រាជធានីភ្នំពេញ ៖ ហាងខារ៉ាអូខេមួយកន្លែងយីហោ «យូធី ខេធីវី» (UT KTV) ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃត្រង់ ហើយភ្លាមៗនោះ ពុំទាន់ត្រូវបានគេដឹងពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ។ ចំណែកលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានដឹកនាំកម្លាំងចុះទៅអន្តរាគមន៍ភ្លាមៗ ព្រមទាំងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញទៅបាញ់ពន្លត់ផងដែរ។
![Picture]()
ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅក្នុងហាងខារ៉ាអូខេ «យូធី ខេធីវី» (UT KTV) ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
![Picture]()
អ្នកបម្រើការងារនៅក្នុងហាងនេះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដេកនៅក្នុងហាងនោះ ក្រោយមកក៏ស្រាប់តែធំក្លិនឈ្ងៀមយ៉ាងខ្លាំង លុះពេលដើររកមើលស្រាប់តែឃើញមានការឆាបឆេះបន្ទប់ជាន់ខាងលើ និងមានផ្សែងហុយចេញក្រៅយ៉ាងខ្លាំងបាត់ទៅហើយ។ ភ្លាមៗនោះ គាត់ និងអ្នកបម្រើការទាំងអស់នៅក្នុងនោះ ក៏បាននាំគ្នាពន្លត់ដែរ តែអណ្តាតភ្លើងពុំរលត់នោះឡើយ បន្ទាប់មកក៏បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្ដង។
![Picture]()
ប្រភពដដែលបានបន្តថា ពេលនោះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំង រួមមានមន្ត្រីសាលាខណ្ឌនគរបាល និងកងរាជអាវុធហត្ថខណ្ឌ ចុះទៅអន្តរាគមន៍ដោយផ្ទាល់។ ដោយឡែករថយន្តពន្លត់អគ្គិភ័យបានចេញទៅកាន់ទីនោះជាច្រើនគ្រឿង ហើយបានធ្វើសកម្មភាពបាញ់ទឹកពន្លត់រហូតរលត់ទៅវិញ។
![Picture]()
នគរបាលបាននិយាយថា ភ្លើងបានឆេះងំខ្លាំងនៅក្នុងបន្ទប់ជាន់លើ នៃអគារហាងខារ៉ាអូខេ ជាហេតុបណ្ដាលឲ្យរងការខូចខាតសម្ភារៈប្រើប្រាស់នៅក្នុងនោះ ហើយជញ្ជាំងអគារក៏រងនូវការប្រេះស្រាំថែមទៀតផង ។ ភ្លាមៗនោះ នៅពុំទាន់ដឹងថា តើការឆាបឆេះនេះ បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ? ប៉ុន្តែបើតាមការសន្និដ្ឋានជាជំហានដំបូងសង្ស័យថា អាចបង្កឡើងដោយការឆ្លងចរន្តអគ្គិសនីនៅក្នុងនោះ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ