បទេស ៖ សារព័ត៌មាន DailyMail និងសារព័ត៌មានអន្តរជាតិធំៗបានចុះផ្សាយ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ថា មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ បានប្រកាសថា គ្រោះរញ្ជួយដីក្រោមបាតសមុទ្រកម្រិត៦.៣រ៉ិចទ័រ និងជម្រៅ៨៣គីឡូម៉ែត្រ បានវា.យប្រហារកោះគ្រីត Crete ប្រទេសក្រិក នៅថ្ងៃពុធនេះដែលជំរុញឱ្យអាជ្ញាធរក្រិក ប្រកាសអំពាវនាវឱ្យប្រជាជន និងភ្ញៀវទេសចរចេញឲ្យឆ្ងាយពីតំបន់ឆ្នេរជាបន្ទាន់ បន្ទាប់ពីការព្រមានអំពីរលកយក្សស៊ូណាមិ ។

ដោយឡែក បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក ហៅកាត់ (USGS) បានកត់ត្រា កម្រិតរញ្ជួយដីនេះ ទាបជាងអាល្លឺម៉ង់បន្តិច គឺត្រឹមកម្រិត៦.១រ៉ិចទ័រប៉ុណ្ណោះ ។ ការខូចខាត បច្ចុប្បន្នចំពោះកោះនេះមិនត្រូវបានគេដឹងនោះទេ បើទោះបីជាទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិកប៉ាន់ប្រមាណថា មានហានិភ័យតិចតួចនៃការរអិលបាក់ដី ឬខូចទ្រង់ទ្រាយទឹកក្រោមដីក៏ដោយ ប៉ុន្តែអ្វីដែលច្បាស់នោះ គឺថាការរញ្ជួយដីនេះនឹងធ្វើរចនាសម្ព័ន្ធរបស់ដី នៅក្នុងតំបន់ប្រឈមនឹងបាត់បង់លំនឹង ។

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក ការរញ្ជួយដីនេះបានញ័ររង្គើរទៅដល់បណ្តាកោះជាច្រើនទូទាំងប្រទេសក្រិក ក៏ដូចជារញ្ជួយទៅដល់ឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសទួរគីថែមទៀតផង ជាក់ស្តែងប្រជាពលរដ្ឋនៅជុំវិញខេត្ត Muğla និងខេត្តAydın របស់ទួរគី មានអារម្មណ៍ដឹងថា មានការរញ្ជួយដីខណៈដែលតំបន់ឆ្ងាយៗពីចំណុចកណ្តាលនៃការរញ្ជួយក៏បានទទួលចំហាយញ័ររង្គើរផងដែរ ដូចជា ប្រទេសអេហ្ស៊ីប ស៊ីរី និងអ៊ីស្រាអែល ។
សូមជម្រាបថា កោះគ្រីត Crete គឺជាកោះធំជាងគេ មានប្រជាជនច្រើនជាងគេប្រចាំប្រទេសក្រិចជាកោះធំជាងគេទី៥ ប្រចាំសមុទ្រមេឌីទែរ៉ាណេ និងជាកោះធំជាងគេទី៨៨ នៅលើពិភពលោក ។

តំបន់ដែនកោះមួយនេះ ស្ថិតនៅក្នុងតំបន់ដែលមានសកម្មភាពរញ្ជួយដីបាតសមុទ្រខ្លាំងក្លាបំផុតប្រចាំទ្វីបអឺរ៉ុប ជាកន្លែងដែលប្លាកែតទ្វីបអាហ្វ្រិក និងអឺរ៉ាស៊ីប៉ះគ្នា ។ ការរញ្ជួយដី ត្រូវបានគេចាត់ទុកថា ជារឿងធម្មតាសម្រាប់ពលរដ្ឋនៅក្នុងតំបន់នេះ ជាពិសេសនៅតាមបណ្តោយ Hellenic Arc ដែលនាំមកនូវការរញ្ជួយដីខ្លាំងៗយ៉ាងបំផ្លិចបំផ្លាញនាពេលកន្លងមក ។
កោះគ្រីត Crete គឺជាផ្ទះរបស់មនុស្សជាង 624,000 នាក់ ដោយមានប្រហែលមួយភាគបីនៃចំនួនប្រជាជនទាំងអស់ នៅលើកោះនេះបានប្រមូលផ្តុំនៅក្នុងរដ្ឋធានី ហេរ៉ាក់កឺអន( Heraklion) ដែលមានចម្ងាយប្រមាណ១៤៥គីឡូម៉ែតពីកោះ Santorini ដ៏ល្បី ខណៈដែលកោះគ្រីតក៏ជាគោលដៅវិស្សមកាលដ៏ពេញនិយមបំផុតមួយ នៅក្នុងប្រទេសក្រិចមិនចាញ់កោះ Santorini ប៉ុន្មាននោះទេ ។

ជាទូទៅ ការរញ្ជួយដីណាមួយលើសពីកម្រិត៦.០ អាចបង្កការខូចខាត ប្រសិនបើវាវាយប្រហារតំបន់ដែលមានប្រជាជនរស់នៅ ។ យោងតាមសាកលវិទ្យាល័យ Michigan Tech ការរញ្ជួយដីប្រមាណ១០០ដង ដែលមានកម្រិតពី៦.១ ដល់៦.៩ ត្រូវបានកត់ត្រាថា បានកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសក្រិក ៕

ចែករំលែកព័តមាននេះ