កន្លងទៅមានពលរដ្ឋអ្នកប្រើប្រាស់ប្រេងសាំងមិនតិចទេបានរអ៊ូរទាំថាអ្នកលក់សាំងស៊ីលីត្រ ។ ចាក់១០លីត្រទំនងមិនគ្រប់ចំនួនឡើយ ។
![Picture]()
ពលរដ្ឋខ្លះថា ម៉ាស៊ីនចាក់សាំងខ្លះចេញតែខ្យល់ ១០លីត្រទំនងចេញតែ៩លីត្រ ។ ទោះរអ៊ូ និងសង្ស័យបែបណា ប៉ុន្តែពលរដ្ឋមិនដឹងធ្វើយ៉ាងមេ្តច ពីព្រោះវាទាក់ទងបច្ចេកទេស ។ ការតវ៉ាជាមួយបុគ្គលិកចាក់សាំងបានត្រឹមថា «គ្មាននរណាស៊ីសាំងបងទេ» ។ ភាពស្មោះត្រង់ សីលធម៌ជាមធ្យោបាយមួយសំខាន់ក្នុងការធានាថា សាំងគ្រប់ចំណុះ មានគុណភាពតាមស្តង់ដារ ។ ស្មោះត្រង់ មិនចំណាយប្រាក់ មិនរំខានអាជ្ញាធរឡើយ ។
![Picture]()
ស្របពេលដែលប្រេងសាំងកំពុងឡើងថ្លៃកប់ពពក ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែកនេះ អាជ្ញាមានសមត្ថកិច្ចបានរកឃើញកន្លែងលក់ប្រេងសាំងមួយចំនួនលក់ប្រេងសាំងមិនគ្រប់ចំណុះ គុណភាពមិនស្របតាមស្តង់ដារជាបន្តបន្ទាប់ ។
ជាក់ស្តែងនៅថ្ងៃទី២៣ ខែឧសភាមុននេះ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ក្នុងការទប់ស្កាត់អំពើមិនសុចរិត និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់ក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺបាននឹងបន្តចុះត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូ ដើម្បីស្វែងរកភាពមិនអនុលោមណាមួយ ចៀសវាងការកេងប្រវ័ញ្ចណាមួយពីអតិថិជនដែលជាអ្នកប្រើប្រាស់ ។
![Picture]()
ក្នុងបេសកកម្មនេះ មន្ត្រីជំនាញបានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន៥ទីតាំង ក្នុងចំណោម២៥ស្ថានីយ/ដេប៉ូដែលបានត្រួតពិនិត្យ ។ ស្ថានីយលក់សាំងល្មើសទាំងនោះព្រមទទួលពិន័យអន្តរការណ៍ពីមន្ត្រីជំនាញផងដែរ ។
ក្រៅពីនេះ នៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ មន្ត្រីជំនាញដដែល កាលពីថ្ងៃទី១៨និង១៩ ខែឧសភា ឆ្នាំ២០២២បានចុះត្រួតពិនិត្យអនុលោមភាពតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈសរុបចំនួន២៥ទីតាំងក្នុងនោះបានរកឃើញថា មានដេប៉ូប្រេងឥន្ធនៈចំនួន៧ទីតាំងបានលក់សាំងមិនមានភាពអនុលោមតាមស្តង់ដារ ។
លទ្ធផលការងាររបស់មន្ត្រីជំនាញបង្ហាញថា ការបន្លំលីត្រ និងគុណភាពប្រេងសាំងនៅកម្ពុជាពិតជាមាននៅក្នុងពេលសាំងកំពុងឡើងថ្លៃខ្លាំងនោះ ។ ចន្លោះពីថ្ងៃទី២១ ដល់៣១ ខែឧសភា ឆ្នាំ២០២២ សាំងធម្មតា១លីត្រ តម្លៃ៥៦០០រៀល ដោយឡែកប្រេងម៉ាស៊ូត ១លីត្រ តម្លៃ៥.៤០០រៀល បើតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ។ ចំបោះប្រេងសាំងស៊ូពែរ មានតម្លៃ ៦១៥០រៀលក្នុងមួយលីត្រ ៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ