ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើទៅលេងសួនរុក្ខជាតិអង្គរ កុំភ្លេចជួយទិញ​ម្នាស់​​អ្នកភូមិ​ធម្មជាតិរុនតាឯក!

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ​ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក កំពុងប្រមូលផលម្នាស់ទឹកឃ្មុំ ដែលបានដាំបង្ហាញលើផ្ទៃដីជាង ២ហិកតា។ ការដាំដុះគឺប្រើប្រាស់​ជីធម្ម​ជាតិសុទ្ធសាធ និងទទួលបានការកោត​សរសើរថា…

ខេត្តសៀមរាប៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ​ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក កំពុងប្រមូលផលម្នាស់ទឹកឃ្មុំ ដែលបានដាំបង្ហាញលើផ្ទៃដីជាង ២ហិកតា។ ការដាំដុះគឺប្រើប្រាស់​ជីធម្ម​ជាតិសុទ្ធសាធ និងទទួលបានការកោត​សរសើរថា មានឱជារសផ្អែម​ឆ្ងាញ់។ សាធារណជន អាចភ្លក់រសជាតិម្នាស់ទឹកឃ្មុំ ដែលដាំដោយអ្នកភូមិធម្មជាតិរុនតាឯក នៅសួនរុក្ខជាតិអង្គរ។

លោក ស៊ុន កែវពិសី អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ប្រាប់ថា គម្រោងដាំ​បង្ហាញម្នាស់នៅក្នុងភូមិចាប់​ផ្តើមពីឆ្នាំ២០២១មក ដោយឆ្នាំដំបូងចំនួន ៦ពាន់ដើម លើផ្ទៃដីកន្លះ​ហិកតា និងទទួលផលល្អប្រសើរ។ ដោយទិន្នផលល្អដូច្នេះហើយ ទើបឆ្នាំ២០២២នេះ គម្រោងបាន​បំបែកកូន​ដាំជាបន្តបន្ទាប់ ដោយពង្រីកលើផ្ទៃដីសរុប ២ហិកតាកន្លះ។

ចំពោះការប្រើប្រាស់ជីវិញ លោក ស៊ុន កែវពិសី ប្រាប់ថា គឺប្រើជីអាចម៍មាន់ និងប្រភេទជីកំប៉ុស្ត ហើយការប្រើជីធម្មជាតិដូច្នេះ អ្នកជំនាញប្រាប់ថា បានទិន្នផលល្អមិនចាញ់ប្រើជីគីមីប៉ុន្មានទេ និងមិនប៉ះពាល់សុខភាពទៀត។ ចំណែកទីផ្សារវិញ ការដាំនៅឆ្នាំនេះ គឺបេះលក់នៅសួនរុក្ខជាតិ​អង្គរ ដែលអាជ្ញាធរជាតិអប្សរាទើបនឹងសម្ពោធកាលពីថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២២ ហើយមានការគាំទ្រច្រើនពីសាធារណជនដែលបានចូលទៅទស្សនាក្នុងសួនមួយនេះ។

ក្រៅពីម្នាស់ ក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនេះ ក៏មានដាំផ្លែឈើចម្រុះដទៃទៀត រួមមាន ផ្លែខ្នុរ ស្រកានាគ អំពៅ។ល។ បង្ហាញដល់ពលរដ្ឋក្នុងភូមិ និងលើកទឹកចិត្តដល់ពួកគេ​ដាំដុះ​ឱ្យបានច្រើនផងដែរ។ ចំពោះដំណាំម្នាស់វិញ មានពលរដ្ឋ៤គ្រួសារហើយដែលចាប់អារម្មណ៍ ហើយគម្រោងនេះបានចែកពូជកូនសរុប ១២០០កូន ដល់ពលរដ្ឋដោយឥតបង់ថ្លៃ ក្នុងន័យលើក​ស្ទួយកម្រិតជីវភាពពួកគេឲ្យមានភាពល្អប្រសើរ និងដែលពួកគេយកទៅដាំលើផ្ទៃដី ដែលអាជ្ញាធរជាតិអប្សរាចែកជូន។ នេះជាការបញ្ជាក់របស់លោក ស៊ុន កែវពិសី។

លោក ស៊ុន កែវពិសី ក៏លើកឡើងពីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីបន្ត​អភិវឌ្ឍន៍​ភូមិនេះ ដូចជា បានបន្តរៀបចំជាផ្លូវថ្នល់ និងប្រព័ន្ធប្រឡាយ៤ខ្សែបន្ថែមទៀត សម្រួល​ដល់ការធ្វើដំណើរ និងយកទឹកស្រោចស្រពសម្រាប់ដំណាំកសិកម្មប្រជាពលរដ្ឋក្នុងភូមិ​ទាំងមូល​ផងដែរ៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ