ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​នៅ​បន្ត​លិច​ស្រូវ​ប្រជា​កសិករ ប៉ះពាល់​៤​ឃុំ មាន​ផ្ទៃដី​ជាង​២​ពាន់​ហិ​កតា

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជំនន់​ទឹកភ្លៀង​នៅ​បន្ត​ជន់​លិច​ស្រូវ​របស់​ប្រជា​កសិករ បណ្តាល​ឱ្យ​ប៉ះពាល់​អស់​ចំនួន​៤​ឃុំ ដែល​មាន​ផ្ទៃដី​២.៥១៩​ហិ​កតា នេះ​បើ​គិត​រហូត​មក​ដល់​

ខេត្តបន្ទាយមានជ័យ ៖ ជំនន់​ទឹកភ្លៀង​នៅ​បន្ត​ជន់​លិច​ស្រូវ​របស់​ប្រជា​កសិករ បណ្តាល​ឱ្យ​ប៉ះពាល់​អស់​ចំនួន​៤​ឃុំ ដែល​មាន​ផ្ទៃដី​២.៥១៩​ហិ​កតា នេះ​បើ​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២ នៅ​ក្នុងស្រុក​មង្គល​បូ​រី​។

បើ​យោង​តាម​របាយការណ៍​រដ្ឋបាល​ស្រុក​មង្គល​បូ​រី បាន​ប្រាប់​ថា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២​នេះ ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ស្រូវ​របស់​ប្រជា​កសិករ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​៤​ឃុំ ដែល​មាន​ផ្ទៃដី​ចំនួន​២.៥១៩​ហិ​កតា ក្នុង​នោះ​មាន ៖ ១- ឃុំ​រហាត់ទឹក ប៉ះពាល់​ចំនួន​១៣​ភូមិ មាន​ផ្ទៃដី​ចំនួន​១.១៩០​ហិ​កតា ២- ឃុំ​អូរ​ប្រាសាទ ប៉ះពាល់​៤​ភូមិ មាន​ផ្ទៃដី​៦០០​ហិ​កតា ៣- ឃុំ​ចំណោម ប៉ះពាល់​៧​ភូមិ ដែល​មាន​ផ្ទៃដី​៦៥០​ហិ​កតា និង​៤- ឃុំ​បន្ទាយ​នាង ប៉ះពាល់​ចំនួន​៣​ភូមិ ដែល​មាន​ផ្ទៃដី​៧៩​ហិ​កតា​។

ជំនន់​ទឹកភ្លៀង​ដែល​បាន​ជន់​លិច​ស្រូវ​របស់​ប្រជា​កសិករ​នេះ មាន​រយៈពេល​ជិត​១០​ថ្ងៃ​មក​ហើយ ដែល​ជន់​លិច​ដំបូង​នៅ​ឃុំ​រហាត់ទឹក និង​ឃុំ​អូរ​ប្រាសាទ ហើយ​ក៏​បន្ត​ជន់​លិច​ឃុំ​ចំណោម និង​ឃុំ​បន្ទាយ​នាង បន្ត​ទៀត បើសិនជា​ភ្លៀង​នៅ​បន្ត​ធ្លាក់​ទឹកជំនន់​នៅ​បន្ត​ជន់​លិច​ស្រូវ របស់​ប្រជាពលរដ្ឋ​តាម​បណ្តា​ឃុំ​មួយ​ចំនួន​ទៀត ដែល​នៅ​ជាប់​ដងស្ទឹង​មង្គល​បូ​រី នៅ​ផ្នែក​ខាងលើ​។

ប្រជា​កសិករ ក៏​បាន​បញ្ជាក់​ថា ស្រុក​មង្គល​បូ​រី រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​២​ទៅ​៣​ឆ្នាំ​ជាប់​គ្នា​ហើយ បណ្តាល​ប្រជាពលរដ្ឋ​រង​គ្រោះ​លិច​ដំណាំ​ស្រូវ ហើយ​ឆ្នាំ​២០២២​នេះ ក៏​មិន​ទាន់​ដល់​រដូវ​ផង ក៏​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ស្រូវ​របស់​ប្រជា​កសិករ​រស់នៅ​តាម​ដងស្ទឹង​ផ្នែក​ខាងលើ ដោយសារ​មូលហេតុ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​កសាង​សំណង់​ពោធិ៍​ដើម​ឃុំ​រហាត់ទឹក ហើយ​បាន​បិទ​ជិត​មិន​អោយ​ហូរ​ចូល​ស្ទឹង​ផ្នែក​ខាងក្រោម ទើប​បណ្តាល​ឱ្យ​ជន់​លិច​ស្រូវ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង​តែ​ម្តង​។

លោក ឡាយ សុធី អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ ក៏​បាន​ប្រាប់​ផង​ដែរ​ថា ក្រោយ​ពេល​មាន​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ស្រូវ​ប្រជា​កសិករ​នៅ​ស្រុក​មង្គល​បូ​រី ហើយ​មន្ត្រី​ជំនាញ​ក៏​បាន​បើក​រំដោះ​ទឹក​ទៅ​អូរ​ស្តា​ថ្មី ឱ្យ​ធ្លាក់​ទៅ​ផ្នែក​ខាងក្រោម និង​បើក​ទម្លាក់​ចូល​ស្ទឹង​សិរី​សោភ័ណ ត្រូវ​បាន​រំដោះ​ទឹក​មួយ​ចំនួន​អាច​ស្រក​ជា​បណ្តើ​ៗ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ