ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ តុលា នេះ មានករណីឃាតកម្មមួយ ដោយកូនប្រុសបានកាប់ប្រហារឪពុក៤ពូថៅ កើតឡើងនៅចំណុចភូមិបឹងប្ញស្សី ក្នុងភូមិព្រះធាតុ ឃុំរបោះមង្គល ស្រុកមោងប្ញស្សី បន្ទាប់មកកូនប្រុសរូបនោះបានរត់គេចបាត់ ហើយហេតុការណ៍នេះ ក៏បង្កឱ្យភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នារត់មកជួយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ តែត្រូវដាច់ខ្យល់ស្លាប់តាមផ្លូវទៅហើយ ។
ប្រភពឱ្យដឹងថា ឪពុកដែលស្លាប់ឈ្មោះពេជ្រ បឿន អាយុ៦៥ឆ្នាំ រីឯកូនប្រុសដៃដល់ឈ្មោះបឿន សុខ ហៅអ៊ិន សុខុម អាយុ៤០ឆ្នាំ (ទើបចេញគុក ពាក់ព័ន្ធពីបទមនុស្សឃាតដែរ) ទាំង២នាក់រស់នៅជាមួយគ្នា ក្នុងភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ក្នុងករណីនេះ មិនមានអ្នកណាម្នាក់ដឹងច្បាស់ពីជម្លោះរវាងឪពុកនិងកូនទាំង២នាក់កើតឡើងដោយសារមូលហេតុអ្វីនោះទេ ព្រោះកំឡុងពេលកើតហេតុ គឺមានតែ២នាក់ឪពុកនិងកូនដៃដល់នោះ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនដៃដល់ ដើម្បីទោសតាមច្បាប់ ។
ចែករំលែកព័តមាននេះ