ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​សិរី​សោភ័ណ ! ទ្រហោយំ​ព្រោះ​គេ​ឲ្យ​ចុះ​កណ្ដាលផ្លូវ​រួច​ដឹក​សព​ប្តី​ទៅ​ពេទ្យ​វិញ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ត្រឡប់​មក​ផ្ទះ​វិញ​​ទាំង​ទ្រហោយំ​ដោយ​គ្មាន​សព​ប្តី ហើយ​អះអាង​ថា សព​ប្តី​របស់​គាត់​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​ត្រឡប់​ទៅ​មន្ទីរពេទ្យ​វិញ …

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ត្រឡប់​មក​ផ្ទះ​វិញ​តែ​ម្នាក់ឯង​ទាំង​ទ្រហោយំ​ដោយ​គ្មាន​សព​ប្តី ហើយ​អះអាង​ថា សព​ប្តី​របស់​គាត់​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​ត្រឡប់​ទៅ​មន្ទីរពេទ្យ​វិញ ហើយ​អ្នកបើកបរ​រថយន្ត​ដឹក​សព​នោះ​បាន​សុំ​ឲ្យ​គាត់​ចុះ​កណ្ដាលផ្លូវ​ជិះ​រថយន្ត​តាក់ស៊ី​ត្រឡប់​មក​ផ្ទះ​វិញទៀត ។ ហេតុការណ៍​ដ៏​កម្រ​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សព​ដែល​គេ​ដឹក​ត្រឡប់​ទៅ​មក​ៗ​ដូច​ដណ្តើម​គ្នា​នេះ​ឈ្មោះ រស់ វណ្ណ​ធី អាយុ​៦២​ឆ្នាំ ជា​អតីត​គ្រូពេទ្យ​ផ្នែក​វះកាត់​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​(​ចូល​និវត្តន៍​) បច្ចុប្បន្ន​ជា​ម្ចាស់​ផ្សារ​សមាគម មាន​ទីលំនៅ​ចំណុច​ផ្សារ​សមាគម ស្ថិត​នៅ​ក្នុងភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ទឹកនោមផ្អែម និង​រោគ​ខ្សោយបេះដូង ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​បាន​ធ្លាក់ខ្លួន​ឈឺ​ជាង​១​ឆ្នាំ​ហើយ ហើយ​ត្រូវ​បាន​ស្ត្រី​ឈ្មោះ ខេ​ង អ៊ី​នូ អាយុ​៤២​ឆ្នាំ ជា​ប្រពន្ធចុង ដឹក​ចេញពីផ្ទះ​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ទីនោះ ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​បន្ទាប់​ពី​ជន​រង​គ្រោះ​ស្លាប់ គេ​ឃើញ​ស្ត្រី​ជា​ប្រពន្ធចុង​វិល​ត្រឡប់​មក​ផ្ទះ​វិញ​តែ​ម្នាក់ឯង​ទាំង​ទ្រហោ​រយំ​ដោយ​គ្មាន​សព ហើយ​អះអាង​ប្រាប់​គេឯង​ថា សព​ប្តី​របស់​គាត់​ត្រូវ​គេ​ដឹក​ទៅ​មន្ទីរពេទ្យ​វិញ ក្រោយ​ដឹក​ចេញពី​មន្ទីរពេទ្យ​មក​ដល់​ពាក់​កណ្តាលផ្លូវ មិនតែប៉ុណ្ណោះ​សូ​ម្បី​តែ​ស្ត្រី​ជា​ប្រពន្ធចុង​ក៏​ត្រូវ​អ្នកបើកបរ​រថយន្ត​ពេទ្យ​នោះ​សុំ​ឲ្យ​ចុះ​កណ្តាលផ្លូវ ជិះ​រថយន្ត​តាក់ស៊ី​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ ។

ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ ស្ត្រី​ឈ្មោះ ខេ​ង អ៊ី​នូ ជា​ប្រពន្ធចុង​បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រលប់​ថ្ងៃ​ទី​២០ តុលា ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន ។ គាត់​រៀបរាប់​ថា ប្តី​របស់​គាត់​ស្លាប់​នៅ​ម៉ោង​២ និង​៣០​នាទី​រសៀល លុះ​គាត់​សុំ​ដឹក​សព​ប្តី​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ដល់​ចំណុច​រង្វង់​មូល​ស្រី​គ្រប់​ល័ក្ខណ៍​ក្នុង​ក្រុង​សិរី​សោភ័ណ មាន​គ្រូពេទ្យ​ម្នាក់​ទូរស័ព្ទ​មក​អ្នកបើកបរ​រថយន្ត​ឲ្យ​ដឹក​សព​ត្រឡប់​ទៅ​មន្ទីរពេទ្យ​វិញ ហើយ​ថា មាន​ទាំង​សំឡេង​គ្នា​ច្រើន​ទៀត​ផង​តាម​ទូរស័ព្ទ​នោះ ដោយ​អ្នកបើកបរ​សុំ​ឲ្យ​គាត់​ចុះ និង​ប្រាប់​ថា មិនបាច់​ទៅ​មន្ទីរពេទ្យ​ជាមួយ​សព​ទេ ក្រែង​កើត​មាន​បញ្ហា​ជាមួយ​ភាគី​ម្ខាង​ទៀត ។

នៅ​ព្រលប់​ថ្ងៃ​ដដែល ស្ត្រី​ជា​ប្រពន្ធចុង​ខាងលើ​ប្រាប់​ថា គាត់​កំពុង​ចូល​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​យក​សព​មក​ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី ទីបំផុត​នៅ​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ដដែល​ស្ត្រី​ខាងលើ​ប្រាប់​តាម​ទូរស័ព្ទ​ថា គាត់​បាន​ឯកភាព​គ្នា​ជាមួយ​សាច់ញាតិ និង​ខាង​ស្ត្រី​ជា​ប្រពន្ធដើម ដោយ​យក​សព​ទៅ​ធ្វើបុណ្យ​រួម​គ្នា​នៅ​ក្នុងស្រុក​មង្គល​បូ​រី (​ខាង​សាច់ញាតិ​សព​) ដើម្បី​ឲ្យ​ប្តី​របស់​ពួក​គាត់​បាន​ទៅ​សុគតិភព​ដោយ​ស្ងប់ ។

ជុំវិញ​ករណី​ដឹក​សព​ត្រឡប់​ទៅ​មក​ខាងលើ​នេះ លោក ច​ន្ធី ណា​វុ​ទ្ធ ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល​ជា​ច្រើន​ដង ។ ដោយឡែក​ឈ្មោះ សាំង នឿ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ពេទ្យ​ដឹក​សព​ខាងលើ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ខណៈ​គាត់​ដឹក​សព​មក​ដល់​មុខ​ស្ថានីយ​សាំង​តេ​លា ម្តុំ​ស្ពាន​សែ​សិន ក្នុង​ក្រុង​សិរី​សោភ័ណ ខាង​សាច់ញាតិ​អតីត​ប្រពន្ធដើម​បាន​ទាក់ទង​ទៅ​លោក ឪ កា​ណា​ល់ ជា​ប្រធាន​រដ្ឋបាល​មន្ទីរពេទ្យ​ឲ្យ​យក​សព​ដែល​គាត់​កំពុង​ដឹក​ត្រឡប់​ទៅ​មន្ទីរពេទ្យ​វិញ ពេល​នោះ​ដោយ​បារម្ភ​ខ្លាច​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ជាមួយ​ភាគី​ម្ខាង​ទៀត លោក​ក៏​សុំ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធចុង​ចុះ​តាម​ផ្លូវ​តែ​ម្តង ហើយ​លោក​បញ្ជាក់​ថា គាត់​ជា​អ្នកបើកបរ​មិនដឹង​អី​ទេ គឺ​ធ្វើ​អ្វី​ៗ​តាម​បទបញ្ជា​គេ​ឲ្យ​ដឹក​ទៅ​ណា គាត់​ត្រូវ​តែ​ដឹក​ទៅ​ហ្នឹង ។

ទាក់ទិន​ករណី​នេះ លោក ឪ កា​ណា​ល់ ប្រធាន​រដ្ឋបាល​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មិនដឹង​អី​ទេ តាម​ពិត​គឺ​ក្រុម​គ្រួសារ​សាច់ញាតិ​ខាង​ប្រពន្ធដើម​គេ​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​ផ្ទាល់​ជាមួយ​អ្នកបើកបរ ។ លោក​បញ្ជាក់​ថា ដោយសារ​សព​ខាងលើ​អ្នកបើកបរ​ដឹក​ទៅ​ដឹក​មក​ចង់​ឆ្កួត​ទៅ​ហើយ ។

ចំណែក​សាច់ញាតិ​សព និង​ខាង​ប្រពន្ធដើម «​កោះសន្តិភាព​»​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕