រាជធានីភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលក្នុងពេលដែលគេបានឃើញហ្វេសប៊ុករបស់តារាសម្តែងអ្នកនាង សឿ សុធារ៉ា បានបង្ហោះសារភ្ជាប់ជាមួយតារាចម្រៀងលោក ដួង វីរៈសិទ្ធ អមជាមួយនឹងពាក្យពេចន៍យ៉ាងចាក់ដោតតែម្តង។ សារដែលអ្នកនាង សឿ សុធារ៉ា បង្ហោះហាក់បង្ហាញពីអារម្មណ៍យ៉ាងជ្រាលជ្រៅបង្កប់ន័យស្នេហាទៅកាន់លោក ដួង វីរៈសិទ្ធ ផ្អើលអស់មហាជន។
អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារប្លែកៗដាក់ ដួង វីរៈសិទ្ធ ថា «បទចម្រៀងដែលអូនសរសេរអោយបងថ្មីទៀតនោះរួចហើយមែនទេ កុំយូរពេក បងទន្ទឹងណាស់ បងកំពុងគេងស្តាប់បទចម្រៀងអូននិពន្ធអោយបង u know my ក្រាស់។ បងរង់ចាំអូន១០-២០ឆ្នាំទៀតក៏បាន becoz bong know what love is»។

តាមរយៈសារខាងលើនេះ បានធ្វើអោយមហាជនភ្ញាក់ផ្អើល និងយល់ឃើញថា អ្នកនាង សឿ សុធារ៉ា ទំនងជាជំពប់ស្នេហ៍ជាមួយតារាចម្រៀងវ័យក្មេងលោក ដួង វីរៈសិទ្ធ ក្រោយពីនាងទើបតែបែកបាក់គ្រួសារ។ យ៉ាងណា បន្ទាប់ពីបង្ហោះសារខាងលើ ដែលធ្វើអោយផ្អើលមហាជនបែបនេះ អ្នកនាង សឿ សុធារ៉ា ក៏បានលុបសារទាំងនោះចេញវិញ ដោយអ្នកនាងក៏បានបញ្ចេញសារបកស្រាយជុំវិញការបង្ហោះរបស់នាងផងដែរ។
អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារថា «នាងខ្ញុំ សូមផ្ញើសំណេរនេះជូនទៅប្អូនប្រុស «ដួងវីរៈសិទ្ធ»។ នាងថា «អោយបងសុំទោសផងប្អូន បងគ្រាន់តែនិយាយលេងក្នុងនាមបងអោយតំលៃលើសមត្ថភាពរបស់ប្អូនតែប៉ុណ្ណោះ គ្មានអ្វីផ្សេងឡើយក្រៅពីការចូលចិត្ត» ។ អ្នកនាងបញ្ជាក់ថា «សូមបងប្អូនទាំងអស់គ្នា មេត្តាកុំយល់ច្រលំចំពោះគាត់ «បងសុំទោសប្អូនប្រុស»។
ជាការកត់សម្គាល់ បន្ទាប់ពីបានប្រកាសជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកពីការចែកផ្លូវគ្នាជាមួយអតីតស្វាមីលោក សាពូន មីដាដា នោះមក អ្នកនាង សឿ សុធារ៉ា តែងតែបង្ហោះសារប្លែកនៅលើគណនេយ្យហ្វេសប៊ុករបស់នាង។ ចំពោះការបែកបាក់នេះ រហូតមកដល់បច្ចុប្បន្នទាំងអ្នកនាង សឿ សុធារ៉ា និងលោក សាពូន មីដាដា នៅមិនទាន់ចេញមកបកស្រាយពីមូលហេតុដែលនាំអោយអ្នកទាំងពីរឈានដល់ការចែកផ្លូវគ្នានេះឡើយ។
តែយ៉ាងណា កន្លងមក អ្នកនាង សឿ សុធារ៉ា ធ្លាប់បានបញ្ជាក់ប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចយ៉ាងខ្លីថា «អ្វីដែលនាងបានបង្ហោះបែកបាក់ស្វាមីនោះ គឺជាការពិត តែអ្នកនាងសុំមិនអធិប្បាយជុំវិញរឿងរ៉ាវដែលនាំអោយនាង និងអតីតស្វាមី ចែកផ្លូវគ្នានោះឡើយ»៕












ចែករំលែកព័តមាននេះ