ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ចោរ​ស្រី​បន្លំ​ចូល​ផ្ទះ​លោកយាយ​អាយុ​៨១​ឆ្នាំ​យក​ប្រាក់​ជិត​២​ពាន់​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

មាន​ចោរ​ស្រី​ជើងឆើត​ចំនួន​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ បាន​ប្រើ​ល្បិច​ធ្វើ​ជា​សុំ​កា​.​ប់​សំបក​ដើម​ទៀប ដើម្បី​យក​ទៅ​ផ្សំ​ថ្នាំ​សម្រាប់​ស្ត្រី​សម្រាលកូន​ទាស់សរសៃ​ខ្ចី តែ​បែរជា​បន្លំ​លួច​យក​ប្រាក់​អស់​ជិត​២​ពាន់​ដុល្លារ

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​ចោរ​ស្រី​ជើងឆើត​ចំនួន​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ បាន​ប្រើ​ល្បិច​ធ្វើ​ជា​សុំ​កា​.​ប់​សំបក​ដើម​ទៀប ដើម្បី​យក​ទៅ​ផ្សំ​ថ្នាំ​សម្រាប់​ស្ត្រី​សម្រាលកូន​ទាស់សរសៃ​ខ្ចី តែ​បែរជា​បន្លំ​លួច​យក​ប្រាក់​អស់​ជិត​២​ពាន់​ដុល្លារ​អា​មេ​រិ​ក រួច​រត់គេច​ខ្លួន​បាត់ ។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ជា សៅ ភេទ​ស្រី អាយុ​៨១​ឆ្នាំ (​ជា​ជន​រង​គ្រោះ​) ស្ថិត​នៅ​ក្នុងភូមិ​តា​ទក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ខាងលើ មាន​ស្ត្រី​២​នាក់​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ មាឌ​ធាត់​ៗ អាយុ​ប្រហែល​ចាប់ពី​៣០​ទៅ​៤០​ឆ្នាំ ដោយ​ប្រើ​មធ្យោបាយ​ជិះ​ម៉ូតូ​១ គ្រឿង ពណ៌​ខ្មៅ មក​ធ្វើ​សកម្មភាព ដំបូង​បាន​ទុក​ម៉ូតូ​នៅ​ផ្លូវ​ចម្ងាយ​ប្រហែល​៤០​ម៉ែត្រ ហើយ​ក៏​បាន​ដើរ​ចូល​ទៅ​ជួប​ជន​រង​គ្រោះ​ដល់​មុខ​ផ្ទះ​តែ​ម្តង​។

ចោរ​ស្រី​ជើងឆើត​ទាំង​២​នាក់​នោះ​បាន​និយាយ​ទៅ​កាន់​ម្ចាស់ផ្ទះ​ថា «​ពួក​គេ​ជា​អ្នក​រស់នៅ​ខាងលិច​វត្ត​ភូមិ​នេះ​ដែរ ដោយ​មានធុរៈ​ប្អូនស្រី​ឆ្លងទន្លេ (​សម្រាលកូន​) ហើយ​ទាស់សរសៃ​ខ្ចី ដូច្នេះ​តម្រូវ​ឲ្យ​សុំ​ទួ​ស​សំបក​ដើម​ទៀប​អ៊ុំ (​ម្ចាស់ផ្ទះ​) ដើម្បី​យក​ទៅ​ធ្វើ​ថ្នាំ​ដាំ​ផឹក​ដែល​នាង​កំពុង​ដេក​ឈឺ​»​។

ដោយ​ការ​ប្រើ​ល្បិច​បោ​.​ក​បញ្ឆោត​ដូចនេះ និង​មានការ​ជឿ​ទុកចិត្ត អ៊ុំ​ម្ចាស់ផ្ទះ​ក៏​បាន​នាំ​ចោរ​ស្រី​ម្នាក់​ជូន​ទៅ​កា​.​ប់​ដើម​ទៀប​នៅ​ខាងក្រោយ​ផ្ទះ ហើយ​ចោរ​ស្រី​ម្នាក់​ទៀត​នោះ ក៏​បាន​សួរនាំ​អ៊ុំ​ស្រី​ជា​ច្រើន ទំនងជា​ទុក​ពេល​ឲ្យ​បក្សពួក​ម្នាក់​ទៀត​ចូល​ទៅ​រុក​រើ ដើម្បី​លួច​លុយ ។

បន្ទាប់​ពី​កា​.​ប់​ដើម​ទៀប​បាន​ហើយ ពួក​គេ​ក៏​ទៅ​ជួប​គ្នា​នៅ​កន្លែង​ទុក​ម៉ូតូ រួច​លា​ម្ចាស់ផ្ទះ​គេចខ្លួន​បាត់ ។ ក្រោយ​ពី​ចោរ​ស្រី​ចេញ​ផុត ម្ចាស់ផ្ទះ​មានការ​សង្ស័យ ព្រោះថា ពួក​ចោរ​មិន​បាន​យក​ដើម​ទៀប​ទៅ​ទេ ហើយ​ថែម​ទាំង​ទ្វារផ្ទះ​ចំហរ​ទៀត ទើប​ម្ចាស់ផ្ទះ​ចូល​ទៅ​មើល​ប្រាក់​ទុក​ក្រោម​ខ្នើយ​កន្លែងដេក ស្រាប់តែ​បាត់​អស់រលីង ដែល​ប្រាក់​ត្រូវ​បាត់បង់​នោះ គឺ​មាន​លុយ​ខ្មែរ ៤.៣៩០.០០០ រៀល និង ៦១០ ដុល្លារ​អា​មេ​រិ​ក រុំ​ក្រណាត់​ពណ៌​ស្វាយ ទុក​ក្នុង​ស្រោមខ្នើយ នៅ​ក្បាល​គ្រែ​ក្នុងផ្ទះ​ផ្ទាល់​ដី ។

នៅ​ពេល​ដឹង​ថា ចោរ​ប្រើ​ល្បិច​លួច​លុយ​អស់​ទៅ ភ្លាម​ៗ​នោះ​ម្ចាស់ផ្ទះ​ក៏​បាន​ទៅ​រក​អ្នក​ជិតខាង ឲ្យ​ជួយ​រាយការណ៍​ប្រាប់​មេ​ភូមិ និង​ប៉ូលិស ដើម្បី​តាម​ចាប់ចោរ​ស្រី​ជើងឆើត​ទាំង​២​នាក់​ដែល​លួច​លុយ​នោះ​វិញ តែ​ហួសពេល​ទៅ​ហើយ ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​នៅផ្ទះ​តែ​ម្នាក់ឯង​ទេ មាន​ចៅស្រី​ម្នាក់​រស់​ក្នុង​បន្ទុក​ដែរ តែ​នាង​ចេញ​ទៅ​ប្រលង​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ ហើយ​ផ្ទះ​អ្នក​ជិតខាង​មាន​ចន្លោះ​ឆ្ងាយ​ពី​គ្នា និង​បាំង​ដោយ​ព្រៃឈើ ដំណាំ​ជុំវិញ​ផ្ទះ ហើយ​ស្ងាត់​ទៀត​ផង នេះ​វា​ជា​ឱកាស​ងាយស្រួល​សម្រាប់​ចោរ​ធ្វើ​សកម្មភាព ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅ​ដល់ និង​បាន​ធ្វើ​កំណត់ហេតុ ស្រាវជ្រាវ កំណត់​ភិនភាគ និង​មុខសញ្ញា​ចោរ​ស្រី​ទាំង​២​នាក់​នោះ ដើម្បី​ស្វែងរក​ចាប់ខ្លួន នាំ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ