ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ដូច​ភ្លើង​ម្ចាស់​ថ្លៃ លោក​ប្តី​លួច​មាន​ស្រី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ក្ដៅក្រហាយ​ព្រោះតែ​តាម​ទាន់​លោក​ប្តី​មាន​ស្រី ក៏​ទៅ​ផឹកស្រា​ស្រវឹង ហើយ​បើករថយន្ត​ទៅ​បុក​ប៉ុស្តិ៍​យាម​២៤​ម៉ោង​របស់​នគរបាល​ខណ្ឌ​

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ក្ដៅក្រហាយ​ព្រោះតែ​តាម​ទាន់​លោក​ប្តី​មាន​ស្រី ក៏​ទៅ​ផឹកស្រា​ស្រវឹង ហើយ​បើករថយន្ត​ទៅ​បុក​ប៉ុស្តិ៍​យាម​២៤​ម៉ោង​របស់​នគរបាល​ខណ្ឌ​សែន​សុខ ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​នៅក្បែរ​នោះ បណ្តាល​ឲ្យ​ទ្រេត ។ ប៉ុណ្ណឹង​ហើយ នាង​នៅ​តែ​មិន​ស្ងប់ចិត្ត​ទេ ចិត្ត​នៅ​តែ​ក្ដៅ​លើ​សប៉ែត ក៏​បាន​បញ្ចេញ​កំហឹង​ដាក់​សមត្ថកិច្ច និង​អ្នក​យក​ព័ត៌មាន ដោយ​ការ​ជេរ​ប្រមាថ និង​ស្ទុះ​ទៅ​វាយ​ប្រតាយប្រតប់​ទៀត​ផង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ តុលា ត្រង់​ចំណុច​ផ្លូវ​ហាណូយ កែង​ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ស្ត្រី​ជា​អ្នក​បើករថយន្ត​បញ្ចេញ​កំហឹង​នេះ​ឈ្មោះ ម៉ា​ន់ ចាន់​នី អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បើកបរ​រថយន្ត​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AA 5676 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា គេ​ឃើញ​ស្ត្រី​វ័យក្មេង​រូប​នេះ​បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រ តាម​ផ្លូវ​ឧកញ៉ា ម៉ុង ឫ​ទ្ធី ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ប្រៀប​ដូច​បញ្ចេញ​កំហឹង​ឱ្យ​អស់ពី​ដើមទ្រូង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​ស្រវឹង​ខ្លាំង ទើប​ជ្រុល​ចង្កូត​ទៅ​ខាងស្ដាំ​ដៃ បណ្ដាល​អោយ​បុក​ប៉ុស្តិ៍​យាម​២៤​ម៉ោង​របស់​នគរបាល​ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យ​ទ្រេត​ដំបូល​យ៉ាប​បន្តិច ដោយ​បាន​ធ្វើ​ឲ្យ​នគរបាល​ដែល​ប្រចាំការ​នៅ​ក្នុង​ប៉ុស្តិ៍​នោះ ភ័យ​លោះ​ព្រលឹង​គ្រប់​គ្នា ។

ដោយសារ​មិន​ទាន់​អស់​ល្បឿន រថយន្ត​បាន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​អោយ​បាក់​ទ្រេត ទើប​ទប់​ដំណើរ​ទៅ​មុខ​លែង​រួច ។ ចំណែកឯ​រថយន្ត​វិញ​ខូចខាត​មុខ​ផ្នែក​ខាងស្ដាំ តែ​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ត្រី​ជា​អ្នកបើកបរ​រថយន្ត​នោះ​ទេ គឺ​បុក​ប៉ុណ្ណឹង​ហើយ​មុខ​នៅ​ស្រស់​ទៀត ។

បើ​តាម​ការ​និយាយ​ប្រាប់​ពី​ស្ត្រី​ខាងលើ​បានអោយ​ដឹង​ថា ដោយសារ​តែ​ប្ដី​របស់​នាង​មាន​ស្រី​លួចលាក់ ហើយ​នាង​បាន​តាម​ទាន់​ជាន់កែង ទើប​ធ្វើ​អោយ​មានការ​តូចចិត្ត​នឹង​ប្ដី​កំហូច ក៏​បាន​ទៅ​ផឹកស្រា​រហូត​ស្រវឹង ទើប​បើករថយន្ត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ដែល​នៅ​ក្បែរ​ប៉ុស្ដិ៍​សមត្ថកិច្ច​២៤​ម៉ោង​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​អ្នក​បើករថយន្ត​បង្ក បាន​ព្យាយាម​បើក​ថយក្រោយ​បំរុង​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​នៅ​ក្បែរ​នោះ ស្ទុះ​ទៅ​រារាំង​ឃាត់​ជាប់ ។ ពេល​នគរបាល​ឃាត់​នោះ ស្ត្រី​ប្រមឹក​ខឹង​ប្ដី ក៏​បាន​បញ្ចេញ​ច​រិ​ក​មិន​សមរម្យ​ជា​ស្ត្រី​ខ្មែរ ដោយ​ការ​ជេរ​ប្រមាថ​សមត្ថកិច្ច​ពេញមាត់​ថែម​ទៀត ។ លុះ​ពេល​អ្នក​យក​ព័ត៌មាន និង​ទូរទស្សន៍​ទៅ​ថត​យក​រូបភាព​រថយន្ត​បុក​បង្គោល​ភ្លើង បែរជា​ស្ត្រី​រូប​នោះ ស្ទុះ​មក​ចាប់​ប្រទាញប្រទង់​ក្របួច​ក​អាវ​អ្នក​យក​ព័ត៌មាន និង​វាយ​អ្នក​យក​ព័ត៌មាន​ដណ្តើម​យក​ម៉ាស៊ីន​ថត​បោក​ចោល ដោយ​ស្ត្រី​រូប​នោះ​និយាយ​ថា ម៉ាស៊ីន​ថត​នេះ​ថ្លៃ​ប៉ុន្មាន? បោក​ចោល​មួយ​សង​៤​វិញ ។ ទោះជា​បែប​ណា អ្នកកាសែត​ក៏​មិន​មានការ​ប្រកាន់​ខឹង​ដែរ ដោយសារ​តែ​នាង​កំពុង​ខូចចិត្ត​ខ្លាំង និង​ស្រវឹង​វង្វេងស្មារតី​ផង ។

ហេតុការណ៍​ខាងលើ​នេះ ធ្វើ​ឲ្យ​ផ្អើល​មនុស្ស​ម្នា​ចោមរោម​មើល ដោយសារ​តែ​ស្ត្រី​ជា​អ្នក​បើករថយន្ត​បាន​បញ្ចេញ​កំហឹង​ដាក់​សមត្ថកិច្ច និង​អ្នក​យក​ព័ត៌មាន ។ បន្ទាប់​មក ទាល់តែ​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន និង​ស្ទួ​ច​រថយន្ត​បង្ក​យក​ទៅ​ដោះស្រាយ​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ទើប​ស្ងប់ចិត្ត​បន្តិច ៕