ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​សារភាព​ក្រុម​ចោរ​វ័យក្មេង​ថា បើ​ម្ចាស់​ងើប​ទាន់​គេ​នឹង​ស​ម្លា​.​ប់​ចោល

1 ឆ្នាំ មុន
  • សៀមរាប

កម្លាំង​ចំណុះ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ព្រមទាំង​កម្លាំង​ប្រជា​ការពារ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ក្រុម​ក្មេង​ស្ទាវ​ក្រុម​អាយុ​១៥​ឆ្នាំ ដែល​

ខេត្តសៀមរាប ៖ កម្លាំង​ចំណុះ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ព្រមទាំង​កម្លាំង​ប្រជា​ការពារ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ក្រុម​ក្មេង​ស្ទាវ​ក្រុម​អាយុ​១៥​ឆ្នាំ ដែល​លួច​កាបូប​លុយ​របស់​ប្រជាពលរដ្ឋ​មាន​ដាក់​គ្រឿងអលង្ការ និង​ប្រាក់​មាន​តម្លៃ​សរុប​ជា​ទឹកប្រាក់​ប្រហែល ៦០០០​ដុល្លារ​អា​មេ​រិ​ក យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រួច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្ត​ទៅ​ការិយាល័យ​នគរបាល​ជំនាញ​ខេត្តសៀមរាប​។

ហេតុការណ៍​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​នេះ ធ្វើ​ឡើង​នៅ​ល្ងាច ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ ទោ ឃី​ម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រនិគម បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២២ នេះ​ថា ដោយ​កិច្ច​ប្រតិបត្តិការ​នេះ សម្របសម្រួល​នីតិវិធី​ដោយ​លោក​ព្រះរាជអាជ្ញា ទើប​កម្លាំង​យើង​បាន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​មាន​ដូច​ជា ៖

១- យុវជន​អាយុ​១៧​ឆ្នាំ ទីកន្លែង​កំណើត និង​អាសយដ្ឋាន បច្ចុប្ប្ន​ន្ន​នៅ​ភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្ត​សៀម​រាម ។ ២- យុវជន​អាយុ​១៥​ឆ្នាំ ទីកន្លែង​កំណើត និង​អាសយដ្ឋាន បច្ចុប្បន្ន​នៅ​ភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​៣- យុវជន​អាយុ​១៦ ឆ្នាំ ទីកន្លែង​កំណើត និង​អាសយដ្ឋាន បច្ចុប្ប្ន​ន្ន​នៅ​ភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

បើ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ គាន ឃឹម ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ប្រ​វ៉ាល ឃុ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឱ្យ​យើង​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ខ្លួន​បាន​ដក​យក​លុយ​ពី​កាបូបស្ពាយ​ចំនួន​៥​ម៉ឺន​រៀល​ទៅ​ស៊ី​ការ​គេ​នៅ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប រួច​ក៏​ទុក​កាបូប​នោះ ដែល​មាន​ទាំង​គ្រឿងអលង្ការ និង​ប្រាក់ នៅ​លើ​គ្រែ​ក្រោមផ្ទះ ហើយ​ក៏​គេង​លក់​ទៅ ។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ព្រឹក​ឡើង​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០៥​និង​០០​នាទី​ព្រឹក ខ្លួន​ក្រោក​ពី​ដេក​រក​មើល​កាបូប ស្រាប់តែ​បាត់ ហើយ​បាន​សួរនាំ​គ្នីគ្នា តែ​គ្មាន​អ្នកដឹង និង​ឃើញ​ទេ ដូច្នេះ​ខ្លួន​ក៏​សម្រេចចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​យ៉ែ​ក​តែ​ម្តង ។

ក្រោយ​ទទួល​បានការ​រាយ​កាណ៍ និង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ កម្លាំង​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​យ៉ែ​ក ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង ព្រមទាំង​កម្លាំង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ឃី​ម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រនិគម ចុះ​ទៅ​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ និង​បាន​កំណត់​មុខសញ្ញា រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ យក​មក​សាកសួរ​នៅ​អធិការដ្ឋាន ។

លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​សួរនាំ​រួច​ជនសង្ស័យ​ទាំង​៣​នាក់ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ មុខ​សមត្ថកិច្ច​ថា «​ពួក​ខ្លួន​ពិតជា​បាន​ចូល​លួច​កាបូប​នោះ ដែល​ដាក់​លើ​គ្រែ​ក្រោមផ្ទះ​ពិតប្រាកដ​មែន ។ ហើយ​ធ្វើ​សកម្មភាព​លួច​នៅ​ម៉ោង​១២​រំលង​អ​ធ្រា​ត្យ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ ឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​ភូមិ​-​ឃុំ​ខាងលើ​។ ហើយ​ផែនការ​របស់​ពួក​គេ បើ​ពេល​លួច​ម្ចាស់​ងើប​ទាន់ ពួក​គេ​នឹង​កា​.​ប់ស​ម្លា​.​ប់​តែ​ម្ដង​» ។

គួរ​បញ្ជាក់​ថា ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​វត្ថុ​តាង ដែល​ជនសង្ស័យ​លួច និង​ធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​ជូន​ជន​រង​គ្រោះ​វិញ​អស់ហើយ​។

គួរ​បញ្ជាក់​ទៀត​ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម បាន​រៀបចំ​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់ ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បន្ត​ទៅ​តុលាការ​ចាត់ការ​ទៅ​នីតិវិធី​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ