កសិករត្អួញត្អែររឿងបន្លែបានផលមិនសូវចំណេញ ព្រោះតែប្រេងជីថ្នាំសាំងឡើងថ្លៃ(វីដេអូ)
- កណ្តាល
ខេត្តកណ្ដាល ៖ កសិករដាំបន្លែនៅក្នុងភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល បានត្អូញត្អែរថា ឆ្នាំនេះ គាត់បង្កបង្កើនផលមិនសូវបានចំណេញទេ ដោយសារប្រេង សាំង ជី ថ្នាំឡើងថ្លៃខ្លាំងពេក។
បើតាមកសិករដែលមានឈ្មោះ ប៉ែន ធឿន រស់នៅភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក បានរៀបរាប់ប្រាប់ឲ្យដឹងកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ថា គាត់បានជួលដីរបស់គេទំហំ៤០អា ក្នុងមួយឆ្នាំតម្លៃ៤៥ម៉ឺនរៀល ដោយគាត់បានដាំសាឡាត់ និងខ្ទឹមរយៈពេលជិត២០ឆ្នាំមកហើយ។

កសិករខាងលើបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលគាត់ជាប់មុខរបរដាំសាឡាត់ និងខ្ទឹមនេះ ព្រោះតែវាប្រើរយៈពេលខ្លីប្រមូលផលបាន ដោយបន្លែសារ៉ាត់ ប្រើរយៈពេលត្រឹមតែ៤០ថ្ងៃ គឺប្រមូលផលបានហើយ ហើយមិនសូវមានសត្វល្អិតមកយាយី ឬក៏ត្រូវប្រើជីគីមី ថ្នាំពុលច្រើននោះទេ។
កសិករខាងលើបានបន្ថែមទៀតថា ចំណែកដំណាំខ្ទឹមសន្លឹកវិញ ក៏ប្រើរយៈពេលត្រឹមតែ១ខែកន្លះប៉ុណ្ណោះ គឺអាចប្រមូលផលបាន ដោយកាត់ខ្លួនឯង ហើយគាត់ក៏បានដឹកយកទៅលក់ឲ្យឈ្មួញដល់ផ្ទះ ដោយក្នុងមួយគីឡូក្រាម តម្លៃ៣០០០រៀល ខណៈដែលឆ្នាំមុន ក្នុង១គីឡូក្រាម តម្លៃ៦០០០រៀល។

ទោះបីជាយ៉ាងណា កសិករខាងលើបានត្អួញត្អែរថា ឆ្នាំនេះបង្កបង្កើនបានផល មិនសូវបានចំណេញនោះទេ ដោយសារតែតម្លៃប្រេង សាំង ជី ថ្នាំ វាមានតម្លៃខ្ពស់ពេក។ ដូច្នេះហើយ កសិករសូមសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល មេត្តាជួយបញ្ចុះតម្លៃប្រេងសាំង និងជី ថ្នាំ ឲ្យចុះថោកបន្តិចផង៕



















ចែករំលែកព័តមាននេះ