ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្លាយ​វី​ដេ​អូ ទើប​ឪពុក​ដឹង​ថា កូនប្រុស​មិន​ទាត់​តុក្កតា(​តម្លៃ​ជិត​$៧,០០០) ដូច​បុគ្គលិក​ហាង​ចោទប្រកាន់​ឡើយ

1 ឆ្នាំ មុន

ហុងកុង ៖ ឪពុក​ម្នាក់ បាន​បង់លុយ​អស់​ចំនួន HK$ ៣៣,៦០០ (​ជា​ប្រាក់​ដុល្លារ​ហុងកុង ស្មើនឹង ៤,២៥៥​ដុល្លារ​អា​មេ​រិ​ក​) ឲ្យ​ម្ចាស់​ហាង…

ហុងកុង ៖ ឪពុក​ម្នាក់ បាន​បង់លុយ​អស់​ចំនួន HK$ ៣៣,៦០០ (​ជា​ប្រាក់​ដុល្លារ​ហុងកុង ស្មើនឹង ៤,២៥៥​ដុល្លារ​អា​មេ​រិ​ក​) ឲ្យ​ម្ចាស់​ហាង KKPlus ជា​កន្លែង​លក់​ប្រដាប់ប្រដា​ក្មេង​លេង បន្ទាប់​ពី​កូនប្រុស​របស់​គាត់ ត្រូវ​បាន​បុគ្គលិក​ហាង​អះអាង​ថា បាន​ទាត់​តុក្កតា Teletubbies ពណ៌​មាស កម្ពស់​១.៨​ម៉ែត្រ បណ្តាល​អោយ​ដួល​បែក​ខ្ទេច​ជា​បំណែក​ៗ ។

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​២២ ឧសភា ២០២២ ក្នុង​ហាង KKPlus នៅ​ផ្សារ​ទំនើប Langham Place ទីក្រុង Mong Kok របស់​ហុងកុង ។

ប៉ុន្តែ​បន្ទាប់​ពី​វី​ដេ​អូ នៃ​ឧប្បត្តិ​ហេតុនេះ ដែល​ថត​ចេញពី​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្មេង​អាយុ ៥​ឆ្នាំ បាន​ផ្អែក​លើ​តុក្កតា​នោះ មិន​ដូច​អ្វី ដែល​បុគ្គលិក​នៅ​ក្នុង​ហាង KKPlus បាន​ចោទប្រកាន់​ថា ក្មេង​បាន​ទាត់​តុក្កតា​នោះ​ឡើយ ។

លោក Cheng ជា​ឪពុក បាន​រៀបរាប់​ហេតុការណ៍​ខាងលើ​នេះ ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា​នេះ​ថា លោក​និង​ប្រពន្ធ បាន​នាំ​កូនប្រុស ២​នាក់ ដើរ​ផ្សារ​ទំនើប Langham Place កាលពី​ល្ងាច​ថ្ងៃអាទិត្យ ។ ពេល​មក​ដល់​ហាង KKPlus រូប​គាត់​បាន​ដើរ​ចេញ​មួយ​ភ្លែត ដើម្បី​លើក​ទូរ​សព្ទ​និយាយ ស្រាប់តែ​ឮ​ស្នូរ​សំឡេង​ធ្លាក់​បែក​ពីក្រោយ​ខ្នង​គាត់ ។ ភ្លាម​នោះ គាត់​បែរមក​វិញ ឃើញ​កូនប្រុស​របស់​គាត់ កំពុង​សម្លឹង​មើល​តុក្កតា Teletubbies ពណ៌​មាស កម្ពស់ ១,៨​ម៉ែត្រ បាន​ធ្លាក់​បែក​ខ្ចាយ​នៅ​លើ​ឥដ្ឋ ដោយ​ក្បាល​តុក្កតា​បែក​ចេញពី​ខ្លួន ហើយ​ដៃ​បាន​បែក​ខ្ទេច ។

លោក Cheng និយាយ​ថា ពេល​នោះ​កូនប្រុស​របស់ខ្ញុំ ឈរ​ស្រឡាំងកាំង ស្ងៀម​គ្មាន​ចលនា ។ រីឯ​ប្រពន្ធ​ខ្ញុំ ក៏​និយាយ​អ្វី​មិន​ចេញ បាន​ត្រឹមតែ​ឈរ​ឱបដៃ សម្លឹង​ទៅ​កូនប្រុស ។

លោក Cheng បាន​និយាយ​ប្រាប់​វិទ្យុ​បន្ត​ទៀត​ថា ក្រោយមក​មាន​បុគ្គលិក​ហាង បាន​ប្រាប់​គាត់​និង​ប្រពន្ធ ថា​កូនប្រុស​ច្បង​របស់ខ្ញុំ បាន​ទាត់​តុក្កតា Teletubbies នោះ ហើយ​បាន​សុំ​ឲ្យ​ពួក​ខ្ញុំ ចំណាយ​សង​លើ​ថ្លៃដើម​តុក្កតា​ដែល​ខូចខាត ។

ដោយ​ជឿ​ថា វា​ជា​កំហុស​របស់​កូនប្រុស​មែន លោក Cheng បាន​យល់ព្រម​បង់ប្រាក់ សម្រាប់​តុក្កតា ដែល​ដាក់​លក់​ក្នុង​តម្លៃ HK$ ៥២,៨០០ (​ស្មើ ៦,៧២៦​ដុល្លារ​អា​មេ​រិ​ក​) ។ ប៉ុន្តែ​ម្ចាស់​ហាង ប្រាប់​ពួក​គាត់​ថា ហាង​នឹង​ប​ញ្ជុះ​តម្លៃ​ឲ្យ​គាត់ គឺ​បង់​ត្រឹមតែ HK$ ៣៣,៦០០​ដុល្លារ​ប៉ុណ្ណោះ (​ស្មើ ៤,២៥៥​ដុល្លារ​អា​មេ​រិ​ក​) ។

ក្រោយ​ពី​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ពេល​ដែល​លោក Cheng បានឃើញ​វី​ដេ​អូ ដែល​គេ​បង្ហោះ​នៅ​លើ​ប​ញ្ដា​ញ​សង្គម នៅ​យប់​ថ្ងៃអាទិត្យ ទើប​គាត់​ដឹង​ថា កូនប្រុស​របស់​គាត់ ត្រូវ​បុគ្គលិក​ហាង​ចោទ​ប្រកាន់​​ខុស​ការ​ពិត ។ ហើយ​ប្រពន្ធ​របស់​លោក បាន​ទូរ​សព្ទ​ទៅ KKPlus ទាំង​យប់​នោះ ប៉ុន្តែ​ហាង​ក៏​បាន​បិទទ្វារ​ទៅ​ហើយ ។

លោក Cheng បាន​បន្ថែម​ថា ៖ «​កូនប្រុស​របស់​លោក នៅ​តែ​មាន​អារម្មណ៍​តក់ស្លុត ដោយសារ​ឧបទ្ទវហេតុ​នោះ ។ នៅ​ថ្ងៃ​ទី​២៤​នេះ គាត់​ឈប់​រៀន​មួយ​ថ្ងៃ ។ កាលពី​ម្សិលមិញ គាត់​បាន​សួរ​ខ្ញុំ ០៣​ដង ថា​ហេតុ​អ្វី​បានជា​តុក្កតា​នេះ គួរ​ឲ្យ​ខ្លាច​ដូច្នេះ​ប៉ា ?​» ។

រឿងរ៉ាវ​មួយ​នេះ ធ្វើ​ឲ្យ​មានការ​ជជែក​វែកញែក​យ៉ាងច្រើន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​មាន​មតិ​ខ្លះ បាន​ចោទប្រកាន់​ហាង KKPlus ថា បាន​បោកប្រាស់​ឪពុក ហើយ​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​តុក្កតា​ថ្លៃ​ម្ល៉េះ ? របស់​ថ្លៃ ម្ត៉េ​ច​ដាក់​របស់​ការពារ​តុក្កតា​នោះ​កុំ​ឲ្យ​មនុស្ស​ចូល​ទៅ​ជិត​វា ? ។ យ៉ាងណា ក៏​មាន​អ្នកខ្លះ​ទៀត​បាន​ដាស់តឿន​ថា ឪពុក​ម្តាយ​គួរតែ​មើល​កូន​ៗ​ឲ្យ​បាន​ដិត​ដល់ ព្រោះ​ក្មេង​ៗ​វា​រពឹស​នៅ​មិន​ស្ងៀម​ទេ ពិសេស​ពេល​ទៅ​ដល់​កន្លែង​លក់​ប្រដាប់ប្រដា​ក្មេង​លេង ។

ហាង KKPlus ក៏​បាន​បង្ហោះ​សេចក្តីថ្លែងការណ៍​មួយ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន កាលពី​ព្រលឹម​​ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​បាន​លុប​វា​ចេញ​វិញ មុន​ម៉ោង ១១​ព្រឹក​ថ្ងៃ​ដដែល ដោយ​មិនដឹង​មូលហេតុ ។

លោក Albert Luk ជា​មេធាវី​ក្នុងស្រុក​ម្នាក់ បាន​ប្រាប់ Headline Daily ថា ឪពុក​ម្តាយ​ក្មេង​ប្រុស​នោះ គួរតែ​ទាមទារ​ឲ្យ​ហាង​សង​សំណង​មួយ​ផ្នែក​មក​វិញ ព្រោះ​កុមារ​ហុងកុង អាយុ​ក្រោម​១០​ឆ្នាំ នឹង​មិន​ទទួលខុសត្រូវ ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​ឡើយ ។ ហាង​មិន​គួរ​ស្វែងរក​សំណង​ទេ គួរតែ​ទិញ​ការ​ធានា​រ៉ាប់រង​ភាគី​ទី​បី​ដែល​ពាក់ព័ន្ធ ដើម្បី​រ៉ាប់រង​រាល់​ការ​បាត់បង់ ឬ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយសារ​ឧប្បត្តិហេតុ ។

ដោយឡែក អ្នកគ្រប់គ្រង​របស់ KKplus បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន HK01 កាលពី​ថ្ងៃ​អង្គារ យ៉ាង​ដូច្នេះ​ថា ហាង​មិន​មានការ​ប្រុង​ប្រយ័ត្ន​គ្រប់គ្រាន់​មែន ។ អ្នកគ្រប់គ្រង​នោះ បាន​បន្ត​ថា ហាង​បាន​ដក​ប្រដាប់​ក្មេង​លេង ដែល​មាន​កម្ពស់​ជាង​មួយ​ម៉ែត្រ​ចេញ​ទាំងអស់ ហើយនឹង​ធ្វើការ​ពិនិត្យ​បន្ថែម ៕

សូមទស្សនាវីដេអូ មានដូចខាងក្រោមនេះ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ