ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកនេន ជាប់ចោទថា បានលួច​​លុយចៅអធិការវត្ត​ ​ជិត ២ម៉ឺនដុល្លារ ត្រូវប៉ូលិសចាប់​ផ្សឹក តែលោកនេន បដិសេធ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​នៃស្នងការដ្ឋាន​នគរបាលខេត្តសៀមរាប បាន​ឃាត់​ខ្លួនលោកនេនមួយអង្គ ​ជាប់​ពាក់ព័ន្ធនឹងករណីគាស់ទ្វារ​បន្ទប់លោកគ្រូចៅអធិ​ការវត្ត អារញ្ញរង្សី ហៅ វត្តល្អក់ យកលុយអស់ជិត ២ម៉ឺនដុល្លារ​។…

ខេត្តសៀមរាប៖ កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​នៃស្នងការដ្ឋាន​នគរបាលខេត្តសៀមរាប បាន​ឃាត់​ខ្លួនលោកនេនមួយអង្គ ​ជាប់​ពាក់ព័ន្ធនឹងករណីគាស់ទ្វារ​បន្ទប់លោកគ្រូចៅអធិ​ការវត្ត អារញ្ញរង្សី ហៅ វត្តល្អក់ យកលុយអស់ជិត ២ម៉ឺនដុល្លារ​។ លោកនេននោះ បានបដិសេធ តែត្រូវបានចាប់ផ្សឹក រួចប៉ូលិស​ បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ហេតុការណ៍ឃាត់ខ្លួនលោកនេននោះ បានធ្វើឡើង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅ​ក្នុងបរិវេណវត្តល្អក់ ក្នុងភូមិ​ល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង​។

គួរបញ្ជាក់​ថា ករណី​ចោរ ចូលលួចលុយ ក្នុង​បន្ទប់សឹងរបស់លោក​ចៅអធិការវត្ត អារញ្ញ​រង្សី ហៅ វត្តល្អក់ នោះ បានកើតឡើង នៅវេលាម៉ោង​ប្រមាណ ១១ និង ៤០នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

 លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តា រ៉េត ស្នងការរងនគរបាល ទទួលផែនបទល្មើសព្រហ្មទណ្ឌ នៃស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យដឹង​ថា ករណីជនសង្ស័យ លួចគាស់ទ្វារបន្ទប់ព្រះគ្រូចៅអធិការវត្ត អារញ្ញរង្សី ហៅ វត្តល្អក់ យកលុយអស់ជិត ២ម៉ឺនដុល្លារនោះ ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង និងកម្លាំង​នគរបាល​ព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាលោកនេន។

លោកបន្ថែមថា ជនសង្ស័យ មានឈ្មោះ តឹក សំណាង ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកបញ្ជាក់ថា តាមការបំភ្លឺរបស់​ព្រះតេជគុណ គ្រួច លន់ ព្រះជន្ម ៦៧ ព្រះវស្សា ជាចៅអធិ​ការវត្តអារញ្ញរង្សី ហៅ វត្តល្អក់ ​ឱ្យដឹងថា ជារៀងរាល់ថ្ងៃ ព្រះអង្គតែងតែយកលុយ ចំនួន ៣០លានរៀល ដែលជាលុយបាន​មកពីការប្រគេនរបស់ពុទ្ធបរិ​ស័ទ្ធ ​ទុកសម្រាប់ព្យាបាលព្រះរោគ និងលុយចំនួន ១២០០០ដុល្លារ ជាលុយ បានមកពីការ​ចូលរួមរបស់មហាជន ដើម្បីសាងសងសាលាអនុវិទ្យាល័យអារញ្ញរង្សី ដោយ​ដាក់ក្នុងថង់យាម ហើយយកទៅទុកក្បាលគ្រែខាងកើតព្រះអង្គសឹង និងបានយកខ្នើយគ្របពីលើជិត។ លុះនៅវេលាម៉ោង ៥ និង ៣០នាទី ព្រឹកថ្ងៃទី១២ ខែឧសភា ព្រះអង្គបានចេញ​ពីបន្ទប់កុដ្ឋិសឹងខាងលើ រួចចុះទៅក្រោម និងបានឆាន់ចង្ហាន់​ពេលព្រឹក នៅសាលាឆាន់ រួចនៅចាំទទួលចង្ហាន់នៅទីនោះ ពីពុទ្ធបរិស័ទ មិនបានឡើងមកកុដ្ឋិវិញទេ រហូតដល់ពេលឆាន់ថ្ងៃត្រង់រួច ម៉ោងប្រហែល ១១ និង ៤០នាទី ទើបព្រះអង្គឡើងមកកុដ្ឋិវិញ រួចមកដល់​កុដ្ឋិយកកូនសោចាក់ទ្វារ ស្រាប់តែបាត់មេសោ​ ទើបព្រះអង្គ ចូលទៅមើលកន្លែងទុកលុយ ស្រាប់តែបាត់អស់។ រួចក៏ផ្អើលឆោឡោ និងឃើញមេសោ និងដែកថ្នាំងអំពៅប្រវែងជិតមួយម៉ែត្រ នៅ មុខទ្វារឈៀងខាងត្បូង។

លោកស្នងការរង បន្ថែមទៀតថា ចំណែកចម្លើយរបស់ជនសង្ស័យ ឈ្មោះ តឹក សំណាង ​អាយុ ១៥​ឆ្នាំ ជាអតីត​លោកនេន មានស្រុកកំណើតនៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបរាប់​ថា រឿងដែលលោកចៅអធិការ បានបាត់​លុយ ខ្លួនសូមបដិសេធ មិនបានលួចយកទេ។

លោកស្នងការរង បញ្ជាក់ទៀតថា ប៉ុន្តែឆ្លងតាមការបំភ្លឺរបស់សាក្សី នៅកន្លែងកើត​ហេតុ​ជាច្រើនអង្គ និងពលរដ្ឋ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ តឹក សំណាង ពិត​ជាជាប់ពាក់ព័ន្ធនឹងករណីលួចគាស់ទ្វារកុដ្ឋិចៅអធិការវត្ត​អារញ្ញរង្សី ហៅវត្តល្អក់ ពិតមែន។

យ៉ាងណាក៏ដោយ កម្លាំងនគរបាលព្រហ្ម​ទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានសម្រេច​បញ្ជូនខ្លួនជន​សង្ស័យខាងលើ ទៅតុលាការ ដើម្បីមានចំណាត់ការបន្ត តាមផ្លូវច្បាប់ ទោះជាជនសង្ស័យ បដិសេធ​ក៏ដោយ។ លុយដែលបាត់​នោះ ក៏មិនទាន់រកឃើញនៅឡើយដែរ៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ