ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្វេ​មី​យ៉ា​ន់​ម៉ា​មានគុណ​ភាពល្អ​ជាង​កាហ្វេ​ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី និង​វៀតណាម

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បើ​ទោះជា​កាហ្វេ​ត្រូវ​បាន​គេ​ដាំ​ដុះ​ក្នុង​ប្រទេស​នេះ​អស់​រយៈពេល​ជាង​១០០​ឆ្នាំ​ក្តី តែ​បរិមាណ​ផលិតកម្ម​នៅ​មាន​កម្រិត​ទាប ខណៈ​គុណភាព​របស់​វា​មិន​ទាន់​មានការ​ដឹង​ឮ​ពី​ពិភពលោក​នៅឡើយ ។ ប៉ុន្តែ​

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បើ​ទោះជា​កាហ្វេ​ត្រូវ​បាន​គេ​ដាំ​ដុះ​ក្នុង​ប្រទេស​នេះ​អស់​រយៈពេល​ជាង​១០០​ឆ្នាំ​ក្តី តែ​បរិមាណ​ផលិតកម្ម​នៅ​មាន​កម្រិត​ទាប ខណៈ​គុណភាព​របស់​វា​មិន​ទាន់​មានការ​ដឹង​ឮ​ពី​ពិភពលោក​នៅឡើយ ។ ប៉ុន្តែ​ឥឡូវនេះ អ្នកជំនាញ​អន្ដរជាតិ​ជា​ច្រើន​កំពុង​ចាប់ផ្តើម​ប្រែក្លាយ​មី​យ៉ា​ន់​ម៉ា ជា​ប្រទេស​ផលិត​កាហ្វេ​ដែល​មានគុណ​ភាពល្អ​បំផុត ។

លោក Marcelo A Pereira Magnere អ្នកជំនាញ​មក​ពី​អង្គការ USAID នឹង​ជួយ​នាំ​យក​ការ​ផ្លាស់​ប្តូរ​នេះ​តាម​រយៈ​កម្មវិធី​អភិវឌ្ឍន៍ជនបទ​របស់​អង្គការ Winrock អន្តរជាតិ​។ លោក​និយាយ​ថា ៖ « ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​បាន​ជាង​១​ឆ្នាំ​ក្នុង​ទីក្រុង Ywarngan រដ្ឋ Shan ដើម្បី​លើកកម្ពស់​ដល់​ឧស្សាហកម្ម​កាហ្វេ​ន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ ឧស្សាហកម្ម​នេះ​មាន​សក្តានុពល​ច្រើន តែ​វា​មិន​មាន​ភាព​ជោគជ័យ​ឡើយ ។ ដូច្នេះ នៅ​ពេល​ដែល​កាហ្វេ​ត្រូវ​បាន​នាំ​ចេញ វា​មិន​អាច​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ផលិត​ខ្នាត​ធំ​ដូច​ជា ប្រទេស​ប្រេ​ស៊ី​ល និង​កូ​ឡុំ​ប៊ី​ទេ ។ រីឯ​ក្រុមហ៊ុន​ផលិត​ផ្សេង​ទៀត​ត្រូវការ​កាហ្វេ​ក្នុង​បរិមាណ​ដ៏​ច្រើន ប៉ុន្តែ​ផ្តល់​នូវ​តម្លៃ​ទាប​។ កាហ្វេ​មី​យ៉ា​ន់​ម៉ា​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ តាម​ដែល​ខ្ញុំ​ធ្លាប់​បាន​ភ្លក់ » ។

លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​នរណា​ម្នាក់​កោតសរសើរ​ចំពោះ​សក្តានុពល​របស់​ប្រទេស​នេះ​ទេ ។ កាលពី​ខែកក្កដា​មុន ហើយ​ក៏​ជា​លើក​ដំបូង​ក្នុង​ទសវត្សរ៍​ជា​ច្រើន​កន្លង​មក កាហ្វេ​៤០​តោន​របស់​មី​យ៉ា​ន់​ម៉ា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ។ លោក​បន្ត​ថា ៖ « មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​គុណភាព​ដ៏​អស្ចារ្យ​របស់​វា ។ នៅ​ឆ្នាំ​នេះ យើង​កំពុងធ្វើការ​ជាមួយ​កសិករ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ដោយ​នឹង​អាច​នាំ​ចេញ​កាហ្វេ​បាន​៥​ដង​ច្រើន​ជាង​ឆ្នាំ​កន្លង​មក » ។

រហូត​មក​ដល់​ឆ្នាំ​១៩៨០ កាហ្វេ​មាន​តម្លៃ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​ស្មារតី​កាន់តែ​ស្វាហាប់​។ ប៉ុន្តែ​ឥឡូវនេះ ពួក​គេ​ថែម​ទាំង​ផ្តោត​លើ​គុណភាព ក្លិន និង​រសជាតិ ។ ស្ដង់ដា​នៃ​កាហ្វេ​បាន​កើនឡើង ខណៈ​អ្នក​ទទួលទាន​ស្គាល់​ពី​គុណភាព​ពិត​របស់​វា ។

លោក Magnere ឱ្យ​ដឹង​ថា ៖ « ប្រជាជន​ចាប់ផ្តើម​ចំណាយ​ប្រាក់​បន្ថែម​ទៀត​សម្រាប់​កាហ្វេ​ដែល​មានគុណ​ភាពល្អ ។ ប៉ុន្តែ​មី​យ៉ា​ន់​ម៉ា​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​នេះ​នៅឡើយ​ទេ ។ ពួក​គេ​មិនដឹង​ថា អាច​ឈាន​ជើង​ចូល​ទីផ្សារ​នេះ​បាន ។ វា​ជា​ពេល​ណែនាំ​ផលិតផល​ក្នុងស្រុក​ដែល​មានគុណ​ភាព​ដល់​អ្នក​ដែល​ចូល​ចិត្ត​កាហ្វេ » ។

លោក​បន្ត​ថា ៖ « ប្រជាជន​ក្នុងស្រុក​មិន​បានដឹង​ពី​គុណភាព​នៃ​កាហ្វេ​នេះ​ទេ និង​ទោះជា​យ៉ាងណា ពួក​គេ​មិន​ចង់​ចំណាយ​ប្រាក់​លើ​វា​ដែរ​។ ពួក​គេ​ត្រូវ​យល់​ថា វា​មិនមែន​គ្រាន់តែ​មាន​ជាតិ​កាហ្វេ​អីុ​ន​នោះ​ទេ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត នៅ​ពេល​ដែល​រសជាតិ​ត្រូវ​បាន​គេ​ចម្រាញ់​កាន់តែ​ច្រើន មនុស្ស​នឹង​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន​ដូច​គ្នា » ។

លោក​បន្ថែម​ថា ដៃគូ​ប្រកួតប្រជែង​ដូច​ជា ប្រទេស​ប្រេ​ស៊ី​ល វៀតណាម និង​កូ​ឡុំ​ប៊ី​មាន​ទិន្នផល​កាហ្វេ​ច្រើន ដូច្នេះ ពួក​គេ​មាន​ភាគហ៊ុន​ទីផ្សារ​ពិភពលោក​ច្រើន​ដូច​គ្នា ។ លោក​និយាយ​ថា ៖ « នៅ​ក្នុង​លក្ខខណ្ឌ​នៃ​បរិមាណ ប្រទេស​មី​យ៉ា​ន់​ម៉ា គឺ​មិន​សំខាន់​ទេ ។ ពួក​គេ​ត្រូវ​ប្រកួតប្រជែង​លើ​មូលដ្ឋាន​នៃ​គុណភាព ។ កាហ្វេ​មី​យ៉ា​ន់​ម៉ា​មានគុណ​ភាពល្អ​ជាង​កាហ្វេ​ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី និង​វៀតណាម » ។ លោក​បញ្ជាក់​ថា កាហ្វេ​មី​យ៉ា​ន់​ម៉ា​មានគុណ​ភាពល្អ​ប្រហាក់ប្រហែល​នឹង​កាហ្វេ​របស់​ប្រទេស​កេ​ន​យ៉ា និង​អេ​ត្យូ​ពី ។
ប៉ុន្តែ​លោក​ព្រមាន​ថា ៖ « គុណភាព គឺ​មិនមែន​ជា​ការ​ចៃដន្យ​នោះ​ទេ ។ យើង​កំពុង​ផ្តោត​លើ​ការ​ធ្វើ​ឲ្យ​ឧស្សាហកម្ម​យល់​ពី​សក្តានុពល និង​ឱកាស​របស់​ប្រទេស​នេះ » ។

ប្រធាន​សមាគម​កាហ្វេ​មី​យ៉ា​ន់​ម៉ា (MCA) លោក Ye Myint ឱ្យ​ដឹង​ថា តម្រូវការ​សំខាន់​២ គឺ​ភាព​ដ៏​សំខាន់​នៃ​កាហ្វេ និង​តម្លៃបន្ថែម​។ លោក​ថ្លែង​ថា ៖ « យើង​មាន​អ្នក​ដែល​ចាប់អារម្មណ៍​ក្នុង​ទ្វីបអឺរ៉ុប អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​សហរដ្ឋអាមេរិក ។ ទីភ្នាក់ងារ USAID បាន​ផ្តល់​មូលនិធិ​ដល់​អង្គការ Winrock International និង MCA ដែល​កំពុង​ព្យាយាម​អភិវឌ្ឍ​ខ្សែ​សង្វា​ក់​តម្លៃ ខណៈ​សក្តានុពល​នៃ​ទីផ្សារ​នេះ​ធំធេង » ។

លោក​បន្ត​ថា ៖ « រដ្ឋាភិបាល​មាន​តួនាទី​រក្សា​សន្តិភាព និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​នេះ ។ កាហ្វេ​មានគុណ​ភាព​ពិសេស​មាន​តម្លៃ​៧.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តោន គឺ​ច្រើន​ជាង​២​ដង​នៃ​តម្លៃ​កាហ្វេ​ធម្មតា » ៕