ខេត្តសៀមរាប ៖ ចោរឆក់កាបូបប្រជាពលរដ្ឋបានសម្រេច២ថ្ងៃ ក៏ត្រូវជាប់អន្ទាក់សមត្ថកិច្ចនគរបាលក្រុងសៀមរាប ខណៈពេលម្ចាស់ទូរស័ព្ទដៃបានបង្ហោះហ្វេសប៊ុក បន្ទាប់មកសមត្ថកិច្ចក៏តាមជ្រាវស្រាវ រហូតឃាត់ខ្លួនភ្លាមៗផងដែរ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះបានកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងក្រុងសៀមរាប។
![Picture]()
សូមរម្លឹកថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់ ប្រុសទាំង៣នាក់មានអាយុចន្លោះពី២០ឆ្នាំទៅ៣០ឆ្នាំ ពាក់អាវសាច់ក្រណាត់ដៃវែងក្រឡាការ៉ូ ពណ៌បៃតងចាស់ ស្លៀកខោខូវប៊យជើងវែង ពណ៌ខ្មៅ ពាក់មួកពើបពណ៌ខ្មៅ ជិះម៉ូតូចំនួន០២ គ្រឿង ដោយមួយគ្រឿងម៉ាក MOOV ជិះតែម្នាក់ឯង និងមួយគ្រឿងទៀតម៉ាក MSX ជិះគ្នា០២នាក់ មើលមិនឃើញផ្លាកលេខ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿង Xiaomi 12pro ផលិតនៅប្រទេសចិន ពណ៌ប្រផេះ ស៊ីមកាត២ របស់ជនរងគ្រោះឈ្មោះ Cao Yun Xiong ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរជាវិស្វករនៅធ្វើការសង់ព្រលានយន្តហោះថ្មី ខណៈពេលដែលជនរងគ្រោះ និងមិត្តស្រីជាជនជាតិខ្មែរ ដើរចេញពីសណ្ឋាគារខាងលើ ដែលខ្លួនស្នាក់នៅ រួចឈរមាត់ផ្លូវ ហើយដៃកាន់ទូរស័ព្ទលេងហ្វេសប៊ុក។
![Picture]()
បើតាមលោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះថា កម្លាំងនគរបាលក្រុងសៀមរាប បានចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យបានចំនួន២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង២១និង៥០នាទីយប់ ស្ថិតនៅចំណុចមុខសណ្ឋាគាររ៉ូយ៉ាល់ក្រោន (Royal Crown Hotel) ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប។
![Picture]()
លោកបន្តថា សង្ស័យទាំង២នាក់ខាងលើនេះ មាន ៖ ទី១- ឈ្មោះ ជុយ សឿន ហៅស្មី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ម្ជូរ មានស្រុកកំណើតនៅភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ និងទី២-ឈ្មោះ ឃ្លី វ៉ាល់លី មុខរបរលក់ម្ជូរ មានស្រុកកំណើតនៅភូមិព្រែករន្ទះ ឃុំពោធិរៀង ស្រុក ពោធិរៀង ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប។
![Picture]()
លោកបន្ថែមថា ក្រោយពីកំណត់អត្តសញ្ញាណជនសង្ស័យបានហើយ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទីយប់ យើងបានប្រទះឃើញជនសង្ស័យជិះម៉ូតូម៉ាក MOOV បានធ្វើដំណើរតាមផ្លូវ ។ ហើយគ្រានោះជនសង្ស័យបានឃើញសមត្ថកិច្ចដែលកំពុងល្បាតតាមរក ក៏ជិះរត់គេចខ្លួនទៅផ្ទះបក្សពួក ហើយសមត្ថកិច្ចក៏បានដេញតាមដោយឃាត់ខ្លួនបានជនសង្ស័យខាងលើ ។
![Picture]()
ក្រោយពីនាំខ្លួនជនសង្ស័យខាងលើ យកមកសួរនាំ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានចូលរួមឆក់ទូរស័ព្ទ ជាមួយបក្សពួកពិតមែន ។ ហើយពួកខ្លួនទទួលបានលុយពីការយកទូរស័ព្ទទៅលក់នោះ ក្នុងម្នាក់ចំនួន៥ម៉ឺនរៀលតែប៉ុណ្ណោះ ចំណែកវត្ថុតាងដកហូតបានរួមមាន ម៉ូតូចំនួន០៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កំពុងរៀបចំសណុំរឿងបញ្ជូនខ្លួនទៅតុលាការនៅរសៀលថ្ងៃទី១៣ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
![Picture]()
ចែករំលែកព័តមាននេះ