ខេត្តព្រៃវែង ៖ កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការចាប់ខ្លួនយុវជនម្នាក់ ដែលបង្ហោះវីដេអូតាមហ្វេសប៊ុក ដោយដាក់បណ្តាសាប្រមាថដល់អាយុជីវិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ។
ការចាប់ខ្លួននេះធ្វើឡើង កាលពីរសៀលថ្ងៃទី២៧ តុលា តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
បច្ចុប្បន្នយុវជនរូបនេះ ត្រូវបានបញ្ជូនមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ មុនបញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យឈ្មោះសាម ភាព អាយុ២៧ឆ្នាំ មានទីលំនៅភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ឱ្យចូលបង្ហាញខ្លួននៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី២១វិច្ឆិកា ឆ្នាំ២០១៦ ដើម្បីសាកសួរបំភ្លឺ ពាក់ព័ន្ធនឹងករណី ប្រើទំព័រហ្វេសប៊ុកបង្ហោះវីដេអូឃ្លីប ដាក់បណ្តាសាប្រមាថអាយុជីវិតសម្តេចតេជោនាយករដ្ឋមន្ត្រី ។
នគរបាលខេត្តព្រៃវែងបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនយុវជន សាម ភាព នៅចំណុចផ្ទះយុវជននេះតែម្ដង ។ នៅដំណាក់កាលសមត្ថកិច្ច យុវជនរូបនេះនិយាយថា «ចាប់ខ្ញុំនេះ ខ្ញុំដឹងតើ ខ្ញុំមិនមែនរកស៊ីគ្រឿងញៀនទេ គឺចាប់ជេររដ្ឋាភិបាល» ។
ចែករំលែកព័តមាននេះ