ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ក្រឡាហោម ស ខេ​ង ចុះ​ពិនិត្យ​ដី​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប (​ដី​តំបន់​៣) ក្នុងភូមិ​សាស្ដ្រ​ខេត្តបាត់ដំបង

1 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៧ ខែឧសភា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី…

ខេត្តបាត់ដំបង ៖ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៧ ខែឧសភា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង និង​ឧបនាយករដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី
រួម​ជាមួយ​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការងារ​ពាក់ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី​តំបន់​៣ មក​ជា​ដី​តំបន់​២ ហើយ​ដី​តំបន់​២ មក​ជា​តំបន់​១ (​សម្រាប់​ដី​ប្រជាពលរដ្ឋ​ធ្វើការ​អាស្រ័យ​ផល​រាប់​សិប​ឆ្នាំ​) សម្រាប់​ផ្ដល់​កម្មសិទ្ធិ​ជា​ប្រជាពលរដ្ឋ ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​មាន​ប្រសាសន៍​ណែនាំ​ជា​ពិសេស​ដល់​អាជ្ញាធរ​មូលដ្ឋាន នៃ​ខេត្តបាត់ដំបង និង​ស្រុក​ទាំង​៤ នៅ​ជាប់​ដែន​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង មានស្រុក​មោងឫស្សី សង្កែ ឯក​ភ្នំ និង​ស្រុក​ថ្មគោល ព្រមទាំង​មន្ត្រី​តាម​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​នានា ក្នុង​ខេត្ត ត្រូវ​រួម​សហការ​គ្នា​ឱ្យ​បាន​ល្អ ក្នុង​ការ​ចុះ​ពិនិត្យ​វាយតម្លៃ អំពី​តំបន់​២ និង​តំបន់​៣ ឱ្យ​ច្បាស់លាស់ ដើម្បី​កាត់​ឆ្វៀល​ដី ដែល​ប្រជាពលរដ្ឋ បាន​អាស្រ័យ​ផល​ជាក់ស្តែង ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​ថា សម្តេច​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ខិតខំ​អនុវត្ត​នូវ​គោលការណ៍​ចំនួន​២ គឺ​ទី​១. ការ​ខិតខំ​អភិរក្ស​តំបន់​បឹង​ទន្លេសាប និង​ទី​២ គឺ​ការ​ខិតខំ​គោរព​ទៅ​តាម​ប្រវត្តិសាស្ត្រ​តំបន់​ដែល​ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ន័យ​ដើម្បី​គិតគូ​អំពី​ការ​ប្រកប​របរ​របស់​ប្រជា​កសិករ​ក្នុង​ការ​ដាំ​ដុះ​នេះ ។

សម្តេច ស ខេ​ង បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា តំបន់​បឹង​ទន្លេសាប​នេះ ចែក​ជា​ពីរ​កត្តាចាំបាច់ ដែល​កត្តា​ទី​១ ការ​អភិរក្ស និង​កត្តា​ទី​២ គឺ​ត្រូវ​តែ​គិតដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប​នោះ ។ បញ្ហា​បឹង​ទន្លេសាប ត្រូវ​គិត​លើ​គោលការណ៍​សំខាន់​៣ ហើយ​គោលការណ៍​ដែល​ត្រូវ​យកចិត្តទុកដាក់​នោះ គឺ​គោលការណ៍​ថ្លឹងថ្លែង​ជាមួយ​ការ​អភិរក្ស និង​គោលការណ៍​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាក់ស្តែង ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​បន្ត​ទៀត​ថា ក្រៅពី​នេះ គឺ​ទាក់ទង​នឹង​ការ​អភិរក្ស​បឹង​ទន្លេសាប ដូច​ជា​ការ​បោះបង្គោល​ព្រំប្រទល់ ដើម្បី​សម្រួល​ធ្វើ​យ៉ាងម៉េច កុំឱ្យ​បង្គោល​នេះ​មានការ​លួច​ចល័ត​ព្រំដែន ហើយ​ចុង​ក្រោយ​ទាក់ទង​នឹង​បញ្ហា​ផែនការ​យុទ្ធសាស្ត្រ ក្នុង​ការ​រក្សា​បឹង​ទន្លេសាប ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​នេះ ដើម្បី​រួម​សហការ​គ្នា ក្នុង​ការ​ថែរក្សា​ការពារ​បឹង​ទន្លេសាប ឱ្យ​បាន​គង់វង្ស តទៅ​អនាគត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សារ​ពិសេស​ណែនាំ​ឱ្យ​ពិនិត្យ​ពិចារណា​ស្ថានភាព​ជាក់ស្តែង ដោយ​កាត់​ឆ្វៀល​ដី​ពី​តំបន់​២ និង​តំបន់​៣ ជូន​ទៅ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជាក់ស្តែង អាស្រ័យ​ផល​យូរ​ឆ្នាំ មិន​រាប់​អ្នក​ទើប​ទៅ​កាន់កាប់​ត្រឹមតែ​២ ឬ​៣​ឆ្នាំ​នោះ​ទេ គឺជា​ទីតាំង​ដែល​បងប្អូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ គឺ​ត្រូវ​រក្សា និង​ចេញ​កម្មសិទ្ធិ​ជូន​ពួក​គាត់ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ធ្វើការ​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នកមាន​អំណាច និង​អ្នកមាន​លុយ ហើយ​ទៅ​ជ្រក​ក្រោម​រូបភាព ជា​ពលរដ្ឋ ហើយ​បាន​កាប់​ទន្ទ្រាន​ដី​ដែល​ត្រូវ​បាន​ហាមឃាត់​នៅ​បឹង​ទន្លេសាប ហើយ​ភូមិឋាន និង​ទីលំនៅ​របស់​ប្រជាពលរដ្ឋ ដែល​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ​នោះ មិន​អាច​រុះរើ​ចេញ​បាន​នោះ​ឡើយ ដូច្នេះ​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ក្រសួង​ធនធានទឹក ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​អាជ្ញាធរ​ខេត្ត ត្រូវ​ធ្វើការ​ពិនិត្យ​មើល​ថា តើ​កន្លែង​ណា​គោក​រាក់ ហើយ​ត្រូវ​បូម​ស្តារ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ