ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ចេញសារសំឡេងពិសេស​ជូនជនរួមជាតិ មុនឡើងយន្តហោះ ចាកចេញពី​វ៉ាស៊ីនតោន​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារសំឡេង​ពិសេសជូនជនរួមជាតិ មុនពេលសម្តេច ដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីទីក្រុងវ៉ាស៊ីនតោន វិលត្រឡប់មកកាន់​មាតុប្រទេសវិញ​។…

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារសំឡេង​ពិសេសជូនជនរួមជាតិ មុនពេលសម្តេច ដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីទីក្រុងវ៉ាស៊ីនតោន វិលត្រឡប់មកកាន់​មាតុប្រទេសវិញ​។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែឧសភា ដើម្បីចូលរួម​កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។​

ក្នុងសារជាសំឡេងជូនជនរួមជាតិ មុនឡើងយន្តហោះ ចាកចេញពីទីក្រុងវ៉ាស៊ីនតោន សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរ រស់នៅអាមេរិក និងកាណាដា ដែលបានស្កាត់​មកជួបសម្តេច ហើយ​បន្ត​ការអត់ធ្មត់ តាមការអំពាវនាវរបស់សម្តេច ដោយរក្សាភាពថ្លៃថ្នូរ មិនតបត​ដោយហិង្សា លើក្រុមអមិត្ត​ ដែល​បង្កបញ្ហា រំលោភច្បាប់ និងបំពានសេចក្តីថ្លៃថ្នូរ។

ក្រុមអមិត្តនេះ សម្តេចតេជោ ហ៊ុន សែន សំដៅលើពលរដ្ឋខ្មែរមួយចំនួន ដែល​បានជួបជុំធ្វើបាតុកម្ម​ ប្រឆាំងវត្តមានរបស់សម្តេច នៅអាមេរិក ហើយក៏មានបុរស​ខ្មែរម្នាក់ ដែលអះអាងថា ឈ្មោះ អុក ទូច បាន​គប់ស្បែក​ជើង លើសម្តេច តែមិនត្រូវសម្តេចទេ ក្នុងពេលសម្តេច​ជួបសំណេះសំណាល ចាប់ដៃ និងស្វាគមន៍​ពលរដ្ឋខ្មែរ ដោយមានទាំងថត​រូបសែលហ្វីផង។ អ្នកដោះស្បែកជើង គប់លើសម្តេចនោះ ត្រូវបានក្រុមប្រឆាំង ចាត់ទុកថា ជាវីរជន។ តែត្រូវបានថ្កោលទោសយ៉ាងខ្លាំងក្លាពី​ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​កម្ពុជា​។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីដំណឹងល្អមួយទៀត គឺ​នៅកម្ពុជាយើង ៨ថ្ងៃហើយ រាប់ទាំងថ្ងៃទី១៤ ខែឧសភានេះ ដែល​កម្ពុជា មិនមានករណីឆ្លងកូវីដ១៩ ឡើយ។

សម្តេចតេជោ ក៏បានប្រកាសថា នៅព្រឹកថ្ងៃទី១៤ឧសភា ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សម្តេច​នឹងឡើងយន្តហោះ ចាកចេញពីអាមេរិក ហើយ​នៅថ្ងៃទី១៥ ខែឧសភាស្អែកនេះ សម្តេចនឹង​អញ្ជើញ​មកដល់រាជធានីភ្នំពេញវិញ​។

ក្នុងសារជាសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេច​ក្រាបបង្គំ​ទូល​ថ្វាយព្រះពរដល់ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះអង្គ គម្រប់ ៦៩ យាងចូល ៧០ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ​នេះផងដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ