ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានមែន បោកស្រស់ៗ! នេះជាល្បិចថ្មី!

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ បុរសម្នាក់ បានច្រកដី​ខ្សាច់ ដាក់ក្នុងការ៉ុងស្ករស ហើយយកទៅលក់ឱ្យអាជីវករ​លក់ឥវ៉ាន់ចាបហួយ នៅតាមបណ្ដា​ស្រុកមួយ​ចំនួន ក្នុងខេត្តសៀមរាប។ ប៉ុន្តែបុរសនោះ បានជាប់​អន្ទាក់ ដោយត្រូវ​កម្លាំងនគរបាលស្រុកប្រាសាទបាគង…

ខេត្តសៀមរាប៖ បុរសម្នាក់ បានច្រកដី​ខ្សាច់ ដាក់ក្នុងការ៉ុងស្ករស ហើយយកទៅលក់ឱ្យអាជីវករ​លក់ឥវ៉ាន់ចាបហួយ នៅតាមបណ្ដា​ស្រុកមួយ​ចំនួន ក្នុងខេត្តសៀមរាប។ ប៉ុន្តែបុរសនោះ បានជាប់​អន្ទាក់ ដោយត្រូវ​កម្លាំងនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួន ទៅតាមបណ្ដឹងរបស់ជនរង​គ្រោះ។ នេះបើយោងតាមសម្តី របស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរង ទទួលផែន​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។

លោក​បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ រិន ចំរើន ភេទប្រុស ឆ្នាំកំណើត ០១.០៩. ១៩៨៧ មានស្រុក​កំណើត រស់នៅភូមិអន្សារ​ក្រង ឃុំអន្សារក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិអញ្ចាញថ្មី សង្កាត់នគរធំ ក្រុងសៀមរាប។ បុរសនេះ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណី​អំពើឆបោក នៅថ្ងៃទី១៧.០៥.២០២២ វេលាម៉ោង ០៩ និង០០នាទីព្រឹក ក្នុងភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកបន្ថែមថា មុនពេលកើតហេតុ នៅថ្ងៃទី​១៧-០៥-២០២២ ម៉ោង ១២ និង ១៥នាទីរសៀល ប៉ុស្ដិ៍នគរបាលរដ្ឋបាល​កណ្តែក បានទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ ហៅ លីហេង ភេទស្រី អាយុ ៣៩​ឆ្នាំ នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប បានរៀបរាប់ថា នៅថ្ងៃទី​១៦-០៥-២០២២ ម៉ោង ៧ព្រឹក គាត់បើកតូបលក់ឥវ៉ាន់ នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ដូចធម្មតា។ លុះដល់ម៉ោង ១៧ និង០០នាទី ល្ងាចមានមនុស្សប្រុសម្នាក់ ពុំស្គាល់អត្តសញ្ញាណ បានជិះម៉ូតូហុងដា ពណ៌ខ្មៅ ឌុបការ៉ុងពណ៌សមួយ មកដល់សួរគាត់ថា ទិញស្ករសទេ លក់ ១ការ៉ុង តម្លៃ ១០០ ០០០ រៀល (មួយសែនរៀល) គាត់ព្រមទិញយក ដោយពុំបានពិនិត្យមើលទេ លុះដល់ម៉ោង ១៨ និង ៣០នាទីល្ងាច ថ្ងៃដដែល បុរសខាងលើ បានដឹកមកលក់ ៣ការ៉ុងទៀត គាត់ព្រមទិញយកទៀត ក្នុងតម្លៃ ៣០០ ០០០រៀល (បីសែនរៀល) និងបានសុំលេខទូរស័ព្ទគាត់ សំរាប់ទាក់ទងទិញស្ករសបន្ថែម​ទៀត។ លុះថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ ២០២២ ម៉ោង ៨ព្រឹក បុរសខាងលើ បានទាក់ទងលក់ស្ករបន្ថែម ចំនួន ៥ការ៉ុងទៀត គាត់ទទួល​ទិញទៀត ប្រហែលកន្លះម៉ោងបុរសខាងលើ ដឹកស្ករចំនួន ៥ការ៉ុង ទៅឱ្យគាត់ដល់ផ្ទះ ហើយបាន​ទៅយកលុយនៅតូបលក់ ​​ចំនួន ៥០០ ០០០ រៀល (ប្រាំសែនរៀល) បន្ទាប់មក ប្អូនស្រី ឈ្មោះ គុំ ស្រីនៀង បានទូរស័ព្ទប្រាប់ថា ស្ករបងឯង សុទ្ធតែដីខ្សាច់ ពេលកំពុងនិយាយទូរស័ព្ទ បុរសខាង​លើជិះម៉ូតូ មកតូបគាត់ម្តងទៀត ពេលនោះ គាត់ហែកការ៉ុងមើលឃើញសុទ្ធតែដីខ្សាច់ នៅក្នុង​ការ៉ុងទាំងអស់ ក៏នាំគ្នាឃាត់បុរសនោះទុក ហើយហៅសមត្ថកិច្ចមកតែម្តង​។

បើតាមការស្តាប់ចម្លើយរបស់ជនសង្ស័យ ឈ្មោះ រិន ចំរើន ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅ​ផ្ទះជួលក្នុងភូមិ​អញ្ចាញថ្មី សង្កាត់នគរធំ ក្រុងសៀមរាប បានឆ្លើយសារភាពថា ​ខ្លួនពិតជាបាន​ធ្វើសកម្ម​ភាព​យកដីខ្សាច់ច្រកក្នុងការ៉ុង ហើយលក់​ឱ្យ​ជនរងគ្រោះខាងលើ ចំនួន ៩ការ៉ុង ពិតប្រាកដមែន​។

លោក​បញ្ជាក់ទៀតថា ជនសង្ស័យបានឆ្លើយទៀតថា ខ្លួនធ្វើសកម្មភាពយកដី​ខ្សាច់ច្រកការ៉ុង លក់ឱ្យអ្នករស់នៅម្តុំផ្សារត្រាំនាគ ពុំស្គាល់ឈ្មោះ មួយ លើក និង​លក់ឱ្យអ្នករស់នៅម្តុំវត្តល្អក់ ពុំស្គាល់ឈ្មោះ មួយ​លើក លុយ ដែលលក់បានខ្លួន យកទៅចាយវាយអស់ហើយ​។

​ក្រោយឃាត់ខ្លួន កម្លាំងនគរបាលជំនាញនៃស្រុកប្រាសាទបាគង កំពុងកសាងសំណុំរឿង ដើម្បី​បញ្ជូនខ្លួនជនសង្ស័យខាងលើ កាន់ការិយាល័យជំនាញ ចាត់ការទៅតាមផ្លូវច្បាប់៕ ​ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ