ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បណ្តែតប្រទីប​វត្ត​អារញ្ញ​សាគរមាន​ប្រទីប​តូច​ៗ​រាប់​ពាន់​ចូលរួម

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រោយ​ពិធី​ចេញ​វស្សា​មួយ​ថ្ងៃ គឺ​ចំ​ថ្ងៃ​១​រោច​ខែអស្សុជ វត្ត​អារញ្ញ​សាគរ ដែល​ស្ថិត​នៅ​តាម​ខាងកើត​ស្ទឹង​សៀមរាប និង​ជា​វត្ត​ចុង​ក្រោយបង្អស់​តាម​បណ្តោយ​ស្ទឹង​សៀមរាប​មុន​នឹង​ដល់​បឹង​ទន្លេសាប

ខេត្តសៀមរាប ៖ ក្រោយ​ពិធី​ចេញ​វស្សា​មួយ​ថ្ងៃ គឺ​ចំ​ថ្ងៃ​១​រោច​ខែអស្សុជ វត្ត​អារញ្ញ​សាគរ ដែល​ស្ថិត​នៅ​តាម​ខាងកើត​ស្ទឹង​សៀមរាប និង​ជា​វត្ត​ចុង​ក្រោយបង្អស់​តាម​បណ្តោយ​ស្ទឹង​សៀមរាប​មុន​នឹង​ដល់​បឹង​ទន្លេសាប តែង​ប្រារព្ធ​ពិធីបុណ្យ​ដ៏​អឹ​ក​ធិ​កមួយ​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ខាន នោះ​គឺ​ពិធីបុណ្យ​បណ្តែតប្រទីប ។ ពិធីបុណ្យ​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកចូលរួម ជា​ពិសេស​គឺ​យុវជន​។

ជា​ទំនៀម​មួយ​ដែល​រក្សា​ទុក​តាំងពី​បុរាណ​មក ខណៈ​ដែល​បណ្តា​វត្ត ផ្សេង​ៗ​ទៀត​នៅ​តាម​បណ្តោយ​ស្ទឹង​សៀមរាប​ដូច​គ្នា មិន​បាន​រៀបចំ​ឡើយ ។ ពិធី​បណ្តែតប្រទីប​ក្រោយ​ចេញ​វស្សា ភ្លាម​ៗ ហាក់​បង្ហាញ​អំពី​អត្តសញ្ញាណ​មួយ​ដែល​ធ្វើ​ឲ្យ​វត្ត​អារញ្ញ​សាគរ​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​វត្ត​ដទៃ​ទៀត ។ ប្លែក​ត្រង់​ថា បណ្តា​វត្ត​មួយ​ចំនួន​ដែល​នៅ​តាម​បណ្តោយ​ស្ទឹង​សៀមរាប​ដែរ នឹង​រៀបចំ​ប្រទីប​បណ្តែត​នៅ​ថ្ងៃ​ទី​១៥​កើត ខែកត្តិក ដំណាលគ្នា​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​បណ្តែតប្រទីប​ដែល​ធ្វើ​ឡើង​នៅ​ទី​រាជធានី​ភ្នំពេញ​ដែរ​។

កូន​ប្រទីប​រាប់​ពាន់​រចនា​ដោយ​ផ្កាឈូក ទៀន​ធូប ដាក់​លក់​នៅ​តាម​ផ្លូវ ហែហម​ប្រទីប​ធំ​ដែល​រៀបចំ​ដោយ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​អារញ្ញ​សាគរ ។ នៅ​ម៉ោង​៨​យប់ ប្រទីប​ធំ​ដែល​រៀបចំ​ជា​ក្បូរ​ក្បាច់រចនា​កំពូល​ប្រាសាទ តាក់តែង​ដោយ​ភ្លើងអគ្គិសនី​ភ្លឺ​ព្រោងព្រាត ត្រូវ​បាន​ដង្ហែ​ចេញពី​វត្ត​ឆ្ពោះទៅ​តម្កល់​ទុក​មួយ​យប់ នៅ​សាលាឆទាន​យាយ​អេ​ង ដែល​ជា​គោលដៅ​ត្រូវ​បណ្តែតប្រទីប ។ យប់​ថ្ងៃ​២​រោច​ខែអស្សុជ ទើប​ពិធី​បណ្តែតប្រទីប​បាន​ចាប់ផ្តើម​ឡើង​ព្រោងព្រាត​លើ​ស្ទឹង​សៀមរាប ។

តាម​សេចក្តី​ពន្យល់​របស់​លោកតា​អាចារ្យ ទៅ​កាន់​អ្នកចូលរួម​ក្នុង​ពិធី​នេះ​បាន​រៀបរាប់​ថា ពិធី​បណ្តែតប្រទីប​ធ្វើ​ឡើង​ដើម្បី​ភាព​ត្រជាក់ត្រជុំ អរគុណ​ដល់​ព្រះ​គង្គា ដែល​បាន​ផ្តល់​ទឹក​ស្រោចស្រព​ស្រូវ​ស្រែ​ដំណាំ​។ ជាមួយ​គ្នា​នឹង​ពិធី​បណ្តែតប្រទីប លោកតា​អាចារ្យ​ក៏​ប្រកាស​សុំ​សេចក្តីសុខ​សប្បាយ​ត្រជាក់ត្រជុំ​ដល់​កូនចៅ សុំ​ឲ្យ​ធ្វើស្រែ​ចម្ការ​កើត​ទទួល​បាន​ផលដំណាំ​ល្អជា​រៀង​រាល់​ឆ្នាំ​។ ក្រឡេក​មើល​អ្នក​បណ្តែតប្រទីប​វិញ មិន​ត្រឹមតែ​អរគុណ​ដល់​ព្រះ​គង្គា​ទេ អ្នកខ្លះ​បាន​លើក​ប្រទីប​បួងសួង​សុំ​សុខ​ចម្រើន និង​ប្រាថ្នា​សុំ​ពរ ផ្សេង​ៗ​មុន​នឹង​បណ្តែតប្រទីប​ចេញ​ទៅ ។

អ្នក​ស្រាវជ្រាវ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក អុ​ឹ​ម សុខ​រិ​ទ្ធី អះអាង​ថា ពិធី​បណ្តែតប្រទីប​នេះ​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​យល់​ថា ជា​ពិធី​ពាក់ព័ន្ធ​នឹង​ធម្មជាតិ​នៃ​ការងារ​កសិកម្ម ។ «​មុន​នឹង​យល់​រឿង​នេះ យើង​ត្រូវ​គិត​ត្រឡប់​ថយក្រោយ​បន្តិច ពោល​គឺ​ពេល​ដែល​ប្រទេស​យើង​មិន​ទាន់​ទទួល​ឥទ្ធិពល​សាសនា​ប្រទេស​ឥណ្ឌា ។ បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ទទួល​ឥទ្ធិពល​ខ្យល់មូសុង មាន​ទម្លាប់ ស្រ​ដៀង​ៗ​គ្នា​ទៅ​តាម​រដូវ​កាល ដែល​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​របស់​ធម្មជាតិ​មក​លើ​មនុស្ស ។ ដើម្បី​ឈ្នះ​ធម្មជាតិ មនុស្ស​បាន​រៀបចំ​កិច្ច​គ្រប់​បែប​យ៉ាង ឲ្យ​ខ្លួន​ធ្វើ​ម្ចាស់​លើ​ធម្មជាតិ និង​បាន​ផល​ពី​ធម្មជាតិ ។ មនុស្ស​ព្យាយាម​ផ្តាច់ខ្លួន​ពី​ធម្មជាតិ ប៉ុន្តែ​ក៏​ត្រូវការ​ធម្មជាតិ​ជា​និច្ចកាល​ដែរ ។ ក្រោយ​ទទួល​ភោគផល​ពី​ធម្មជាតិ​ហើយ ក៏​តែង​ធ្វើ​ពិធី​ផ្សេង​ៗ​ដើម្បី​តបស្នង​ទៅ​ធម្មជាតិ​វិញ​» ។

លោក​អឹុម សុខ​រិ​ទ្ធី ពន្យល់​បន្ថែម​ថា «​ការ​ដែល​យក​ពិធី​នេះ​ទៅ​បកស្រាយ​ថា​ពាក់ព័ន្ធ​ពិធី​សាសនា ឬ​ប្រវត្តិសាស្ត្រ​ជាដើម​នោះ គឺ​គ្រាន់តែ​ជា​ហេតុផល ក្រោយ​ៗ​មក​ទៀត បន្ទាប់​​ពី​ប្រទេស​យើង​បាន​ទទួល​ឥទ្ធិពល​សាសនា​ពី​ឥណ្ឌា​មក​ហើយ ដើម្បី​ឲ្យ​ស្រប​នឹង​គំនិត​របស់​សាសនា​ពី​ឥណ្ឌា​មក​ផង ដើម្បី​ឲ្យ​កុំ​ឲ្យ​បាត់​ទំនៀម​ដែល​ធ្លាប់​ធ្វើ​មក​ជា​យូរហើយ​ផង ប៉ុន្តែ​យើង​មាន​មូលដ្ឋាន​នៃ​ជំនឿ​របស់​យើង​តាំងពី​មុន​មក​ហើយ នោះ​គឺ​ការ​ជំនះ​ទៅ​នឹង​ធម្មជាតិ​ហ្នឹងឯង​» ។

តើ​ការ​ជំនះ​នឹង​ធម្មជាតិ​នោះ​ជា​អ្វី ដែល​ទាក់ទង​នឹង​ពិធី​នេះ ?  លោក​អុ​ឹ​ម សុខ​រិ​ទ្ធី បញ្ជាក់​ថា «​ជា​កិច្ច​ដែល​មនុស្ស​ព្យាយាម​រំដោះ​ដី​ឲ្យ​ផុត​ពី​ទឹក​ដែល​ជន់​លិច​ដី​ប៉ុន្មាន​ខែ​កន្លង​មក​ក្នុង​រដូវវស្សា ដើម្បី​បាន​ដី​ត្រ​ទ្ប​ប់​មក​ធ្វើស្រែ​ចម្ការ​វិញ ។ ប្រទីប​ជា​គ្រឿង​បំភ្លឺ កម្ចាត់​ភាព​ងងឹត​នៃ​រដូវភ្លៀង ។ គេ​បណ្តែតប្រទីប​បណ្តែត​នៅ​ពេល​រាត្រី​ក្នុង​និង​បណ្តោយ​ទឹក​ហូរ ប្រៀប​នឹង​ការ​បណ្តេញ​ទឹក​ចេញ និង​ទទួល​បាន​មក​វិញ​នូវ​ពន្លឺព្រះអាទិត្យ ដែល​តែងតែ​បាំង​បាត់​ដោយ​ពពក​បង្ក​នាំ​ភ្លៀង​មក​មិន​ឈប់​ឈរ​។ រីឯ​ពេល​ថ្ងៃ គេ​អុំទូក​តាម​បណ្តោយ​ទឹក​ហូរ ក៏​ជា​កិច្ច​ដែល​មនុស្ស​រៀបចំ​បណ្តេញ​ទឹក​ឲ្យ​ហូរ​ចេញពី​ដី​ដែរ​» ។ ក្នុង​ន័យ​នេះ លោក អឹុម សុខ​រិ​ទ្ធី យល់​ថា ពិធី​បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ បើ​ទោះជា​មានឈ្មោះ​ផ្សេង​គ្នា​ក៏​ដោយ តែ​ខ្លឹមសារ​និង​វត្ថុបំណង​តែ​មួយ​ទេ ពោល​គឺជា​ពិធី​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​កសិកម្ម​សុទ្ធសាធ ។

ពាក់ព័ន្ធ​នឹង​ពេលវេលា​ដែល​ប្រារព្ធ​ពិធី​នេះ​វិញ អ្នក​ស្រាវជ្រាវ​រូប​នេះ​មើលឃើញ​ថា ដើម្បី​ឲ្យ​ពិធី​របៀប​នេះ​មាន​អត្ថន័យ​ស្រប​នឹង​ទំនៀមទម្លាប់​ដែល​មាន​ពី​ដើម​នោះ វត្ត​អារញ្ញ​សាគរ​បាន​ធ្វើ​ទៅ​តាម​ពេលវេលា​ពិតប្រាកដ និង​ត្រឹមត្រូវ​តាម​រដូវ​កាល ជាក់ស្តែង​ដែល​ជា​ទំនៀម​របស់​អ្នក​សៀមរាប​តាំងពី​ដើម​មក គឺ​គេ​រៀបចំ​ពិធី​នេះ​នៅ​ក្រោយ​ពិធី​ភ្ជុំបិណ្ឌ ឬ​ចេញ​វស្សា​ភ្លាម​។ រីឯ​ការ​រៀបចំ ១៥​កើត​ខែកត្តិក លោក​យល់​ថា ជា​ទំនៀម​របស់​ព្រះមហាក្សត្រ ដែល​រៀបចំ​ឡើង​នៅ​រាជធានី ជា​ព្រះរាជ​ពិធី​ប្រចាំឆ្នាំ ៕