ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរាជធានី ស្នើសុំឲ្យបារាំង ជួយកសាង​ស្ថានីយ​ប្រតិកម្មទឹកកខ្វក់​ ឯបារាំង ស្នើឱ្យ​ការពារ​សន្តិសុខ នៅថ្ងៃបោះឆ្នោត ៥មិថុនា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើសុំឱ្យ​បារាំង​ជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀត នៅខាងជើងឆៀងខាងលិច​រាជធានីភ្នំពេញ ដើម្បីឲ្យបរិស្ថានទឹកល្អប្រសើរ មុននឹងហូរចូលទៅដងទន្លេសាប។ ចំណែកទូត​បារាំង…

រាជធានីភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើសុំឱ្យ​បារាំង​ជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀត នៅខាងជើងឆៀងខាងលិច​រាជធានីភ្នំពេញ ដើម្បីឲ្យបរិស្ថានទឹកល្អប្រសើរ មុននឹងហូរចូលទៅដងទន្លេសាប។ ចំណែកទូត​បារាំង បាន​ស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ដល់​ប្រជាពលរដ្ឋ​បារាំង និងខ្មែរសញ្ជាតិបារាំង ដែលត្រូវបោះឆ្នោត នៅស្ថានទូតបារាំង នាថ្ងៃអាទិត្យ ទី៥មិថុនា​ខាងមុខនេះ។​

ការស្នើសុំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង ក្នុងឱកាសដែលលោ​ក បានជួបសំដែង​ការគួរសមនិងពិភាក្សាការងារជាមួយ​លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ​។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អង្គការ jica របស់ជប៉ុន បានជួយកម្ពុជា​ជាច្រើនពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយទឹកកខ្វក់ជាច្រើនកន្លែង នៅរាជធានីភ្នំពេញ​។

​ដោយឡែក នៅខាងជើងភាគខាងលិចរាជធានីភ្នំពេញ មិនទាន់មានស្ថានីយទឹកកខ្វក់​នៅឡើយ​ទេ។ ដូច្នេះលោកស្នើសុំអោយ​បារាំងជួយរាជធានីភ្នំពេញ ក្នុងការកសាងស្ថានីយ៍ទឹកកខ្វក់មួយ​កន្លែងនេះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានប្រើប្រាស់។ ទោះបីជួយជា​កម្ចី ឬក៏ជាជំនួយ​ឥតសំណង​ក្តី។

បន្ថែមពីលើនេះផងដែរ លោក ឃួង ស្រេង ក៏បានស្នើឱ្យភាគីបារាំងជួយដោះស្រាយទៅលើ​បញ្ហាកក​ស្ទះ​ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញផងដែរ ដោយសារតែរាជធានីភ្នំពេញ មានការកក​ស្ទះចរាចរណ៍រាល់ថ្ងៃ​។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះស្ថានទូតបារាំង ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងជួយការពារសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់បែបយ៉ាង ហើយបើ​ស្ថានទូត ត្រូវការឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយ រដ្ឋបាលរាជធានីភ្នំពេញ និងជួយសម្រួល​គ្រប់ការងារ ដែលស្ថានទូតបារាំង ត្រូវការផងដែរ​។

លោក ឃួង ស្រេង នៅក្នុងឱកាសនោះ ក៏បានលើកឡើងពីស្ថានភាពរបស់ព្រះរាជាណាចក្រ​កម្ពុជាផងដែរ ដោយលោកបញ្ជាក់ថា ប្រទេសកម្ពុជា បានឆ្លងកាត់របបប៉ុលពត ហើយក្រោយ​ឆ្នាំ១៩៧៩ ប្រទេសជាតិស្ថិតនៅចំណុចសូន្យ តែក្រោមការដឹកនាំរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសដ៏កំសត់មួយនេះ មានការអភិវឌ្ឍន៍រីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ។

លោក ហ្សាក់ ប៉ឺឡេ ក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍន៍រីកចំរើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសំណង់​អាគារខ្ពស់ៗ ជាមួយផ្លូវខ្វាត់ខ្វែង ខុសពីឆ្នាំ១៩៩៥ ដាច់ស្រឡះតែម្តង។

លោកបន្តថា ប្រទេសកម្ពុជា គឺពិតជាមានការមមាញឹកខ្លាំង ចំពោះការរៀបចំសន្តិសុខសណ្តាប់​ធ្នាប់ ដោយសារតែជិតដល់ថ្ងៃបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅថ្ងៃទី​០៥ ខែមិថុនា ខាងមុខនេះ​។ ចំណែកប្រទេសបារាំង ក៏ត្រូវបោះឆ្នោតនៅថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះដែរ។ ដូច្នេះ លោក​ស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ប្រជាពលរដ្ឋ​របស់បារាំងនៅភ្នំពេញ ដែលត្រូវបោះឆ្នោតផង។

លោក ហ្សាក់ ប៉ឺឡេ ក៏បានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការអភិរក្សនូវបេតិកភណ្ឌ​ចាស់ៗ ដែល​នៅសេសសល់ ព្រោះវាជាការទាក់ទាញភ្ញៀវជាតិអន្តរជាតិ អោយមកដើរលេងកំសាន្ត​នៅរាជធានីភ្នំពេញ​។ បន្ថែម​ពីនេះលោក បានលើកឡើងពីគម្រោងសិក្សាកសាងនូវ​រទេះភ្លើង​ល្បឿនលឿន នៅភ្នំពេញផងដែរ ក្រោយពីសិក្សារួច រយៈពេល ១០​ឆ្នាំហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ