សហរដ្ឋអាមេរិក ៖ វត្តមាននៃការអញ្ជើញទភដល់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក ដែលកំពុងរងចាំទទួលស្វាគមន៍ វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅពីមុខសណ្ឋាគារស្នាក់អាស្រ័យ ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរំភើបរីករាយចំពោះវត្តមាន ជនរួមជាតិកម្ពុជា ដ៏ច្រើនកុះករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមករងចាំ និងទទួលស្វាគមន៍ ចំពោះវត្តមានរបស់សម្តេច ក្នុងការអញ្ជើញមកកាន់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន និងជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តិទៅចំ ខួបគម្រប់៤៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន សហរដ្ឋអាមេរិក ។
បើទោះបីជាមានពេលវេលាខ្លី នៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍វត្តមាន នៃការអញ្ជើញមកដល់នោះ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋ ដែលជាជនរួមជាតិកម្ពុជាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត ទោះបីជាមកពីជិតឆ្ងាយបានមកចាំទទួល និងស្វាគមន៍សម្តេចដូចជាឪពុក ក្នុងមហាគ្រួសារខ្មែរតែមួយ ។
សម្តេចតេជោមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ ដែលមានវត្តមាននាពេលទទួលសម្តេចដោយផ្ទាល់ថា បើទោះជាសម្តេចមានកម្មវិធីដ៏មហាញឹកយ៉ាងណាក៏ដោយ ក៏សម្តេចជ្រើសរើសយកវេលាល្ងាច ថ្ងៃទី១១ ឧសភា ស្អែក ដើម្បីធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលជាជនរួមជាតិកម្ពុជា មកពីគ្រប់ទិសទី ក្នុងសហរដ្ឋអាមេរិក ប្រមាណជាង១ពាន់នាក់ ។
សម្តេចតេជោបន្តថា យើងនឹងជួបជុំគ្នានៅល្ងាចថ្ងៃស្អែក ថ្ងៃទី១១ឧសភា សូមអញ្ជើញបងប្អូនជនរួមជាតិខ្មែរយើង អញ្ជើញចូលរួមក្នុងមហាគ្រួសារខ្មែរតែមួយ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ