ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​បែក​ទូកញ្ចក់​លក់​គ្រឿង​ម្ជូរ ផ្លោង​ទៅ​បុក​រទេះ​ដូង​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​រេ​ចង្កូត​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ជ្រុល​ទៅ​បុក​ទូកញ្ចក់​ដាក់​តាំង​លក់​គ្រឿង​ម្ជូរ​បណ្តាល​ឲ្យ​បែក ហើយ​ម៉ូតូ​ផ្លោង​ទៅ​បុក​នឹង​រទេះ​លក់​ដូង​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​រេ​ចង្កូត​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ជ្រុល​ទៅ​បុក​ទូកញ្ចក់​ដាក់​តាំង​លក់​គ្រឿង​ម្ជូរ​បណ្តាល​ឲ្យ​បែក ហើយ​ម៉ូតូ​ផ្លោង​ទៅ​បុក​នឹង​រទេះ​លក់​ដូង​បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់ ។ ហេតុការណ៍​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​២០១១ ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GA-9754 ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន ។

តាម​សម្តី​ស្ត្រី​ជា​អ្នកលក់​ម្ជូរ​នៅ​កន្លែង​កើតហេតុ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​រូប​គាត់​កំពុង​ប្រមូល​គ្រឿង​ម្ជូរ​យក​ទៅ​ទុក​ឈប់​លក់ដូរ​ព្រោះ​យប់​ជ្រៅ​ហើយ ខណៈ​ពេល​កំពុង​តែ​ឈរ​ប្រមូល​ស្រាប់តែ​ឃើញ​ម៉ូតូ​ខាងលើ​បាន​បើក​យ៉ាង​លឿន​រេ​ចង្កូត​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ទៅ​បុក​ទូ​លក់​ម្ជូរ​របស់​គាត់​បណ្តាល​ឲ្យ​បែក​កញ្ចក់​ខ្ទេចខ្ទី​អស់ ហើយ​ម៉ូតូ​ផ្លោង​ទៅ​បុក​រ៉ឺ​ម៉ក​លក់​ដូង​ចត​នៅ​ក្បែរ​នោះ បណ្ដាល​ឲ្យ​អ្នក​បើក​ដួល​បែក​មុខ​បែក​មាត់​របួស​ពេញ​ខ្លួន​សន្លប់​ស្តូកស្តឹង ចំណែក​អ្នកលក់​ម្ជូរ និង​អ្នកលក់​ដូង​មិន​មាន​រង​របួស​ទេ ។

ទន្ទឹម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទះ​ឃើញ ហើយ​បាន​លើក​ឡើង​ថា នៅ​លើ​កំណាត់​ផ្លូវ​នេះ​សំបូរ​ទៅ​ដោយ​អ្នក​លក់ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ហៀរ​លើ​ផ្លូវ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ពិបាកធ្វើ​ដំណើរ​ជា​រៀង​រាល់​ព្រឹក ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ហុង​ហាក់​ដឹក​យក​ទៅ​ព្យាបាល ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យក​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕