ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងស៊ីកាប់ជ្រូកភូមិ​ដំណាក់ធំចេះសំងំសុខ «អាណាងាប់អីងាប់ទៅ ឱ្យតែអញរស់»

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កុងស៊ី​កាប់​ជ្រូក​ធំ​មួយ ​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពេល​នេះ ​ត្រូវ​អ្នក​រស់នៅ​ជុំវិញ​ចោមរោម​ប្តឹង​ទៀត​ហើយ រឿង​ក្លិនស្អុយ​រស់នៅ​ជិត​លែង​បាន ។

ក្នុង​ស​ប្តា​ហ៍​កន្លង​មក មាន​លិខិត​ជា​ច្រើន​បាន​បញ្ជូន​មក ​«​កោះសន្តិភាព​» ​សុំ​ប្តឹង​ឲ្យ​ជួយ​ចុះ​ផ្សាយ ព្រោះ​ទ្រាំ​ហិតក្លិន​ស្អុយ និង​ស្នូរ​លាន់ឮ​ទាំង​យប់​ទាំង​ថ្ងៃ​លែង​បាន​ហើយ ។

ពួក​គេ​ជា​ប្រជាជន ជា​មន្ត្រីរាជការ​គ្រប់​មជ្ឈដ្ឋាន រស់នៅ​ជុំវិញ​សិប្បកម្ម​កាប់​ជ្រូក​មួយ​នេះ​និយាយ​ថា ៥​ឆ្នាំ​កន្លង​មក​ហើយ ​ដែល​អ្នក​រស់នៅ​បាន​ប្តឹង​សុំ​ឱ្យអាជ្ញាធរ​ខណ្ឌ​ជួយ ធ្វើ​យ៉ាងណា​ឲ្យ​ថៅកែ​កាប់​ជ្រូក​មាន​អនាម័យ​ផង កុំ​ឲ្យ​ជះក្លិន​ស្អុយ​ងុំ​ពេក ។ ពេល​ថ្ងៃ​ គេ​ដឹក​ជ្រូក​រាប់រយ​ក្បាល ​ដោយ​រថយន្ត​ខ្នាត​យក្ស​ចត​ត្រៀបត្រា​យ៉ាង​អនាធិបតេយ្យ​មុខ​ផ្ទះ​អ្នក​ដទៃ​រក​ចេញចូល​មិន​បាន ។ ពេល​យប់​ស្នូរ​ក្តូងក្តាំង​ទាល់​ៗ​ភ្លឺ និង​សូរ​សម្លេង​ជ្រូក​ស្រែក​លាន់​ទ្រហឹង​រក​ដេក​ពួន​មិន​បាន ។

កាលពីដើម​ឆ្នាំ​មាន​ដំណឹង​ថា កុងស៊ី​ពិឃាដ​មួយ​នេះ​ រៀបចំ​រើ​ចេញ​ហើយ ទើប​អ្នក​រស់នៅ​ជុំវិញ​ចេះ​តែ​ស្ងៀមស្ងាត់​ទៅ ប៉ុន្តែ​ពេល​នេះ​ស្រាប់តែ​លេចឮ​ថា ពួក​គេ​រត់ការ​បាន​ទទួល​ការ​ពន្យារពេល​៥​ឆ្នាំ​ទៀត រហូត​ដល់​ប្រកាស​ថា អាណា​ប្តឹង​អី​ប្តឹង​ទៅ ស៊ីសង​ខាង​ខណ្ឌ​គ្នា​ឯង អាណាងាប់អីងាប់ទៅ​ ឱ្យ​តែ​អញ​រស់ ។

អ្នក​រស់នៅ​ជុំវិញ​សំបុក​មេរោគ​នេះ​និយាយ​ថា សុខភាព​ពួក​គេ កូនចៅ​គេ ឈឺ​គ្រប់ពេលវេលា ដោយសារ​តែ​ក្លិនស្អុយ​ពេញ​មួយ​វស្សា​កន្លង​មក ។ មាន​កម្មករ​រោងចក្រ​ច្រើន​ណាស់​បាន​រើ​ចេញ ព្រោះ​ទ្រាំ​រស់នៅ​ហិតក្លិន​ស្អុយ និង​លាន់​ស្នូរ​ជ្រូក​ស្រែក​លែង​បាន។
ក្នុង​រឿង​នេះ សំខាន់​លើ​អាជ្ញាធរ​ខណ្ឌមានជ័យ តើ​មាន​ដែល​បាន​ទៅ​ជួយ​ហិតក្លិន​ស្អុយ​នៅ​តំបន់​នោះ​ដែរ​ឬទេ ?

កុំ​ឲ្យ​ប្រជាជន​ក្នុង​តំបន់​ថ្នាំងថ្នាក់​ពេក ខឹង​តទៅ​យូរ​ពេក ណាមួយ​ជិត​ដល់​រដូវ​បោះ​ឆ្នោត​ផង គួរ​ជួយ​ដោះស្រាយ​បញ្ហា​មួយ​នេះ​យកចិត្ត​ប្រជាជន​ក្នុង​តំបន់​ផង ។

ចាំ​មើល តើ​អាជ្ញាធរ​យកចិត្ត​ថៅកែ​កាប់​ជ្រូក​ច្រើន​ជាង​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​នោះ​ឬ​យ៉ាងណា?

ចំណែក​ថៅកែ​កាប់ជ្រូល២នាក់​ប្តី-​ប្រពន្ធ ពុំ​អាច​សុំការ​បំភ្លឺ​បានទេ ម្សិលមិញនេះ ។ ដរាបណា មានព័ត៌​មាន​ប្លែក យើើង​នឹងផ្សាយ​​ជូនបន្តទៀត ។