រាជធានីភ្នំពេញ ៖ បន្ទាប់ពីរួមរ័កជាមួយសង្សាររបស់ខ្លួនបានសម្រេចម្តងរួចមក កន្លងទៅបាន២ថ្ងៃនាងជាសង្សារបានប្រាប់ម្តាយនាងឲ្យដឹង ស្រាប់តែត្រូវម្តាយប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបុរសជាសង្សារតែម្តង ។ យុវជនជាសង្សារត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហួរ ដែលមានទីតាំងផ្ទះលេខ១៥១ ផ្លូវលេខ២១៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសឈ្មោះ វ៉ា ឆៃ អាយុ២៤ឆ្នាំ ជាសន្តិសុខឯកជន ស្នាក់នៅបណ្ដោះអាសន្នផ្ទះលេខ១៥១ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានស្រុកកំណើតភូមិ១២ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទរួមភេទជាមួយក្មេងស្រីជាសង្សារដែលទើបតែមានអាយុ១២ឆ្នាំ ។
ប្រភពពីគូស្នេហ៍ទាំង២នាក់បានឲ្យសមត្ថកិច្ចដឹងថា គេទាំង២នាក់មានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលប្រហែល១ខែហើយ ដោយខាងស្រីតែងតែមកអង្គុលេងជាមួយខាងប្រុសដែលយាមនៅមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហួរ ជាញឹកញាប់ ។
គូស្នេហ៍ទាំង២នាក់បានឲ្យដឹងទៀតថា នៅវេលាម៉ោងប្រហែលជាង៦ល្ងាច ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការព្រមព្រៀងគ្នា បុរសជាសង្សារបាននាំក្មេងស្រីជាសង្សារទៅរួមរ័កគ្នារហូតបានសម្រេចម្តងនៅផ្ទះម្តាយមីងនៅម្តុំផ្សារអូរឫស្សី ហើយក៏បាននាំត្រឡប់មកផ្ទះវិញរៀងៗខ្លួន ។ លុះព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ក្មេងស្រីជាសង្សារបានប្រាប់ម្តាយពីរឿងរួមរ័កជាមួយសង្សារ ក៏ត្រូវម្ដាយនាងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ខ្លួនបុរសជាសង្សារតែម្តង ។
ក្រោយពេលចាប់ខ្លួន បុរសជាសង្សារត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ