ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវភាព​ក្រីក្រ ​កូន​ដើរ​ជីក​ជន្លេន​លក់​ទិញ​អង្ករ​និង​ថ្នាំ​ព្យាបាល​ឪពុក

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ គ្រួសារ​មួយ​រស់នៅ​ភូមិ​អូរ​សណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ មាន​ជីវភាព​ក្រីក្រ​យ៉ាង​ខ្លាំង​ពេក ហើយ​ឪពុក​ក៏​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ទៀត សព្វថ្ងៃរ​ស់បាន​ដោយសារ​កូន​ៗ​ទាំង​៥​នាក់​ដើរ​ជីក​ជន្លេន​លក់​យក​ប្រាក់​ទិញ​អង្ករ

ខេត្តកំពង់ឆ្នាំង ៖ គ្រួសារ​មួយ​រស់នៅ​ភូមិ​អូរ​សណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ មាន​ជីវភាព​ក្រីក្រ​យ៉ាង​ខ្លាំង​ពេក ហើយ​ឪពុក​ក៏​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ទៀត សព្វថ្ងៃរ​ស់បាន​ដោយសារ​កូន​ៗ​ទាំង​៥​នាក់​ដើរ​ជីក​ជន្លេន​លក់​យក​ប្រាក់​ទិញ​អង្ករ និង​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ឪពុក ចំណែក​ប្រពន្ធ​ធ្វើ​អំបោស​លក់ ។ ស្ថានភាព​បែប​នេះ ពិតជា​គប្បី​ជួយ​សង្គ្រោះ​ពន់ពេក​ណាស់ ។

ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ រ៉ិ​ត ណា​ក់ អាយុ​៤០​ឆ្នាំ រៀបរាប់​ថា គាត់​មានកូន​៧​នាក់​តែ​បែក​មានគ្រួសារ​អស់​២​នាក់ នៅ​សល់​ក្នុង​បន្ទុក​៥​នាក់​។ ប្តី​គាត់​ឈ្មោះ សាន់ សេន អាយុ​៤២​ឆ្នាំ ។ កាលពី​២​ឆ្នាំ​មុន ឪពុក​ម្តាយ​គាត់​បង្កើត​ឈឺ គាត់​បាន​លក់​ដីស្រែ​ដី​ភូមិ​មើលជំងឺ​ឪពុក​ម្តាយ​អស់​ទៅ ។

ក្រោយមក ពេល​គ្មាន​ផ្ទះ​គ្មាន​ដី​ជ្រកកោន គាត់​ក៏​បាន​មក​សុំ​ដី​កូន​សង់​ខ្ទម​តូច​មួយ​ស្នាក់​នៅ​។​លុះ​រយៈពេល​ជាង​៣​ខែ​ចុង​ក្រោយ​នេះ ប្តី  គាត់​បាន​ជំងឺ​ជា​ទម្ងន់ ហើយដោយ​សារ​ជីវភាព​ខ្វះខាត​ពេល​ខ្លះ​ប្តី​គាត់​សុខចិត្ត​អត់បាយ​អត់​ម្ហូប​ឲ្យ​តែ​កូន​ៗ​បាន​ហូប​ឆ្អែត ។ ពេល​នេះ​ជំងឺ​របស់​ប្តី​គាត់​កាន់តែ​ធ្ងន់ ឈឺ​ទន់ដៃទន់ជើង​ដើរ​មិន​រួច បាន​អ្នកស្រុក​ក្នុងភូមិ​ជួយ​ទិញ​ថ្នាំ​ព្យា​ល​បាល​ជំងឺ​ឲ្យ ។

ចំណែក​កូន​ៗ៥​នាក់ ជា​រៀងរាល់ថ្ងៃ​ពួក​គេ​នាំ​គ្នា​ដើរ​រក​ជីក​ជន្លេន​ជាមួយ​អ្នកស្រុក ដោយ​ក្នុង​១​ថ្ងៃ​ជីក​បាន​ជន្លេន​២​ទៅ​៣​គីឡូក្រាម  លក់​១​គីឡូក្រាម​បាន​១​ពាន់​រៀល សម្រាប់​ទិញ​អង្ករ​ហូប​និង​ជួយ​មើលជំងឺ​ឪពុក ។

ស្ត្រី​ជា​ប្រពន្ធ​រៀបរាប់​ទៀត​ថា រីឯ​រូប​គាត់​ធ្វើ​អំបោស​លក់​គ្រាន់​បាន​ប្រាក់​ខ្លះ​ជួយ​ទប់​គ្នា ដោយ​ក្នុង​១​ថ្ងៃ​អាច​ធ្វើ​បាន​ពី​៨​ទៅ​១០​អំបោស ហើយ​លក់​បាន​មួយ​៧០០​រៀល ។ កន្លង​មក​កាល​មិន​ទាន់​ឈឺ គឺ​ប្តី​គាត់​ជួយ​ដំ​គាវត្នោត​យក​ជក់​ធ្វើ​អំបោស និង​ជួយ​ដើរ​រក​កាប់​ដើមឈើ​ធ្វើ​ដង​អំបោស ។ ប៉ុន្តែ​ឥឡូវនេះ​ពេល​ប្តី​ឈឺ​បន្ទុក​ខាងលើ​នេះ​ធ្លាក់​មក​លើ​រូប​គាត់​និង​កូន​ៗ​ទាំងអស់​គ្នា ។ ហេតុនេះ រូប​គាត់​និង​កូន​ៗ​រួម​ទាំង​ប្តី លើកដៃ​សំពះ​សុំ​សប្បុរសជន​ជិត​ឆ្ងាយ​មេត្តា​ជួយ​គ្រួសារ​គាត់​ផង ។

បើ​តាម​លោក ស៊ិ​ន យឺន មេ​ភូមិ​អូរ​សណ្តាន់ ប្រាប់​ថា គ្រួសារ​ខាងលើ​ពិតជា​ក្រីក្រ​មែន នៅ​កូន​៥​នាក់ រក​ជន្លេន​លក់​យក​ប្រាក់​ចិញ្ចឹម​ឪពុក​ម្តាយ​។ បើ​និយាយ​ពី​ប្តី ឈ្មោះ សាន់ សេន ឈឺ​យូរ​ដែរ​ហើយ ឯ​ប្រពន្ធ​ក៏​ឈឺ​ដែរ តែ​បាន​បងប្អូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ គ្រាន់​បាន​ធូ​ស្រាល​មក​ផ្ទះ​វិញ​មើល​ប្តី​បន្ត​។ សព្វថ្ងៃ​បាន​បងប្អូន​អ្នក​ជិត​ខាងគេ​ជួយ​ខ្លះ​ៗ​ទៅ ៕