ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ជាប់​ៗ​គ្នា​ធ្វើ​ឱ្យ​ក្លាយជា​ជំនន់​ទឹកភ្លៀង លិច​ស្រូវ​ប្រជា​កសិករ​៣​ឃុំ ជិត​១​ពាន់​ហិ​កតា

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជំនន់​ទឹកភ្លៀង បាន​បណ្តាល​ឱ្យ​ប៉ះពាល់​លិច​ស្រូវ​ប្រជា​កសិករ​ចំនួន​៣​ឃុំ ជិត​១​ពាន់​ហិ​កតា​ហើយ បើ​គិត

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង បាន​បណ្តាល​ឱ្យ​ប៉ះពាល់​លិច​ស្រូវ​ប្រជា​កសិករ​ចំនួន​៣​ឃុំ ជិត​១​ពាន់​ហិ​កតា​ហើយ បើ​គិត​រហូត​ដល់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២​នេះ ស្ថិត​នៅ​ក្នុងស្រុក​មង្គល​បូ​រី​។

យោង​តាម​របាយការណ៍​ស្រុក​មង្គល​បូ​រី​បានឱ្យ​ដឹង​ថា ស្រូវ​បាន​រង​ផល​ប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង​មាន​ចំនួន​១​ពាន់​ហិ​កតា​ហើយ ដែល​បណ្តាល​ឱ្យ​លិច​ស្រូវ​ប្រជា​កសិករ​ចំនួន​៣​ឃុំ​ជាប់​ដងស្ទឹង​មង្គល​បូ​រី ដូច​ជា ៖ ១- ឃុំ​រហាត់ទឹក ប៉ះពាល់​ចំនួន​១៣​ភូមិ ដែល​លិច​ស្រូវ​ចំនួន​៦៥៨​ហិ​កតា​, ២- ឃុំ​អូរ​ប្រាសាទ ប៉ះពាល់​៤​ភូមិ លិច​ស្រូវ​ប្រមាណ​ជិត​៤០០​ហិ​កតា​, និង​៣- ឃុំ​សឿ មិន​ទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ដោយសារ​តែ​ប្រជា​កសិករ​ខ្លះ​កំពុង​តែ​នាំ​គ្នា​បូមទឹក​ចេញ ដើម្បី​សង្គ្រោះ​ស្រូវ​របស់​គាត់​។

ប្រភព​ដដែល​បន្ត​ថា ស្រូវ​ដែល​រង​ផល​ប៉ះពាល់​ខាងលើ មាន​ដូច​ជា ស្រូវ​ប្រភេទ​សែន​ក្រអូប​, ស្រូវ​អ៊ី​អ៊ា​បង្កើន​រដូវ និង​ស្រូវ​នាងខុន ដែល​ដើមរដូវ ឬ​ស្រូវកណ្តាល ដែល​ត្រូវ​បាន​បង្កបង្កើន​ផល​ខ្លះ​បាន​ជាង​១​ខែ និង​ខ្លះ​ទៀត​ព្រួស​ទើបបាន​១​ស​ប្តា​ហ៍ ហើយ​ទើបតែ​ដុះ​បាន​២​ទៅ​៣​សន្លឹក និង​ខ្លះ​ទៀត ត្រូវ​បាន​ព្រួស​ហើយ ក៏​ត្រូវ​ទឹក​លិច​អស់​។

បើ​តាម​ប្រជា​កសិករ​ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​នេះ គឺ​មាន​រយៈពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ ដែល​ធ្វើ​ទឹក​ឡើង​ដល់​២​ទៅ​៣​តឹក បណ្តាល​ឱ្យ​លិច​ស្រូវ​ដែល​ទើប​បង្កបង្កើន​រួច ។ មូលហេតុ​ដែល​ទឹក​លិច​ស្រូវ​នោះ ព្រោះតែ​ក្រសួង​ធនធាន​ទឹកបាន​កសាង​សំណង់​ពោធិ៍​២​ដើម រួច​បាន​បិទ​ទឹក​មិន​ហូរ​ធ្លាក់​ទៅ​ស្ទឹង​មង្គល​បូ​រី​ផ្នែក​ខាងក្រោម ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ភ្លៀង​ក៏​ធ្លាក់​ជាប់​គ្នា​ទៀត ទើប​បណ្តាល​ឱ្យ​ទឹកស្ទឹង​ជន់​ឡើង​បែកចេញ​តាម​វាលស្រែ​ក៏​លិច​ស្រូវ​ប្រជា​កសិករ​ដែល​ជាប់​ដងស្ទឹង​នោះ​តែ​ម្តង​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង អភិបាលស្រុក​មង្គល​បូ​រី បាន​ប្រាប់​ថា ជំនន់​ទឹកភ្លៀង​ដែល​លិច​ស្រូវ​ប្រជាពលរដ្ឋ​នេះ លោក​ទើប​ទទួល​ព័ត៌មាន​ដឹង​ថា លិច​នៅ​ឃុំ​សឿ ហើយ​លោក​ក៏​អោយ​មន្ត្រី​ជំនាញ ចុះ​ទៅ​ពិនិត្យ​មើល ដើម្បី​រក​ដំណោះស្រាយ​មិន​អោយ​លិចលង់​ស្រូវ​ប្រជា​កសិករ​។

លោក ឡាយ សុធី អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ដែរ​ថា ទឹក​ដែល​ជន់​លិច​ស្រូវ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ដងស្ទឹង​មង្គល​បូ​រី​ផ្នែក​ខាងលើ ដោយសារ​តែ​មូលហេតុ​ទឹក​ធា្ល​ក់​ជាប់​គ្នា ចំណែក​ក្រសួង​ក៏​បាន​កសាង​សំណង់​ពោធិ៍​២​ដើម​ឃុំ​រហាត់ទឹក ហើយ​មន្ត្រី​ជំនាញ​ក៏​កំពុង​រក​ដំណោះស្រាយ បើក​រំដោះ​ទឹក​មិន​អោយ​លិច​ស្រូវ​ប្រជា​កសិករ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ