ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច សមត្ថកិច្ច​ចាប់ខ្លួន​មេ​ភេរវកម្ម​ប៉ង​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​ប៉ូលិសប្រឆំាងភេរវកម្មក្រសួងមហាផ្ទៃ​

ខេត្តសៀមរាប ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ប៉ូលិស​ប្រឆាំង​ភេរវកម្ម​ក្រសួងមហាផ្ទៃ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចាប់ខ្លួន សោម ឯក មេខ្លោង​នៃ​ចលនា​រណសិរ្ស​រួបរួម​ជាតិ​សញ្ញា​ក្បាល​ខ្លា​និង​ជា​អ្នក​បង្កៃ​គ្រឿងផ្ទុះ​ប៉ង​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម បាន​វិញ​ហើយ​នៅ​ភ្នំ​គូលែន ស្រុក​គូលែន​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ពេល​នេះ សោម ឯក បាន​ត្រូវ​ប​ញ្ចូ​ន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។

ទណ្ឌិត​ឈ្មោះ សោម ឯក ដែល​តុលាការ​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​សរុប​៤៦​ឆ្នាំ​ពាក់​ព័​ន្ឋ​នឹង​សំណុំរឿង​ជា​ច្រើន​ដូច​ជា​បង្កើត​រណសិរ្ស​ចលនា​កងទ័ព​ក្បាល​ខ្លា ការ​បង្កៃ​គ្រាប់បែក​ប៉ង​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​និង​ករណី​បង្កៃ​គ្រាប់បែក​នៅ​មុខ​ក្រសួងការពារជាតិ​ជាដើម​នោះ បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​អនុរក្ស​ព​ន្ឋ​នាគារ​រាជធានី​ភ្នំពេញ (PJ) បាន​នាំ​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) កាលពី​យប់​ថ្ងៃ​ទី​០៨ តុលា ២០១៦ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ២០១០ លោក​ចៅក្រម សួ​ស សំអាត ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ឈ្មោះ សោម ឯក ក្នុង​រឿង​បង្កៃ​គ្រាប់បែក​បំផ្ទុះ​នៅ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨ ឆ្នាំ ប៉ុន្តែ​អនុវត្តន៍​ទោស​ចំនួន ១៦ ឆ្នាំ ៦ ខែ​។

បើ​តាម​លោក​ចៅក្រម សួ​ស សំអាត ការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ជនជាប់ចោទ សោម ឯក ចំនួន​១៨ ឆ្នាំ  ដោយសារ​តែ​ជន​នេះ ត្រូវ​បាន​រក​ឃើញ​ថា មាន​កំហុស ពី​បទ​សមគំនិត​ក្នុង​អំពើ​ភេរវកម្ម និង​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ ប្រព្រឹត្ត​នៅ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម កាលពី​ថ្ងៃ​ទី​២៩ កក្កដា ២០០៧ ប៉ុន្តែ​បាន​ប្រកាស​បន្ធូរ​បន្ថយទោស​ដល់​ជនជាប់ចោទ សោម ឯក  ដោយសារ​ការ​ឃុំខ្លួន​បុរស​រូប​នេះ​លើស​នីតិវិធី ។

នៅ​ខែមករា ឆ្នាំ​២០០៩ ក្រោយ​ពី​ព្រឹត្តិការណ៍​បង្កៃគ្រាប់​បែក​ច្នៃ​នៅ​មុខ​ក្រសួងការពារជាតិ និង​ជិត​ទីស្តីការគណៈរដ្ឋមន្ត្រី លោក សោម ឯក  ដែល​មានឈ្មោះ​ហៅ​ជា​ច្រើន​ដូច​ជា ជា គឹ​ម​ហ៊ួ​ន ជា​អតីត​ទាហាន​ចូល​បំរើ​ការ​នៅ​ក្រសួងការពារជាតិ​ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​២០០៣  ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ អំឡុង​ពេល​ចាប់ខ្លួន​នោះ សមត្ថកិច្ច​ក៍បាន​រក​ឃើញ​ជាតិ​ផ្សំ​គ្រឿងផ្ទុះ និង​ឯកសារ​ភ​ស្ថុ​តាង​ជា​ច្រើន​ទៀត ។ ជន​ឈ្មោះ សោម ឯក ក៍​ពាក់​ព័​ន្ឋ​នឹង​ការ​បង្កើត​ចលនា​កងទ័ព​រំដោះ​ក្បាល​ខ្លា ឬ រណសិរ្ស​រួបរួម​ជាតិ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។

ក្រោយមក​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ២០១០ សាលាដំបូង​រាជធានី​ភ្នំពេញ  បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ដាក់​បង្កៃ​គ្រាប់បែក​ច្នៃ បំផ្ទុះ​នៅ​មុខ​ក្រសួងការពារជាតិ និង​កែង​ច្រមុះជ្រូក ជិត​គណៈរដ្ឋមន្ត្រី ។

ក្នុង​សំណុំរឿង​បង្កៃ​គ្រាប់បែក​ច្នៃ​នេះ​ដែរ តុលាការ​បាន​ចោទប្រកាន់​លើ​ក្រុម​ជនសង្ស័យ​ចំនួន ៥ នាក់ រួម​មាន​៖ ទី​១ ឈ្មោះ សោម ឯក ហៅ ទី តូ ជា​មេខ្លោង​, ទី​២ ឈ្មោះ ភី សុ​វឹង​, ទី​៣ ឈ្មោះ ទ្បឹ​ក ប៊ុ​ន​ញៀន​, ទី​៤ ឈ្មោះ ពៅ វ​ណ្ណា​រ៉ា និង​ទី​៥ ឈ្មោះ ជា កឹ​ម​យ៉ា​ន ។  បុរស​ទាំង ៥​នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីកន្លែង​ផ្សេង​ៗ​គ្នា កាលពី​ឆ្នាំ​២០០៩ ។

ក្រៅពី​សំណុំរឿង​ខាងលើ​នេះ បុរស​ជាប់ចោទ សោម ឯក និង​បក្សពួក ក៏​ជាប់ចោទ​ក្នុង​សំណុំរឿង​ជា​ច្រើន​ទៀត ចាប់តាំងពី​ឆ្នាំ​២០០៥ ដែល​រួម​មាន ការ​កេណ្ឌ និង​បណ្តុះបណ្តាល​ភេរ​វក អំពើ​ដាក់​គ្រឿងផ្ទុះ គ្រឿង​ប្រល័យ​នៅ​ទី​សាធារណៈ ការ​ផ្តល់​ប្រាក់​ក្នុង​អំពើ​ភេរវកម្ម បទ​សមគំនិត​ក្នុង​អំពើ​ប្លន់ និង​មនុស្សឃាត​គិត​ទុកជា​មុន​៕