ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប អំពាវនាវ​ឲ្យ​ដល់​ពលរដ្ឋ​ត្រៀមខ្លួន ​ដើម្បី​ចូលរួម​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នឹងមក​ដល់​ឆាប់​ៗ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០២១ ត្រៀមខ្លួន​ឬ​ត្រៀម​ឯកសារ ដើម្បី​ចូលរួម​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ នា​ពេល​ខាង​មុខ​នេះ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។ នេះ​បើ​តាម​សេចក្តី​អំពាវនាវ​របស់​គ​.​ជ​.​ប…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០២១ ត្រៀមខ្លួន​ឬ​ត្រៀម​ឯកសារ ដើម្បី​ចូលរួម​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ នា​ពេល​ខាង​មុខ​នេះ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។ នេះ​បើ​តាម​សេចក្តី​អំពាវនាវ​របស់​គ​.​ជ​.​ប ។

យោង​តាម​សេចក្ដី​អំពាវនាវ​របស់ គ​.​ជ​.​ប ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន​គ​.​ជ​.​ប បាន​គូសបញ្ជាក់​ថា ៖ «​សូម​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០២១ ទាំងអស់​ត្រៀមខ្លួន និង​ត្រៀម​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​អ​.​ខ​) ដែល​មាន​សុពលភាព ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត (​ឯ​.​អ​) ដើម្បី​ចូលរួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា​» ។

ឯកឧត្តម​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០២១ ដែល​បាន​ប្រើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ហើយ​មិន​ទាន់​មាន អ​.​ខ ឬ អ​.​ខ បាន​អស់​សុពលភាព ឬ​មិន​ទាន់​ទទួល​បាន ឬ​បាត់ ឬ​ខូច ឬ​កែតម្រូវ សូម​ប្រញាប់​រួសរាន់​ទៅ​ស្នើ​សុំ ឯ​.​អ ពី​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការ​បោះ​ឆ្នោត និង​អាជ្ញាធរ​ឃុំ សង្កាត់ នៃ​ឃុំ សង្កាត់ ដែល​ខ្លួន​ត្រូវ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​ទាន់​ពេលវេលា ។

លោក​ក៏​បាន​រំលឹក​ថា ការ​ចេញ​ឯ​.​អ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៥ ឧសភា នឹង​ត្រូវ​បញ្ឈប់​នៅ​ថ្ងៃ​ទី​៣ មិថុនា ។ ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ប្រធាន​ក៏​បាន​ណែនាំ​ប្រធាន​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការ​បោះ​ឆ្នោត​, មេឃុំ ចៅសង្កាត់ និង​មេ​ភូមិ​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តី​អំពាវនាវ​នេះ ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មក​ស្នើ​សុំ ឯ​.​អ បាន​ទាន់​ពេលវេលា​ដោយ​ឥត​បង់ថ្លៃ ។

លើស​នេះ ឯកឧត្តម ប្រធាន គ​.​ជ​.​ប បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការ​បោះ​ឆ្នោត និង​មេឃុំ​ចៅសង្កាត់​នឹង​យកចិត្តទុកដាក់​ជំរុញ និង​ពង្រឹង​ការ​ចេញ ឯ​.​អ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ សង្កាត់​របស់​ខ្លួន ។

សូម​ជម្រាប​ថា​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ចាប់ផ្តើម​ពី​ម៉ោង​៧:០០​ព្រឹក រហូត​ដល់​ម៉ោង ៣:០០​រសៀល ។ ការ​បោះ​ឆ្នោត​នេះ​ដែរ​មាន​គណបក្ស​នយោបាយ​ចំនួន​១៧​បាន​បាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​សន្លឹក​ឆ្នោត​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ