ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​អតីត​មេ​បក្ស​ខ្មែរ​ក្រោក​​និង​គូកន ក្នុង​សំណុំរឿង​ប្លន់​អ្នកលក់​ឡេ​តាម​អន​ឡាញ

1 ឆ្នាំ មុន
  • ភ្នំពេញ

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ (​ឧក្រឹដ្ឋ​) មួយ ដែល​មាន​ជនជាប់ចោទ​អតីត​ជា​មេ​បក្ស​ខ្មែរ​ក្រោក និង​គូកន មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ពាក់ព័ន្ធ​ពី​បទ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ (​ឧក្រិដ្ឋ​) មួយ ដែល​មាន​ជនជាប់ចោទ​អតីត​ជា​មេ​បក្ស​ខ្មែរ​ក្រោក និង​គូកន មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ពាក់ព័ន្ធ​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» ប្លន់​អ្នកលក់​ឡេ​តាម​អន​ឡាញ ។

សវនាការ​នោះ បាន​បញ្ចប់​ទៅ​វិញ បន្ទាប់​ពី​ការ​សាកសួរ​ដេញដោល​លើ​ជនជាប់ចោទ​រហូត​ដល់​ម៉ោង​សម្រាក តែ​បាន​កំណត់​យក​ថ្ងៃ​ទី​៩ ខែមិថុនា ខាង​មុខ​បន្ត​ទៀត ។ សវនាការ​នេះ មាន​លោកស្រី ឈុ​ន ដា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​មាន​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ និង លោក កេ​ត សុ​ជាតិ ជា​ចៅក្រម​អម និង​តំណាង​អយ្យការ​មាន​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សវនាការ​បាន​ធ្វើ​ឡើងជា​សាធារណៈ និង​ចំពោះ​មុខ​ជន​ជាប់​ទាំង​៧​នាក់ ដែល​ក្នុង​នោះ​ក្រុមប្រឹក្សា​បាន​សួរ​ដេញដោល​លើ​ជនជាប់ចោទ​ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ហៅ​សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ វិ​ល្លាម គ័ង ដែល​អតីត​ជា​ប្រធាន​គណៈបក្ស​ខ្មែរ​ក្រោក និង​ជា​មេខ្លោង​ចោរប្លន់​ផ្ទះ​អ្នកលក់​ឡេ​តាម​អន​ឡាញ ។

ឆ្លើយ​និង​សំនួរ ជនជាប់ចោទ​ជា​មេខ្លោង​រូប​នោះ បាន​សារភាព​ទទួលស្គាល់​ថា ខ្លួន​ពិតជា​មេខ្លោង​ដឹកនាំ​ក្រុម​ប្លន់​យក​ទ្រព្យសម្បត្តិ​អ្នកលក់​ឡេ​មែន ដែល​គម្រោងការ​នោះ​ទៀត​សោ​ធ​បាន​រៀបចំ​តែ​មួយ​ថ្ងៃ ក៏​ចាប់ផ្តើម​ចេញ​ទៅ​ធ្វើ​សកម្មភាព​ប្លន់​តែ​ម្តង ។ សំនួរ​សួរ​ថា តើ​ការ​រៀប​គម្រោង​ប្លន់​យក​ទ្រព្យសម្បត្តិ មាសប្រាក់ លុយ កាក់ ពី​ជន​រង​គ្រោះ ក្នុង​គោលបំណង​យក​ទៅ​ធ្វើ​អី? មេចោរ​ប្លន់​ឆ្លើយ​របៀប​ឡូយ​ខា​យ​ថា ធម្មតា​ធ្វើ​ជា​មេ​បក្ស ធ្វើ​អ្វី​សុទ្ធតែ​មាន​គំ​ម្រោ​ង ប៉ុន្តែ​ពេល​នេះ សុំ​ប្រើ​សិទ្ធិ​មិន​ឆ្លើយ​ទៅ​នឹង​គម្រោង​នោះ ។

សូម​រម្លឹក​ថា លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នឹង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ នេះ​ថា លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​បើក​ការ​ស៊ើបសួរ លើ​សំណុំរឿង​មេ​បក្ស​ខ្មែរ​ក្រោក ដែល​ជា​មេចោរ​ប្លន់​អ្នកលក់​ឡេ​តាម​អន​ឡាញ គឺ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ចំនួន​៣​បទល្មើស ៖ ១-​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស​, ២-​បទ​កាន់កា​.​ប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​៣-​បទ​ក្លែង​ឯកសារ​សាធារណៈ ។ តែ​ក្នុង​នោះ​ក៏​មាន​ជនសង្ស័យ​ខ្លះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​សមគំនិត​ក្នុង​អំពើ​លួច​» (​ដោយ​មាន​ស្ថាន​ទម្ងន់ទោស ) បទ​ចោទ​កាន់​នេះ គឺ​តាម​មាត្រា​២៩ មាត្រា​៣៥៣ មាត្រា​៣៥៧ មាត្រា​៤៩០ និង​មាត្រា​៦២៩ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ​ក្នុង​ការ​ចោទប្រកាន់​ខាងលើ​នេះ មាន​ចំនួន​៧​នាក់ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​នគរ​បាល​​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់​បញ្ជូន​ជនសង្ស័យ​២​នាក់ ដោយ​ម្នាក់​ឈ្មោះ កេ​ត ម៉ាច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​សមាជិក​គណបក្ស​ខ្មែរក្រហម មាន​ទីលំនៅ​ភូមិ​ប្រមូលផ្តុំ ឃុំ​ត្រាច ស្រុក​ជ័យ​សែន ខេត្ត​ព្រ​វិហារ និង​ម្នាក់​ឈ្មោះ ថុ​ន វឌ្ឍនៈ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ និង​ទិញ​លក់​រថយន្ត មាន​ទីលំនៅ​ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២១ បាន​បញ្ជូន​ជនសង្ស័យ​ជា​មេ​បក្ស និង​ជា​មេខ្លោង​ចោរប្លន់​ប្រដាប់​អាវុធ​ប្លន់​អ្នកលក់​ឡេ​តាម​ឡាញ និង​បក្សពួក​ចំនួន​៣​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ និង​ដាក់​ជូន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការ​កាត់ទោស​តាម​ច្បាប់​ជា​ធរមាន ។

ជនសង្ស័យ​ទាំង​៤​នាក់ រួម​មាន ៖ ១- ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ហៅ​សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ វិ​ល្លាម គ័ង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ប្រធាន​គណៈបក្ស​ខ្មែរ​ក្រោក និង​ជា​មេខ្លោង​ចោរប្លន់​ផ្ទះ​អ្នកលក់​ឡេ​តាម​អន​ឡាញ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី មានស្រុក​កំណើត​នៅ​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម នឹង​មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​បុរី​ប៉េង​ហួត ផ្ទះ​លេខ​៨ ផ្លូវ​លេខ​៣ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ២- ឈ្មោះ អោ រ៉ា​ម៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​អ្នក​បើករថយន្ត មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំ​ពង​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ៣- ឈ្មោះ សុវណ្ណ រ៉ា​នុ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​បុរី​ប៉េង​ហួត ផ្ទះ​លេខ​៨ ផ្លូវ​លេខ​៣ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ និង​៤- ឈ្មោះ សុវណ្ណ ស្រី​សុរិយោ​ព័​ណ ភេទ​ស្រី អាយុ​២៤​ឆ្នាំ (​ត្រូវជា​ប្រពន្ធ វី​ល្លាម គ័ង​) មុខរបរ​លក់ដូរ ស្នាក់​នៅ​បុរី​ប៉េង​ហួត ផ្ទះ​លេខ​៨ ផ្លូវ​លេខ​៣ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ជា​ផ្លូវការ​ថា ករណី​ប្លន់​ផ្ទះ​អ្នកលក់​ឡេ​អន​ឡាញ អ៊ា​ន សៀវ​ម៉ី កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ដែល​ក្រុម​ចោរ​មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​យក​បាន​គ្រឿង​ពេជ្រ​ទៅ​មួយ​ចំនួន រួច​រត់គេច​ខ្លួន​បាន​ត្រឹមតែ​មួយ​យប់ ក៏​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បាន​ទទួល​ការ​អនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា ច្រឹង ខ្មៅ ចាត់​ឲ្យ​លោក​ព្រះរាជអាជ្ញា​រង សិត វណ្ណៈ សម្របសម្រួល និង​ដឹកនាំ​បញ្ជា​កម្លាំង​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង​មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បង្ក្រាប​ដល់​សម្បុក​មេខ្លោង​ធំ ដែល​ជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បាន​ប្រមូល​យក​គ្រឿង​ពេជ្រ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ហើយ​ជនសង្ស័យ​បាន​បញ្ជូន​ដល់​តុលាការ​ហើយ ។

តាម​ចម្លើយ​របស់​ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ហៅ​សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ វិ​ល្លាម គ័ង ដែល​ជា​មេខ្លោង និង​ជា​អ្នក​រៀបចំ​ផែនការ បាន​បញ្ជាក់​ថា សកម្មភាព​ចូល​ប្លន់​ផ្ទះ​អ្នកលក់​ឡេ​អន​ឡាញ អ៊ា​ន សៀវ​ម៉ី នេះ គឺ​ខ្លួន​រៀប​ផែនការ​មុន​តែ​មួយ​ថ្ងៃ​ទេ ដោយ​ចេញ​ធ្វើ​សកម្មភាព​ចំនួន​០៥​នាក់ ខ្លួន​ជា​អ្នកដឹកនាំ​ផ្ទាល់​តែ​ម្តង មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​សម្រេចចិត្ត​ប្លន់ គឺ​ដោយសារ ៖

ទី​១- សព្វថ្ងៃ​ខ្លួន​ខ្វះខាត​លុយកាក់​ទ្រទ្រង់​ជីវភាព និង​បក្ស ជាក់ស្តែង​រថយន្ត​ដែល​ខ្លួន​ជិះ គឺ​បង់​រំ​លោះ​មិន​ទាន់​ដាច់​នៅឡើយ ហើយ​ផ្ទះ​ដែល​ខ្លួន​រស់នៅ គឺ​ជួល​ក្នុង​តម្លៃ ២៥០០​ដុល្លារ​ក្នុង​១​ខែ ជំពាក់​ឈ្នួល​ផ្ទះ​គេ​២​ខែ​ហើយ ចំណែក​ស្នាក់​ការ​បក្ស​ចំនួន​១៦​ខេត្ត ក៏​មិន​មាន​ប្រាក់​បង់​ឈ្នួល​ផ្ទះ​ឲ្យ​គេ ព្រមទាំង​ជំពាក់​បំណុល​គេ​ជុំ​ទិស​ទៀត​ផង​។ ទី​២- គឺ​ខ្លួន​មាន​ទស្សនៈ អ្នកក្រ​និយម ជ្រេញ​ពួក​អ្នកមាន ឡាយ​តាម Facebook បង្អួត​ទ្រព្យសម្បត្តិ ដូចនេះ ក៏​កើត​ចិត្ត​ចង់ ព្រមាន​ដល់​អ្នកមាន​មួយ​ចំនួន​ដែល​មាន​ចរិត​បែប​នេះ ។

កន្លង​មក​ពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព​ប្លន់​ចំនួន​០២​លើក ដោយ​ទី​១- គឺ​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ធ្វើ​សកម្មភាព​ប្លន់​ម្ចាស់​បុរី​ម៉​ន​ដា​នី នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ តែ​មិន​បាន​សម្រេច ព្រោះ​នៅ​ថ្ងៃ​ធ្វើ​សកម្មភាព ស្រាប់តែ​ជន​រង​គ្រោះ​មិន​បាន​នៅ​ក្នុង​ឡាន​ដែល​ពួក​ខ្លួន​បាន​កាក់​ប្លន់ ក៏​ក្លែង​ធ្វើ​ជា​សួរនាំ​ក្នុង​នាម​សមត្ថកិច្ច ហើយ​ពេល​នោះ​ខ្លួន​មិន​បាន​ចូលរួម​ទេ គឺ​ឲ្យ​តែ​កូនចៅ​០៥​នាក់ អាវុធ​វែង​០១​ដើម អាវុធ​ខ្លី​០២​ដើម និង​ក្លែង​ឯកសណ្ឋាន​សមត្ថកិច្ច ចុះ​ទៅ​ធ្វើ​សកម្មភាព ។

ទី​២- គឺ​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ខ្លួន​បាន​ប្រើ​រូបភាព​ដូច​លើក​ទី​១​ដែរ គឺ​ក្លែង​ឯកសណ្ឋាន​សមត្ថ​កិច្ច និង​ក្លែង​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ចុះ​ទៅ​ធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ នៅផ្ទះ​អ្នក​ឡេ​អន​ឡាញ​ឈ្មោះ អ៊ា​ន សៀវ​ម៉ី បាន​សម្រេច ដោយ​ប្រមូល​បាន​គ្រឿង​ពេជ្រ​មួយ​ចំនួន តែ​រំលង​បាន​តែ​១​យប់ ក៏​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​ដល់​ផ្ទះ ដោយ​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១២​នាក់ អាវុធ​វែង​ខ្លី​ចំនួន​០៥​ដើម​ភ្លាម​ៗ និង​គ្រឿង​ពេជ្រ​ជា​ច្រើន​ឈុត​ត្រឡប់​មក​វិញ ក្រោយមក​ឆែក​ឃើញ​អាវុធ​០១​ដើម​ទៀត លាក់​នៅ​មាត់​លូ សរុប​ដកហូត​បាន​អាវុធ​០៦​ដើម ។

ក្រោម​វិធានការ​ជំនាញ ក្នុង​ចំណោម​មនុស្ស​១២​នាក់ ដែល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ចំនួន​០៤​នាក់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ