិញ មានសន្លឹកឆ្នោតមិនបានការជិត ២ភាគរយ បើធៀបនឹងសន្លឹក ដែលមានក្នុងហិបទាំងអស់។
លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ មានចំនួន៧.៣៨២.៤៤៩ នាក់ ស្មើ ៨០.១៩% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបជាង ៩លាន ២សែននាក់។
អ្នកនាំពាក្យ ក៏បានឲ្យដឹងថា ចំពោះសន្លឹកឆ្នោត បានការ មានចំនួន ៧.២៣៦.២៤៤សន្លឹក និងសន្លឹកឆ្នោត មិនបានការ មានចំនួន ១៤៦.២០៥សន្លឹក បើធៀបនឹងចំនួនសន្លឹក ដែលមានក្នុងហិបចំនួន៧.៣៨២.៤៤៩ សន្លឹក ស្មើ ១.៩% ជាសន្លឹកឆ្នោតមិនបានការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។
សូមជម្រាបថា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ មានគណបក្សនយោបាយចំនួន ១៧ បានចូលរួមប្រកួតប្រជែង។ លទ្ធផលបឋមក្រៅផ្លូវការ បង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលសម្លេងគាំទ្រលើសលប់ ច្រើនជាងគណបក្សនយោបាយផ្សេងៗ។
តាមឯកសារគ.ជ.ប ដែលមិនមានស៊ីញ៉េ និងបោះត្រា បង្ហាញថា ការបោះឆ្នោឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា គឺគណបក្សប្រជាជនកម្បុជា ទទួលបានជាង ៥លាន ៣សែនសំឡេង គណបក្សភ្លើងទៀន ជាង ១លាន ៦សែនសំឡេង គណបក្សហ៊្វុនស៊ិនប៉ិច ជាង ៩ម៉ឺន ១ពាន់សំឡេង និងគណបក្សខ្មែររួបរួមជាតិ ជាង ៦ម៉ឺន ៣ពាន់សំឡេង។
យ៉ាងណាក៏ដោយ កាលពីយប់ថ្ងៃទី៥ ខែមិថុនា និងនៅព្រឹកថ្ងៃទី៦មិថុនា គជប បានប្រកាសលទ្ធផលបឋម ដែលបង្ហាញពីសំឡេងឆ្នោតគណបក្សនយោបាយនិមួយៗ ទទួលបាន នៅតាមឃុំសង្កាត់មួយៗ។ ការប្រកាសធ្វើឡើងតាមទូរទស្សន៍ជាតិកម្ពុជា ទទក វិទ្យុជាតិ និងតាមគេហទំព័រវេបសាយរបស់គជប។
រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ទើបគជប ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ នៃការបោះឆ្នោតឃុំសង្កាត់ ដែលបង្ហាញពីអាសនៈរបស់គណបក្សនយោបាយ ដែលទទួលបាននៅតាមឃុំសង្កាត់ ទូទាំងប្រទេស។
ប៉ុន្តែលទ្ធផលបឋមក្រៅផ្លូវការ ដែលប្រកាសដោយគណបក្សប្រជាជនកម្ពុជា បង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះលើសលុបលើគណបក្ស ១៦ផ្សេងទៀត ដោយទទួលបានតំណែងមេឃុំចៅសង្កាត់ ចំនួន ១៦៤៨ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់សរុប ១៦៥២ឃុំសង្កាត់ នៅទូទាំងប្រទេស។ រីឯគណបក្សភ្លើងទៀន ទទួលបានតំណែងមេឃុំ ៤ គឺនៅខេត្តកំពង់ចាម ១ និងនៅខេត្តកំពង់ធំ ៣៕ អ៊ាង ប៊ុនរិទ្ធ
ចែករំលែកព័តមាននេះ