ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្ងៃ៩មិថុនា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៥

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងសារជាសំឡេង ជូនជនរួមជាតិ មុនចាកចេញពី​កម្ពុជា ទៅកាន់ប្រទេសស្វីស នាយប់ថ្ងៃទី២០ ឆ្លងចូលថ្ងៃទី២១ ខែឧសភានេះ សម្តេចតេជោ ហ៊ុន…

ភ្នំពេញ៖ ក្នុងសារជាសំឡេង ជូនជនរួមជាតិ មុនចាកចេញពី​កម្ពុជា ទៅកាន់ប្រទេសស្វីស នាយប់ថ្ងៃទី២០ ឆ្លងចូលថ្ងៃទី២១ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ពីការសម្រេច អនុញ្ញាត​ឱ្យចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៥ ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ តទៅ។ អ្នកត្រូវចាក់វ៉ាក់សាំង ដូសទី៥ នេះ ជាក្រុមជួរមុខ មានប្រមាណកន្លះលាននាក់ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថានទូតបរទេស និងអង្គការជាតិអន្តរជាតិ ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅរសៀលថ្ងៃទី២០ ខែឧសភានេះ សម្តេចទើបតែ​សម្រេចឱ្យចាក់វ៉ាក់សាំង ដូសទី៥ ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ តទៅ។ អ្នកត្រូវចាក់ដូសទី៥ គឺត្រូវមានរយៈពេលយ៉ាងតិច ៣ខែ រាប់ចាប់ពីចាក់វ៉ាក់សាំង ដូសទី៤។ អ្នកត្រូវចាក់ដូសទី៥នេះ ជាក្រុម​ជួរមុខ និងជាក្រុមអាទិភាព។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធាន​ការការពារខ្លួន និងទទួលយកវ៉ាក់សាំង។ បើអ្នកចាក់វ៉ាក់សាំងដូសទី២ហើយ ត្រូវប្រញាប់ទៅទទួលវ៉ាក់សាំង ដូសទី៣ ហើយបើចាក់វ៉ាក់សាំង ដូសទី៣ហើយ ត្រូវទៅចាក់វ៉ាក់សាំងដូសទី៤ និងចាក់ដូសទី៤ ហើយ ក៏ត្រូវទៅទទួលវ៉ាក់សាំង ដូសទី៥។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា អ្នកត្រូវចាក់វ៉ាក់សាំង ដូសទី៥ មានមិនដល់កន្លះលាននាក់ទេ ដោយត្រូវចាប់ផ្តើមចាក់ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ តទៅ លើក្រុមជួរមុខ ដែលជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន សិល្បករ ជាដើម។ ចំណែក​ទីតាំង​នៃការចាក់វ៉ាក់សាំង និងការបែងចែក​វេនក្រុម ត្រូវចាក់វ៉ាក់សាំង ដូសទី៥ នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នឹងប្រកាសនៅពេលក្រោយ។​

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា វ៉ាក់សាំង មិនត្រឹមតែមិនឱ្យឆ្លងកូវីដ១៩ប៉ុណ្ណោះទេ តែក៏ការពារយើង​ពីជំងឺផ្សេងៗទៀត។ ដូច្នេះសូមប្រជាពលរដ្ឋ បងប្អូនជនរួមជាតិ បន្តវិធានការសុខាភិបាល ការពារខ្លួន និងមកទទួលវ៉ាក់សាំង។ វ៉ាក់សាំង ការពារជីវិត និងការពារការឆ្លងរោគរាតត្បាតនេះផងដែរ​។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រយៈពេល ១៤ថ្ងៃជាប់ៗគ្នា រហូតដល់ថ្ងៃទី២០ ខែឧសភានេះ ដែលកម្ពុជាយើង មិនមានឆ្លងកូវីដ១៩ សូម្បីតែមួយករណី។ ក្នុងនោះ នៅតាមមន្ទីរពេទ្យ ទូទាំងប្រទេស នៅសល់អ្នកជំងឺកូវីដ១៩ តែ ១៤នាក់ប៉ុណ្ណោះ។ នៅភ្នំពេញ ៤នាក់ និងនៅបាត់ដំបង ៤នាក់ ហើយអ្នកជំងឺទាំង ៨នាក់នេះ មានជំងឺផ្សេងៗ ដែលត្រូវនៅសម្រាកព្យាបាលបន្ត​ ក្នុងមន្ទីរពេទ្យ ទោះជាគ្មានកូវីដក៏ដោយ។​ នេះជាដំណឹងល្អ តែក៏នៅតែទាមទារឱ្យប្រជាពលរដ្ឋយើង បន្តវិធានការការពារខ្លួន និងទទួលយកវ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា ជំងឺនានា ដែលបានកើតឡើង មុនកូវីដ នាពេលនេះក៏បានថយចុះ ដូចជា ជំងឺផ្តាសាយធំ និងជំងឺផ្សេងៗទៀត។ នេះជាឥទ្ធិពល​នៃវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដែលមកដល់ពេលនេះ យើងចាក់បានជាង ១៥លាន​នាក់ហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ